ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រៀម​ស៊ើប​អង្កេត​ខុទ្ទ​កាល័យ​​​លោក​ហ្សេឡិនស្គី​ដើម្បី​ចាត់​ការ​មន្ត្រីខិ.ល​ខូ.ច

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ប្រទេស​អ៊ុយ​ក្រែន​ប្រកាស​ថា​ខ្លួន​ត្រៀម​ស៊ើប​អង្កេត​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ខុទ្ទ​កាល័យ​របស់​លោក​ហ្សេឡិនស្គី​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ុយ​ក្រែន​ដែល​​ត្រូវ​លោក​ហ្សេឡិន​ដក​តំណែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆាប់​ៗ​នេះ​ទោះ​បី​សង្គ្រាម​បន្ត​កើត​មាន​យ៉ាង​ណា​ក្ដី​។ ស្ថាន​ការណ៍​ប្រែ​ប្រួល​នយោបាយ​នៅ​អ៊ុយ​ក្រែន​ជា​សញ្ញា​មិន​ល្អ​ទេ​សម្រាប់​លោក​ហ្សេ​ឡិនស្គី។ ក្រុម​អ្នក​ស៊ើប​អង្កេត​បន្ត​ប្រតិ​បត្តិ​ការ​បើក​កកាយ​រក​ក្រុម​ទុច្ច​រិត​ដែល​គេ​សង្ស័យ​ថា​​ដឹក​នាំ​ដោយ​អតីត​អ្នក​តំណាង​រាស្ត្រ​ និង​អ្នក​តំណាង​រាស្ត្រ​ដែល​កំពុង​មាន​តំណែង​។ បញ្ហា​នេះ​ក៏​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​ និង​បុគ្គល​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ការិយាល័យ​រដ្ឋ​អាជ្ញា​ប្រឆាំង​អំពើ​ពុក​រលួយ​។

ស្ថាប័ន​ទាំង​២​នេះ​បញ្ជាក់​ថា​ខ្លួន​នឹង​បញ្ចេញ​របាយ​ការណ៍​លម្អិត​ពាក់​ព័ន្ធ​នឹង​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​។ ការ​បញ្ចេញ​អាថ៌​កំបាំង​នេះ​ជា​រឿង​ថ្មី​មួយ​ទៀត​ដែល​រឹត​តែ​ដាក់​​​ទម្ងន់​ទៅ​លើ​អាជីព​នយោ​បាយ​របស់​លោក​ហ្សេឡិនស្គី​ស្រប​ពេល​ដែល​លោក​កំពុង​ជាប់​គាំង​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​លើ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​។ សូម​រំលឹក​ថា​កាល​ពី​ឆ្នាំ​២០២៥ នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​អ៊ុយ​​ក្រែន លោក​អាន​ឌ្រី យេម៉ាក (Andriy Yermak) បាន​សម្រេច​ចិត្ត​លា​លែង​ពី​តំណែង ហើយ​ក្រោយ​មក​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ជន​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​ការ​កេង​កិប​លុយ​កាក់​នៅ​ក្នុង​គម្រោង​សាង​សង់​អគារ​ប្រណីត​។ នោះ​ជា​ស្រមោល​ខ្មៅ​តាម​លង​បន្លាច​លោក​ហ្សេឡិនស្គី​។

នៅ​ឆ្នាំ​ដដែល​នោះ អ៊ុយ​ក្រែន​ក៏​ផ្ទុះ​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោកនៅ​ក្នុង​ក្រុមហ៊ុន​នុយ​ក្លេអ៊ែរ​របស់​រដ្ឋ​ ហើយ​នាំ​ទៅ​ដល់​ការ​ចុះ​ចេញ​ពី​តំណែងនៃ​​រដ្ឋ​មន្ត្រី​យុត្តិ​ធម៌ និង​រដ្ឋ​មន្ត្រី​ថាម​ពល​។ បញ្ហា​ពុក​រលួយ​​​ធ្វើ​ឱ្យ​សហ​ភាព​អឺរ៉ុប​រា​រែក​ចិត្ត​ក្នុង​ការ​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​របស់​ខ្លួន​។ លោក​ហ្សេ​ឡិន​ស្គី​បាន​ទទួល​រង​សម្ពាធ​ជា​បណ្ដើរ​ៗ​តាំង​ពី​មុន​នេះ​ទៅ​ទៀត​។ ពោល​គឺ​លោក​ទទួល​រង​សម្ពាធ​កាល​ពី​ខែ​កក្កដា នៅ​ពេល​​លោក​ដក​តំណែង​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ លោក​មី​ខៃ​ឡូ ហ្វេ​ដូ​រ៉ូស (Mykhailo Fedorov) ដែល​ជា​សហ​ជីវិន​រួម​រស់​ជា​មួយ​គ្នា​យូរ​អង្វែង​ និង​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក។ បំណង​ប្រាថ្នា​របស់​លោក​​ហ្សេឡិន​ស្គី​គឺ​ការ​ផ្សះ​ផ្សា​គ្នា​ឡើង​វិញ​រវាង​អតីត​រដ្ឋ​មន្ត្រី​រូប​នេះ និង​អគ្គ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន​ដែល​ឈ្លោះ​គ្នា​ជា​ចំហ​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ លោក​សម្រេច​ចិត្ត​ដក​តំណែង​អ្នក​ទាំង​២​។

ចំណាត់​ការ​នេះ​នាំ​​ឱ្យ​មាន​ចលនា​តវ៉ា​នៅ​តាម​ដង​វិថី​នានា​ពី​សំណាក់​ក្រុម​​​អ្នក​គាំទ្រ​លោក​ហ្វេដូរ៉ូស​។ សម្រាប់​លោក​ហ្សេឡិនស្គី ​​ត្រឹម​តែ​រយៈ​ពេល​មួយ​ឆ្នាំ​​ លោក​ពើប​ប្រទះ​នឹង​បញ្ហា​ដើរ​ធាក់​ថយ​រហូត​ដល់​ទៅ​២​ករណី​។ ពោល​គឺ​បញ្ហា​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​លូក​ដៃ​ចូល​ក្នុង​អំណាច​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២៥​​។ លោក​ហ្វេ​ដូរ៉ូស​បាន​បង្ហោះ​​វីឌីអូ​នៅ​លើ​យូធូប​កាល​ពី​យប់​មិញ​​ដោយ​អំពាវ​នាវ​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សា​ជា​ថ្មី​។ ការ​អំពាវ​នាវ​នេះ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ចំពោះ​លោក​ហ្សេឡិនស្គី​ដែល​បន្ត​កាន់​អំណាច​ទាំង​មិន​បោះ​ឆ្នោត​ក្រោម​ហេតុ​ផល​ថា​ប្រទេស​ជាតិ​កំពុង​កើត​មាន​សង្គ្រាម​។ លោក​ហ្វេ​ដូរ៉ូស​ថ្លែង​ថា​យើង​ត្រូវ​​តែ​ស្វែង​រក​យន្ត​ការ​ដែល​ស្រប​ច្បាប់​ ប្រកប​ដោយ​សុវត្ថិ​ភាព និង​មាន​ភាព​ប្រាកដ​និយម​ដើម្បី​អនុញ្ញាត​​ឱ្យ​អ៊ុយ​ក្រែន​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឱ្យ​​បានពេញ​លេញ​ឡើង​វិញ​។​

យោង​តាម​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​រូប​នេះ អ៊ុយ​ក្រែន​កំពុង​ប្រឈម​នឹង​វិបត្តិ​ប្រទាក់​ក្រឡា​គ្នា​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​។ លោក​​លើក​ទឡ្ហី​ករណ៍​ថា​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ខិត​ខំ​​ការ​ពារ​ខ្លួន​ និង​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​។ លោក​ក៏​ប្រកាស​ថ្កោល​ទោស​អំពើ​ពុក​រលួយ​នៅ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​បុគ្គល​រូប​ណា​ទេ​។ លោក​ថា​​អំពើ​ពុក​រលួយ​​ធ្វើ​ឱ្យអ៊ុយ​ក្រែន​ចុះ​ខ្សោយ​ថាម​ពល​ក្នុង​ការ​ធ្វើ​សង្គ្រាម​។ ​ខុទ្ទ​កាល័យ​របស់​លោក​ហ្សេឡិនស្គី​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ទៅ​លើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ​។ ប៉ុន្តែ​សំណើ​របស់​លោក​​ហ្វេដូរ៉ូស​ក៏​សម​ហេតុ​ផល​ម៉្យាង​ដែរ​។ កាល​ពី​ពេល​កន្លង​មក​ លោក​ពូទីន​ប្រកែក​មិន​ព្រម​ចូល​តុ​ចរ​ចា​ជា​មួយ​អ៊ុយ​ក្រែន​ទេ​ក្រោម​ហេតុ​ផល​ថា​លោក​ហ្សេ​ឡិន​ស្គី​មិន​មែន​ជា​មេ​ដឹក​នាំ​ស្រប​ច្បាប់​ និង​មិន​មែន​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ឡើយ​ព្រោះ​លោក​បាន​ផុត​អាណត្តិ​តាំង​ពី​ឆ្នាំ​២០២៤​៕ ប្រភព៖ AP