ទីក្រុងតេអេរ៉ង់៖ អារ៉ាប់រួមសម្រេចចិត្តព្យួរទុកការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ចាប់ពីថ្ងៃនេះតទៅបន្ទាប់ពីប្រទេសនេះរងការវាយប្រហារយ៉ាងដំណំពីសំណាក់គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។ ចំណាត់ការនេះអាចនឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែរស់នៅឯកោពីសហគមន៍អន្តរជាតិ ខណៈដែលអ៊ីរ៉ង់កំពុងទទួលរងសម្ពាធកាន់តែខ្លាំងដោយសារទណ្ឌកម្មសេដ្ឋកិច្ច និងការបិទខ្ទប់ដែនសមុទ្រ។ ក្រោយការបាញ់មីស៊ីលនោះ អារ៉ាប់រួមចេញសេចក្ដីប្រកាសអាសន្នទូទាំងប្រទេសដើម្បីឱ្យប្រជាជនប្រញាប់ស្វះស្វែងរកកន្លែងលាក់ខ្លួន។ កាលពីពេលដែលសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងដំបូងៗ ប្រទេសអារ៉ាប់រួមតែងតែទទួលរងការបាញ់ប្រហារយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសអ៊ីរ៉ង់។

ចំណែកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ដែលធ្លាប់ជាដៃគូដ៏សំខាន់ជាមួយគ្នានោះបែរជាឈានដល់ដំណាក់កាលទ្រឹងមួយកន្លែង។ កាលពីចុងខែមិថុនានៅពេលដែលអរិភាពនេះធូរស្រាលជាងមុន ប្រទេសទាំង២ចាប់ផ្ដើមបោះដៃរកគ្នាដើម្បីធ្វើពាណិជ្ជកម្មឡើងវិញ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA។ ក្រៅពីការធ្វើពាណិជ្ជកម្មទំនិញដែលផលិតក្នុងស្រុករវាងប្រទេសទាំង២ អារ៉ាប់រួមក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតសម្រាប់អ៊ីរ៉ង់ ហើយជួយឱ្យអ៊ីរ៉ង់បានស្រាលខ្លួនខ្លះៗពីសម្ពាធនៃទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើយោងតាមប្រសាសន៍របស់លោកមហាម៉ាត់ ហ្វាហ្សានេហ្កាន (Mohammad Farzanegan) ជាគ្រូបង្រៀនសេដ្ឋកិច្ចនៅសាកលវិទ្យាល័យម៉ាបឺក (Marburg) ប្រទេសអាល្លឺម៉ង់។

លោកថ្លែងបន្តទៀតថាដោយសារមូលហេតុដូចរៀបរាប់ខាងលើនេះ អ៊ីរ៉ង់ពឹងផ្អែកយ៉ាងខ្លាំងទៅលើអារ៉ាប់រួម។ ការពឹងផ្អែកនេះមិនមែនដោយសារអារ៉ាប់រួមផលិតទំនិញ១/៣សម្រាប់នាំចូលទៅអ៊ីរ៉ង់នោះទេ ប៉ុន្តែដោយសារអារ៉ាប់រួមដើរតួនាទីជាច្រកផ្លូវសំខាន់ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់ប្រើប្រាស់ទំនិញរបស់ប្រទេសទីបី។ ក្រោយការប្រកាសថាមីស៊ីលផ្លោង២គ្រាប់បាញ់សំដៅទៅរកអារ៉ាប់រួម ក្រសួងការបរទេសប្រទេសនេះថ្លែងថាខ្លួនសម្រេចចិត្តចាត់វិធានការវាយបកវិញទៅលើអ៊ីរ៉ង់។ ក្រសួងអះអាងថារដ្ឋាភិបាលរបស់ខ្លួននៅតែគាំទ្រការសន្ទនាគ្នា កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់ជានិច្ច។

ក្រសួងថ្លែងបន្តទៀតថារដ្ឋាភិបាលរបស់ខ្លួននឹងផ្អាកសកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់រហូតដល់មានការជូនដំណឹងជាថ្មី។ យោងតាមក្រសួងការពារជាតិអារ៉ាប់រួម ការពិនិត្យទៅលើសភាពការណ៍ជាក់ស្ដែងរកឃើញថាមីស៊ីលទាំង២គ្រាប់នោះត្រូវគេបញ្ជូនទៅវាយប្រហារគោលដៅនៅលើលំហសមុទ្រ។ គេមិនទាន់ដឹងឱ្យប្រាកដថាតើមីស៊ីលទាំងនោះហោះទៅវាយប្រហារកប៉ាល់របស់អារ៉ាប់រួម ឬក៏វាយប្រហារដែនសមុទ្ររបស់ប្រទេសដទៃទៀតនោះទេព្រោះមីស៊ីលនេះគ្រាន់តែហោះពាក់កណ្ដាលផ្លូវក៏ត្រូវបានប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់តែម្ដង។

អ្នកនាំពាក្យអ៊ីរ៉ង់បញ្ជាក់ថាប្រទេសរបស់លោកមិនបានបាញ់មីស៊ីលដាក់ប្រទេសអារ៉ាប់រួមទេ។ ដោយហេតុថាអ៊ីរ៉ង់ព្យាយាមគ្រប់គ្រងច្រកសមុទ្រហ័រម៉ូសឱ្យបានពេញទំហឹង ដូច្នេះប្រទេសនេះតែងតែវាយប្រហារកប៉ាល់ដែលចង់បើកកាត់ច្រកសមុទ្រនេះ។ ក្នុងនោះ អ៊ីរ៉ង់វាយប្រហារកប៉ាល់ដឹកប្រេងបួនគ្រឿងរបស់ប្រទេសអារ៉ាប់រួមកាលពីពីរសប្ដាហ៍កន្លងទៅនេះ។ គ្មាននរណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារនោះទេ ប៉ុន្តែប្រទេសអារ៉ាប់រួម និងប្រទេសនៅក្នុងតំបន់ដូចជាគូវែត និងបារ៉េនប្រកាសថ្កោលទោសអ៊ីរ៉ង់ជាទម្ងន់៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ