ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ទាំង​អាជីព រូប​សម្រស់​ក៏​មិន​ចាញ់​តារា​! កីឡា​ការី​នី​ប៊ី​យ៉ា​វ័យក្មេង​ចិន កំពុង​ឆក់​យក​បេះដូង​អ្នកគាំទ្រ

17 ម៉ោង មុន

ប្រទេស​ចិន ៖ កញ្ញា វ៉ាង ស៊ី​នួ (Wang Sinuo) បាន​និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន តាម​រយៈ​រូប​សម្រស់​ដ៏​ស្រស់​សោភា និង​ម៉ឺងម៉ាត់​របស់​នាង​។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ សមិទ្ធផល​របស់​នាង​ក្នុង​ឆ្នាំ ២០២៦ បាន​បង្ហាញ​ថា កីឡាការិនី​ប៊ី​យ៉ា (Billiards) ជនជាតិ​ចិន​វ័យ​ត្រឹម​១៩​ឆ្នាំ​រូប​នេះ មិនមែន​ល្បី​ត្រឹមតែ​រូប​សម្រស់​ប៉ុណ្ណោះ​ទេ តែ​សមត្ថភាព និង​ស្នាដៃ​ពិតប្រាកដ​នៃ​អាជីព​របស់​នាង ក៏​មិន​ត្រូវ​បាន​មើល​រំលង​ផង​ដែរ​។

កីឡាការិនី វ៉ាង ស៊ី​នួ បច្ចុប្បន្ន​គឺជា​មុខមាត់​ថ្មី ដែល​មក​ជាមួយ​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់​វិស័យ​កីឡា​ប៊ី​យ៉ា​ចិន​។ កើត​ក្នុង​ឆ្នាំ ២០០៧ នៅ​ទីក្រុង​ហ៊ូ​លូ​ដាវ (Huludao) ខេត្ត​លាវ​នី​ង (Liaoning) ស៊ី​នួ មាន​កម្ពស់​ប្រហែល ១,៧៧ ម៉ែត្រ ទម្រង់​មុខស្រស់​ស្អាត​មាន​មន្ត​ស្នេហ៍ រំលេច​ជាមួយ​ស្ទីល​បែប​យុវវ័យ ដែល​បាន​ទាក់ទាញ​អ្នក​តាមដាន​យ៉ាងច្រើន​លើ​បណ្តាញ​សង្គម​ចិន រហូត​ដល់​ថ្នាក់​អ្នកគាំទ្រ​ចិន​ប្រៀបធៀប​នាង​ជាមួយ​តារា​សម្តែង​ស្រី​ល្បី​ចិន Dilraba Dilmurat ទៀត​ផង​។ បើ​ទោះជា​ភាគច្រើន​កំពុង​ចាប់អារម្មណ៍​លើ​រូប​សម្រស់​នាង​ក៏​ពិតមែន ប៉ុន្តែ​កីឡាការិនី​វ័យក្មេង​រូប​នេះ កំពុង​តែ​បង្កើត​ស្នាដៃ​ផ្ទាល់ខ្លួន​បណ្តើរ​ៗ​តាម​រយៈ​សមិទ្ធផល​អាជីព ដែល​មិនមែន​ពឹងផ្អែក​តែ​លើ​រូបភាព​ខាងក្រៅ​របស់​នាង​នោះ​ទេ​។

ស៊ី​នួ បាន​ស្គាល់ និង​ស៊ាំ​ជាមួយ​ប៊ី​យ៉ា​តាំងពី​តូច ដោយសារ​ជីតា​ខាង​ម្តាយ​ធ្លាប់​បើក​ក្លិប​ប៊ី​យ៉ា​។ នាង​បាន​ចាប់ផ្តើម​ហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​នៅ​អាយុ​៩​ឆ្នាំ​។ ស៊ី​នួ ចាប់ផ្តើម​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ China Open ឆ្នាំ​២០២៤ ដោយ​បាន​ប្រកួត​ជាមួយ​កីឡាការិនី​ឆ្នើម Zhang Muyan និង Fu Xiaofang មក​ពី​ក្រុម​ប៊ី​យ៉ា​ជម្រើស​ជាតិចិន ហើយ​បាន​ចាញ់​អ្នក​ទាំង​ពីរ​ក្នុង​លទ្ធផល​យ៉ាង​ប្រកៀក​ប្រកិត ៨-៩​។

ពីរ​ឆ្នាំ​ក្រោយមក ស៊ី​នួ បាន​បង្ហាញ​ការ​រីក​ចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​។ តួយ៉ាង ការ​ប្រកួត​ពានរង្វាន់ Huacai World Open កាលពី​ខែមិថុនា​កន្លង​ទៅ នាង​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដោយ​បាន​យកឈ្នះ​កីឡាករ​ឆ្នើម​អង់គ្លេស Gareth Potts លទ្ធផល ១៧-៧ ដើម្បី​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ ប៉ុន្តែ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​នេះ​។ ទោះ​យ៉ាងណា ការ​ឈាន​ដល់​វគ្គ​នេះ នៅ​តែ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ព្រោះ​នាង​បាន​ឆ្លងកាត់​ការ​ប្រកួតប្រជែង​ជាមួយ​អ្នក​អាជីព​ពោរពេញ​ដោយ​បទ​ពិសោធន៍​ជា​ច្រើន​រូប ហើយ​នេះ​ក៏​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ផ្ទុយ​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​នាង​គ្រាន់តែ​ជា​ទំពាំង​ស្នង​ឫស្សី​មាន​ទេព​កោសល្យ​ម្នាក់​តែ​ប៉ុណ្ណោះ​។

ទម្រង់​លេង​ដ៏​ល្អ​នេះ​បាន​បន្ត​ដល់​ការ​ប្រកួត​ព្រឹត្តិការណ៍​ប៊ី​យ៉ា ៨ គ្រាប់​ផ្នែក​នារី​ចិន Chinese Women’s 8-ball Ranking Tournament កាលពី​ខែកក្កដា​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ ស៊ី​នួ ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ថែម​ទាំង​នាំមុខ​កីឡាការិនី​ឆ្នើម ជិន ស៊ា​វ​យូ (Chen Xiaoyu) លទ្ធផល ១៣-៧ ទៀត​ផង មុន​ពេល​គូប្រកួត​នាង​វាយបក​យកឈ្នះ​វិញ​លទ្ធផល ១៧-១៥​។ ទោះ​ខកខាន​ឈ្នះ​ជើងឯក តែ​ចំណាត់ថ្នាក់​រងជើង​ឯក នៅ​តែ​ជា​សមិទ្ធផល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​នាង​ក្នុងឆ្នាំនេះ​។ អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ នាង​កំពុង​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​រក្សា​ទម្រង់​លេង​ល្អ និង​ថេរ​នៅ​វគ្គ​បន្តបន្ទាប់​។ អ្នកគាំទ្រ​ជឿ​ថា ស្ថិត​ក្នុង​វ័យ​ត្រឹម​១៩​ឆ្នាំ ស៊ី​នួ នៅ​តែ​មាន​ពេលវេលា​ច្រើន​ដើម្បី​អភិវឌ្ឍ​អាជីព​។

នៅ​ចុងខែ​សីហា​នេះ ស៊ី​នួ នឹង​ចូលរួម​ព្រឹត្តិការណ៍ Phuc Thinh Super Cup ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ប៉ុន្តែ​មិនមែន​អ្នក​ប្រកួតប្រជែង​ឡើយ មូលហេតុ​ដោយសារ​តែ​ការ​ប្រកួត​នេះ ជា​ប្រភេទ​ប៊ី​យ៉ា​កា​រ៉ុ​ម ៣ បាំង ដែល​ខុស​ពី​ជំនាញ​នាង​។ ដូច្នេះ​នាង​អាច​នឹង​ចូលរួម​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​៕ ប្រភព ៖ Znews