រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលកោតសរសើរថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រគ្មានពេលសម្រាកទាំងយប់-ថ្ងៃ ដើម្បីការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព(អគារថ្មីនៃព្រឹទ្ធសភា) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ បានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» ហើយជាបន្តបន្ទាប់មកទៀតចាប់ពី«យុទ្ធសាស្ត្រត្រីកោណ» រហូតដល់«យុទ្ធសាស្ត្រចតុកោណ» និងគោលនយោបាយ កែទម្រង់មុតស្រួច និងស៊ីជម្រៅ លើគ្រប់វិស័យ, សេដ្ឋកិច្ចសង្គម ធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ក៏ដូចជា បានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា សម្តេចតេជោ នៅក្នុងគ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅ សម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយវីរយុទ្ធជនជាតិនៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា «សម្តេចតេជោ ថែមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាក ទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិ» ។
ជាមួយគ្នានោះដែរព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖ «វិមាននេះក៏ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។ យើងអាចសន្និដ្ឋានបានថា «វិមានសាមគ្គីភាព» នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយបន្ថែមសោភ័ណភាព និងភាពចម្រុះអមដោយសំណង់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមន ដែលជាកេរដំណែលមរតកនៃស្ថាបត្យកម្ម និងជាស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្ម និងបំពេញព្រះរាជកិច្ចនៅទីនេះ»។

ព្រះមហាក្សត្រ ព្រះអង្គមានហឫទ័យប្រកបដោយបីតិសោមនស្សក្រៃលែង ដែលបានចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» ដ៏ល្អវិចិត្រ ដែលជាសមិទ្ធផលក្នុង ឆ្នាំ២០២៦ ថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង ។ សំណង់អគារថ្មីនៃព្រឹទ្ធសភា ដែលត្រូវបានកសាងឡើងក្រោមការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានប្រសិទ្ធនាមថា «វិមានសាមគ្គីភាព» បង្ហាញឱ្យឃើញពីគុណតម្លៃ និងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរ ដែលយល់យ៉ាងច្បាស់ថា ការបង្រួបបង្រួមជាតិ និងសាមគ្គីភាពជាតិ គឺជាសសរទ្រូងដ៏រឹងមាំនៃ សន្តិភាព ស្ថិរភាព និងភាពរីក៏ចម្រើនដ៏យូរអង្វែងរបស់កម្ពុជា ។

ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលនាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតអំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតមកជូនសម្តេច ព្រះអង្គម្ចាស់ លោក លោកស្រី បងប្អូនជនរួមជាតិ និងប្រិយមិត្តបរទេសទាំងអស់ ដែលមានព្រះវត្តមាន និងវត្តមាននៅទីនេះ៕
ចែករំលែកព័តមាននេះ