បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនវៀតណាម១១នាក់ និងសម្ភារៈបទល្មើសក្នុងក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២០ សីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង ជាលទ្ធផលនៃការចុះអនុវត្តវិធានការរដ្ឋបាល និងបង្ក្រាបជាក់ស្តែង សមត្ថកិច្ចបានរកឃើញជនសង្ស័យសរុបចំនួន១១នាក់ (ស្រី ៣នាក់) ជាជនជាតិវៀតណាម និងបានដកហូតសម្ភារវត្ថុតាងមួយចំនួន ។

ប្រភពបន្តថា ទីតាំងទី១-(សង្ស័យOnline Scams) ដោយរកឃើញជនជាតិវៀតណាមចំនួន៧នាក់ (ប្រុសទាំងអស់) និងដកហូតវត្ថុតាងរួមមាន លិខិតឆ្លងដែន៣ក្បាល, កុំព្យូទ័រ All-in-One ចំនួន១៨គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន១៣គ្រឿង, ទូរសព្ទដៃចម្រុះ ២៥គ្រឿង ព្រមទាំងសម្ភារបម្រើឱ្យការងារមួយចំនួនទៀត។ទីតាំងទី២-(សង្ស័យ Online Scams)៖ រកឃើញជនជាតិវៀតណាមចំនួន៤នាក់(ស្រី២នាក់) និងលិខិតឆ្លងដែនចំនួន២ក្បាល ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ទាប់មក បានធ្វើរដ្ឋបាលចំហចំនួន៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ គឺទីតាំងទី៣ និងទី៤-(រដ្ឋបាលចំហ) ជាប្រភេទផ្ទះល្វែងពុំស្គាល់អត្តសញ្ញាណម្ចាស់ និងគ្មានជនបរទេសស្នាក់នៅនោះទេ ព្រមទាំងមិនមានការដកហូតសម្ភារអ្វីឡើយ ។ ទីតាំងទី៥ (រដ្ឋបាលចំហ)៖ ពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន៤នាក់ (២សញ្ជាតិ) រួមមាន ជនជាតិចិន ៣នាក់ (ប្រុស) និងជនជាតិវៀតណាម ១នាក់ (ស្រី)។

បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ រួមនិងសម្ភារវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបញ្ជូន និងប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែក ទីតាំងសង្ស័យទាំង២ខាងលើ ត្រូវបានក្រុមការងារសម្រេចបិទជាបណ្តោះអាសន្ន ៕





ចែករំលែកព័តមាននេះ