ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានអញ្ជើញទៅដល់ប្រទេសកូរ៉េខាងត្បូងនៅល្ងាចនេះដើម្បីពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាននានា។ ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង។ លោកត្រាំចង់សង្កត់ធ្ងន់ថាសមយុទ្ធយោធានេះទីមួយចំណាយថវិកាជាតិច្រើនសន្ធឹកសន្ធាប់ និងទីពីរសមយុទ្ធនេះជាសញ្ញានៃការបង្កទំនាស់ (ជាមួយកូរ៉េខាងជើង) ខណៈដែលរូបលោកផ្ទាល់ចង់កែសម្រួលទំនាក់ទំនងការទូតជាមួយលោកគីមជុងអ៊ុន។ នៅពេលទៅដល់កូរ៉េខាងត្បូងភ្លាម លោកវ៉ាងយី ក៏ចាប់ផ្ដើមពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោកឆូយុនស៊ូន (Cho Hyun Soon)។ ប្រមុខការទូតកូរ៉េខាងត្បូងបានឡើងថ្លែងនៅចំពោះមុខសភាកាលពីព្រឹកមិញថាលោកទាំង២ត្រៀមពិភាក្សាគ្នាអំពីបញ្ហាឧបទ្វីបកូរ៉េ។ ក្នុងនោះក៏និយាយអំពីស្ថានការណ៍វិវត្តថ្មីៗជុំវិញការធ្វើសមយុទ្ធយោធាផងដែរ។

លោកត្រាំទើបតែនិយាយកាលពីពេលថ្មីៗនេះថាលោកបានបញ្ជាឱ្យកែសម្រួលការធ្វើសមយុទ្ធយោធាព្រោះលោកមានទំនាក់ទំនងល្អជាមួយលោកគីមជុងអ៊ុន។ ការថ្លែងដូច្នេះអាចជាប្រផ្នូលល្អមួយដែលថាមេដឹកនាំទាំង២អាចនឹងវិលមកជួបគ្នាវិញសាជាថ្មី។ ក្នុងនាមជាសម្ព័ន្ធមិត្តជាផ្លូវការតែមួយគត់របស់កូរ៉េខាងជើងដោយមានចុះសន្ធិសញ្ញាជាមួយគ្នាផងដែរនោះ ប្រទេសចិនមិនទាន់ធ្វើអត្ថាធិប្បាយដោយផ្ទាល់ចំពោះការលើកឡើងរបស់លោកដូណាល់ត្រាំនោះទេ។ ប៉ុន្តែនៅពេលអញ្ជើញទៅដល់កូរ៉េខាងត្បូង លោកវ៉ាងយីថ្លែងថាអាមេរិកគួរណាស់កែសម្រួលគោលនយោបាយរបស់ខ្លួនដែលលោកយល់ថាមានចរិតយកគ្នាធ្វើជាសត្រូវចំពោះទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយុនហាប់។

កាលពីព្រឹកមិញ អ្នកសារព័ត៌មានបានសាកសួរអ្នកនាំពាក្យចិនលោកលីនចៀនថា «តើចិនមានអត្ថាធិប្បាយបែបណាចំពោះចំណាត់ការរបស់លោកត្រាំដែលកាត់បន្ថយទំហំនៃសមយុទ្ធយោធា?» លោកលីនចៀនឆ្លើយតបថា «ការរក្សាបានសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងការលើកកម្ពស់ការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េតាមផ្លូវនយោបាយគឺជាបំណងប្រាថ្នាចង់បានពីគ្រប់ភាគីទាំងអស់»។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកវ៉ាងយី នឹងជួបប្រធានាធិបតីកូរ៉េខាងត្បូង លោនលីជេម្យុង។ លោកក៏នឹងចូលរួមពិភាក្សា និងចូលរួមពិធីលៀងសាយភោជន៍ជាមួយទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោកវីស៊ុងឡាក់ (Wi Sung-lac)។ នេះបើយោងតាមការប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ លោកឆូយុនស៊ូនជម្រាបជូនសភាថាក្រសួងការបរទេសកំពុងខិតខំរៀបចំគម្រោងជួបគ្នាកម្រិតកំពូលរវាងលោកស៊ីជីនពីង និងលោកលីជេម្យុងនៅពេលលោកទាំង២ចូលរួមកិច្ចប្រជុំអង្គការអេប៉ិចនៅទីក្រុងស៊ឹនចិន (Shenzhen) នាចុងឆ្នាំនេះ។

លោកលីជេម្យុងស្នើឱ្យមានការជជែកគ្នាជាពហុភាគីដើម្បីដោះស្រាយបញ្ហាសង្គ្រាមកូរ៉េដើម្បីឱ្យមានសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ លោកវ៉ាងយីថ្លែងថាចិនជាប្រទេសជិតខាងដ៏សំខាន់បំផុតរបស់កូរ៉េខាងត្បូង។ ប្រទេសចិននឹងខិតខំប្រឹងប្រែងធ្វើនូវអ្វីដែលខ្លួនយល់ថាគួរតែធ្វើ។ យើងក៏សង្ឃឹមផងដែរថាកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាចនឹងខិតខំរកឱកាសចរចាគ្នាដើម្បីឱ្យមានសន្តិភាព និងការរួមរស់ជាសន្តិសហវិជ្ជមាន។ យើងប៉ងប្រាថ្នាដោយសុទ្ធចិត្តចង់ឃើញស្ថិរភាព និងការអភិវឌ្ឍដ៏យូរអង្វែងនៅឧបទ្វីបកូរ៉េ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយុនហាប់។ លោកឆូយុនស៊ូនថ្លែងថាលោកប្រាថ្នាចង់ឃើញការទទួលបានសមិទ្ធផលពីការស្ដារទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយចិននឹងចូលរួមចំណែកក្នុងការធ្វើឱ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ រួមទាំងឧបទ្វីបកូរ៉េផងដែរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ