ខេត្តមណ្ឌលគិរី ៖ កងកម្លាំងមន្ត្រីជំនាញ នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដឹកនាំដោយលោក រី ថៃសាន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះប្រតិបត្តិការល្បាតការពារព្រៃឈើ និងសត្វព្រៃ រហូតឈានដល់ការបង្ក្រាបករណីដឹកជញ្ជូនសាច់សត្វព្រៃ (ជ្រូកព្រៃ) ខុសច្បាប់មួយករណីកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទួលអូរព្រះ ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ។
នៅក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានប្រទះឃើញជនសង្ស័យចំនួន ០១នាក់ កំពុងឈប់ម៉ូតូនៅកណ្តាលផ្លូវ ដោយមានការសង្ស័យ ក្រុមការងារបានចូលទៅសាកសួរ និងពិនិត្យមើលជុំវិញទីតាំងកើតហេតុ ក៏បានរកឃើញបាវពណ៌ស ប្រឡាក់ឈាមមួយ ដែនមានផ្ទុកសាច់ជ្រូកព្រៃ (ងាប់) ចំនួន ០១ក្បាល ទម្ងន់ ៣២ គីឡូក្រាម ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សេង ប៉េង អាយុ ៣៧ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ។
វត្ថុតាងដែលដកហូតបាន រួមមាន៖
-ម៉ូតូ ០១ គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1G-2414 ត្រូវបាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីស្នាក់ការកណ្តាលរយ៉លើ ដើម្បីបន្តនីតិវិធី ។
-សាច់សត្វព្រៃ ៖ សាច់ជ្រូកព្រៃទម្ងន់ ៣២គីឡូក្រាម ត្រូវបានក្រុមការងារជំនាញធ្វើការដុតបំផ្លាញចោលភ្លាមៗទៅតាមបច្ចេកទេស និងបទដ្ឋានច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងម៉ូតូ ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលរយ៉លើ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ៕





ចែករំលែកព័តមាននេះ