ខេត្តស្ទឹងត្រែង ៖ ខ្សែច្រវាក់កែច្នៃ និងផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទីផ្សារអឺរ៉ុប ខណៈប្រតិភូនាំចូល និងអ្នកបញ្ជាទិញមកពីប្រទេសចំនួន ៧ នៅសហគមន៍អឺរ៉ុប បានចុះធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនុកចិត្តលើគុណភាពផលិតផល និងបង្កើនបរិមាណបញ្ជាទិញ (Orders) ដោយផ្ទាល់ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ប្រតិភូពាណិជ្ជកម្មអឺរ៉ុបទាំង ៧ ប្រទេសនោះ រួមមាន ៖ អាល្លឺម៉ង់ អូទ្រីស បារាំង លុចសំបួរ ស្វីស ឆែក និងបែលហ្សិក ។
យោងតាមការបញ្ជាក់ពីលោកស្រី មុត ចរិយា នាយិកាក្រុមហ៊ុន កសិឧស្សាហកម្ម ឃែស៊ូណាត់ (Stung Treng Cashew IIndustry ) បច្ចុប្បន្ន សហគ្រាសបានបំពាក់ប្រព័ន្ធយន្តការស្វ័យប្រវត្តិ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់ ១០តោន ក្នុងមួយថ្ងៃ។ ផលិតផលសម្រេចរបស់សហគ្រាសកំពុងត្រូវបាននាំចេញទៅកាន់ទីផ្សារធំៗ រួមមាន អង់គ្លេស ជប៉ុន អាល្លឺម៉ង់ អ៊ីស្រាអែល ព្រមទាំងការផ្គត់ផ្គង់នៅក្នុងស្រុកផងដែរ ។
ទន្ទឹមនោះ លោកស្រី ក៏បានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ច និងសង្វាក់តម្លៃ (Value Chain) ការលូតលាស់នៃឧស្សាហកម្មកែច្នៃនៅស្ទឹងត្រែង កំពុងបង្កើតផលវិជ្ជមានយ៉ាងច្រើនដល់សេដ្ឋកិច្ចមូលដ្ឋាន ៖ ទីផ្សារ និងតម្លៃបន្ថែមសម្រាប់កសិករ សហគ្រាសបានប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងស្រុក ក្នុងតម្លៃខ្ពស់ជាងទីផ្សារទូទៅ តាមរយៈការអនុវត្តផលិតកម្មតាមកិច្ចសន្យា (Contract Farming) ដែលជួយធានាស្ថិរភាពប្រាក់ចំណូល និងលើកទឹកចិត្តឱ្យកសិករពង្រីកការដាំដុះ ។
រោងចក្រកែច្នៃនេះបាន និងកំពុងផ្តល់ឱកាសការងារផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ជិត ១០០នាក់ ដែលចូលរួមចំណែកកាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅជនបទផងដែរ ។
ការចុះពិនិត្យខ្សែច្រវាក់ផលិតកម្មផ្ទាល់ពីសំណាក់តំណាងទីផ្សារអឺរ៉ុបនាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការរុញច្រាន គ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យដើរផុតពីការនាំចេញធាតុដើមឆៅ ទៅជាការនាំចេញផលិតផលសម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ (High Value-Added Products) នៅលើឆាកអន្តរជាតិ ៕










ចែករំលែកព័តមាននេះ