ប្រទេសអ៊ូហ្កង់ដា ៖ យោងតាមគេហទំព័រ African Folder កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងកិច្ចការរដ្ឋបាលមូលដ្ឋាននៃប្រទេសអ៊ូហ្កង់ដា បានបញ្ជាឱ្យចាប់ខ្លួនមន្ត្រីថ្នាក់ស្រុកមួយចំនួន ជុំវិញការចោទប្រកាន់ពីបទពុករលួយកិបកេងថវិកាជាតិ។
តាមគេហទំព័រព័ត៌មានដែលមានមូលដ្ឋាននៅក្នុងប្រទេសនីហ្សេរីយ៉ាខាងលើបានឱ្យដឹងថា លោកស្រី Justine Nameere រដ្ឋមន្ត្រីក្រសួងកិច្ចការរដ្ឋបាលមូលដ្ឋានអ៊ូហ្កង់ដា បានបញ្ជាឱ្យចាប់ខ្លួនមន្ត្រីមួយចំនួនក្នុងស្រុកប៊ូដាកា (Budaka) ជុំវិញការចោទប្រកាន់ពីបទកិបកេងថវិកាជាតិសម្រាប់ស្ថាបនាផ្លូវ ហើយអ្វីដែលធ្វើរដ្ឋមន្ត្រីស្ត្រីរូបនេះហួសចិត្តបំផុតនោះគឺ ការសាងសង់ស្ពានលូតូចតម្លៃរហូតដល់ ៣៥ ម៉ឺនដុល្លារអាមេរិក ដែលមានគុណភាពអន់ខ្លាំងបំផុត។
រដ្ឋមន្ត្រីរូបនេះ បានរកឃើញភាពមិនប្រក្រតីទាំងនេះ នៅពេលលោកស្រីចុះត្រួតពិនិត្យផ្លូវថ្នល់នៅក្នុងស្រុកភាគខាងកើតប្រទេសអ៊ូហ្គង់ដាមួយនេះ ដោយផ្លូវជាច្រើនធ្វើឡើងគុណភាពអន់ខ្លាំង បើទោះបីជាទទួលបានកញ្ចប់ថវិកាឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់ពីរដ្ឋយ៉ាងណាក៏ដោយ។ វីដេអូមួយបានបង្ហាញពីសកម្មភាពរបស់លោកស្រីខណៈពេលកំពុងពិនិត្យមើលសំណង់ស្ពានលូទឹកដ៏តូច ដែលត្រូវបានរាយការណ៍ថា ចំណាយប្រាក់សាងសង់អស់ប្រហែល ៣៥ ម៉ឺនដុល្លារអាមេរិក ប៉ុន្តែមានផ្លូវបង្ហូរទឹកដ៏តូចចង្អៀត មកជាមួយគុណភាពអន់បំផុត។ ក្រៅពីនេះ លោកស្រីក៏កំពុងបើកការស៊ើបអង្កេតលើរបាយការណ៍ដែលថា ថវិកាជាតិជាង ៦ ពាន់ដុល្លារអាមេរិក ត្រូវបានចំណាយលើការទិញភេសជ្ជៈ និងអាហារសម្រន់តិចតួច អំឡុងពេលការចុះត្រួតពិនិត្យផ្លូវ១ឆ្នាំម្តង។
ព័ត៌មានជុំវិញកិច្ចការប្រឆាំងនឹងអំពើពុករលួយខាងលើនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកនិយមលេងបណ្តាញសង្គមពិភពលោក ជាពិសេសប្រជាជនអ៊ូហ្កង់ដាផ្ទាល់តែម្តង។ ដ្បិតលោកស្រី Justine Nameere ដែលជាមេធាវី និងពិធីការិនីទូរទស្សន៍ដ៏ល្បីរបស់អ៊ូហ្កង់ដា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន កាលពីខែឧសភា ឆ្នាំ២០២៦ ត្រូវបានគេស្គាល់ថាមានភាពសកម្មខ្លាំងក្នុងការចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅតាមមូលដ្ឋាន៕



ចែករំលែកព័តមាននេះ