សង្គ្រាមអ៉ីរ៉ង់ ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ សីហា បានជម្រុញបណ្ដាសម្ព័ន្ធមិត្តនិងចិន ឲ្យរួមដៃជាមួយខ្លួនក្នុងប្រតិបត្តិការដ៏ធំ គាបសង្កត់សេដ្ឋកិច្ចប្រឆាំងអ៉ីរ៉ង់ ក្នុងបំណងផ្ដួលរំលំរបបក្រុងតេហេរ៉ង់ ដោយមិនធ្វើប្រតិបត្តិការយោធាឡើងវិញ។

ក្រសួងការបរទេសអ៉ីរ៉ង់បានតបតវិញភ្លាមៗ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា ជាអ្នកប្រព្រឹត្តភេរវកម្មសេដ្ឋកិច្ច។ តាមបណ្ដាញសង្គមX រដ្ឋមន្ត្រីរតនាគារអាមេរិក លោកSCOTT BESSENT បានគំរាមថា គ្រប់ប្រទេសដែលនៅរក្សាទំនាក់ទំនងជាមួយអ៉ីរ៉ង់ នឹងនាំសេដ្ឋកិច្ចរបស់ខ្លួនទៅរកការលំបាក ទោះបីទំនាក់ទំនងនោះរក្សាទុកដោយចេតនា ឬធ្វើមិនដឹងមិនឮក្ដី ។
ដោយមិនផ្ដល់ភាពលម្អិតណាមួយ ពីវិធានការទាំងនេះ ដែលកំពុងសិក្សា លោកSCOTT BESSENT ធ្លាប់បានព្រមានរួចហើយមុននេះបន្តិចថា បណ្ដាប្រទេសដែលមិនគាំទ្រការវាយលុកនេះ នឹងចាត់ទុកថា ជាការប្រឆាំងយើង។ នាថ្ងៃទី២៤ សីហា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយស្ដីពីវិធី ដែលសហរដ្ឋអាមេរិកបង្កើនថែមទៀតការគាបសង្កត់ ។
ក្រុងវ៉ាស៊ីនតោនដែលដាក់ការហ៊ុមព័ទរួចហើយបណ្ដាកំពង់ផែអ៉ីរ៉ង់ និងដាក់ទណ្ឌកម្មជាច្រើនលើអ៉ីរ៉ង់ប្រកាស នាថ្ងៃទី២០សីហា ពីវិធានការថ្មីៗប្រឆាំងបណ្ដាញផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមហេសប៊ុលឡាហ៍លីបង់ ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ សង្គ្រាមនៅមជ្ឈឹមបូព៌ាពេលនេះកំពុងស្ថិតក្នុងភាពទ័លច្រកទាំងស្រុង។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំអះអាងនាថ្ងៃទី១៨ សីហា ថា លែងមានការចរចាណាមួយជាមួយអ៉ីរ៉ង់ទៀតហើយសម្រាប់ពេលនេះ ។ ចំណែកក្រុងតេហេរ៉ង់វិញអះអាងថា ការបិទខ្ទប់ច្រកសមុទ្រហ័រមូសនៅតែដដែល ៕

ចែករំលែកព័តមាននេះ