ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នភ្លេចខ្លួន! ជិតដល់ថ្ងៃហើយ អ្នកបើកបរល្មើសច្បាប់

1 ថ្ងៃ មុន

អ្នកបើកបរ​ដែល​ល្មើសច្បាប់​កុំ​ភ្លេច សមត្ថកិច្ច​នឹង​ត្រួតពិនិត្យ ហើយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​ខាង​មុខ ជា​ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​រាជធានី ដែល​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ទាំង​៥ ។

បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បង្ហើប ការ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នឹង​អនុវត្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​៥ ដែល​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ គឺ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ កណ្ដាល កំពង់ស្ពឺ និង​ខេត្តស្វាយរៀង ។ គម្រោង​នេះ​កើត​មាន ក្រោយ​ពេល​ដែល​មានការ​ស្នើរ​សុំ​ពី​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ផ្តល់​ភ្លើង​ខៀវ​ហើយ​ដែរ ។

នៅ​ពេល​ដែល​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​ឡើង​វិញ​នៅ​ខេត្ត​រាជធានី​ទាំង​៥​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​អំពើ​ល្មើស​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ រួម​មាន ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ការ​មិន​គោរព​សញ្ញា​សិទ្ធិ​អាទិភាព និង​ភ្លើងស្តុប ព្រមទាំង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំពីងសំពោង​។

ការ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ផ្អាក​ចាប់តាំងពី​ផ្ទុះ​អរិភាព​ព្រំដែន​ជាមួយនឹង​ថៃ កាលពី​ខែកក្កដា ឆ្នាំ​២០២៥​មក ។ កន្លង​មក​ក្រសួងមហាផ្ទៃ​ក៏​បាន​ប៉ុនប៉ង​បើក​ការ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ចេះ​តែ​ពន្យា​ពេល ដោយសារ​តែ​បញ្ហា​រសេមរសាម​ផ្សេង​ៗ ដោយ​រួម​ទាំង​ការ​រិះគន់​ពី​មហាជន ក៏​បាន​ផ្អាក ឬ​លើក​ពេល​ជា​បន្តបន្ទាប់ ។
ការ​ត្រួតពិនិត្យ​ចរាចរណ៍​មិន​គួរ​លើក​ពេល​ទៀត​ឡើយ ហើយ​ក៏​មិន​គួរ​អនុវត្ត​តែ​នៅ​៥​ខេត្ត​រាជធានី​នេះ​ដែរ គឺ​គួរតែ​ធ្វើ​ឲ្យ​បាន​ពេញ​ផ្ទៃ​ប្រទេស ពីព្រោះ​បទល្មើស​ចរាចរណ៍​ដែល​កំណត់​គោលដៅ​និង​សកម្មភាព​ខាងលើ ឃើញ​មាន​បាតុភាព​នេះ​សឹងតែ​គ្រប់កន្លែង ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ឃើញ​មាន​កើត​មាន​ឡើង​គ្រប់​តែ​កន្លែង​ផង​ដែរ ។

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ១.២៧៩​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លា​.​ប់ ៧៧៣​នាក់ និង​របួសធ្ងន់ ស្រាល​សរុប ១.៩៤៤​នាក់​។ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន បើកបរ​លើស​ល្បឿន​កំណត់​មាន​៤៦​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព​មាន​២២​ភាគរយ មិន​ប្រកាន់​ស្ដាំ​មាន​១២​ភាគរយ ប្រជែង​គ្រោះថ្នាក់​មាន​៧​ភាគរយ បត់​មិន​ប្រយ័ត្ន​មាន​៦​ភាគរយ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​មាន​៤​ភាគរយ មិន​គោរព​សញ្ញា​ចរាចរណ៍​មាន​២​ភាគរយ និង​កត្តា​យានយន្ត​១​ភាគរយ​។

ផ្អែក​តាម​ស្ថានភាព​បែប​នេះ ការ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​គួរតែ​អនុវត្ត​ពេញ​ផ្ទៃ​ប្រទេស ហើយ​មហាជន​ក៏​នឹង​មិន​ប្រតិកម្ម​ឡើយ ប្រសិនបើ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​ច្បាប់​ដោយ​ត្រឹមត្រូវ មាន​នីតិវិធី​ច្បាស់លាស់ ហើយ​មិន​អនុវត្ត​លើស ។ អ្វី​ដែល​រឹតតែ​ថ្នាំងថ្នាក់ ហើយ​មហាជន​កន្លង​មក​តែងតែ​រិះគន់​ខ្លាំង​បំផុត​នោះ គឺ​ប្រើប្រាស់​ច្បាប់​ដើម្បី​ច្នៃ​ចេញ​ជា​ឱកាស​បង្កើត​វិធីសាស្ត្រ​រក​ចំណូល​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង បក្សពួក ។

បញ្ហា​នេះ​ហើយ​ដែល​មហាជន​មាន​កង្វល់ ហើយ​បន្ត​ឃ្លាំមើល​ជា​បន្តបន្ទាប់​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សមត្ថកិច្ច ។ នៅ​ក្នុង​ករណី​ដែល​សមត្ថកិច្ច​អនុវត្ត​តួនាទី​និង​ភារកិច្ច​ដោយ​យក​ស្មារតី​ច្បាប់​ជា​គោលការណ៍​និង​យក​ផលប្រយោជន៍​និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​សំអាង នោះ​ពលរដ្ឋ​នឹង​យល់ ហើយ​គោរព​និង​អនុវត្ត​តាម​តួនាទី​និង​ភារកិច្ច​នោះ​យ៉ាង​ខ្ជាប់ខ្ជួន ។

សរុប​មក ការ​រឹត​បន្តឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ គឺជា​ការ​ចាំបាច់ និង​មិន​គួរ​ត្រូវ​បាន​ពន្យារពេល​បន្ត​ទៀត​ឡើយ ព្រោះ​សុវត្ថិភាព​នៅ​លើ​ដងផ្លូវ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ។ ទន្ទឹម​ជាមួយ​គ្នា​នេះ ការ​អនុវត្ត​ច្បាប់​គួរ​ធ្វើ​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​មិន​រើសអើង ដោយ​ផ្តោត​ជា​ចម្បង​លើ​ការ​កាត់​បន្ថយ​បទល្មើស​ដែល​ជា​មូលហេតុ​នៃ​គ្រោះថ្នាក់ ដូច​ជា ការ​បើកបរ​លើស​ល្បឿន ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ការ​មិន​គោរព​សិទ្ធិ​អាទិភាព និង​សញ្ញា​ចរាចរណ៍​។

ប្រសិនបើ​សមត្ថកិច្ច​អនុវត្ត​តួនាទី​ដោយ​គោរព​នីតិវិធី និង​មិន​យក​ការ​អនុវត្ត​ច្បាប់​ទៅ​ធ្វើ​ជា​មធ្យោបាយ​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន នោះ​ការ​គាំទ្រ និង​ការ​គោរព​ច្បាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​នឹង​កាន់តែ​មាន​ភាពរឹងមាំ​។

អាស្រ័យ​ហេតុនេះ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​មិន​គួរ​មាន​គោលដៅ​ត្រឹមតែ​ការ​ផាកពិន័យ ឬ​ចាប់​អ្នក​ល្មើស​នោះ​ទេ ប៉ុន្តែ​គួរ​មាន​គោលដៅ​ធំ​ជាង​នេះ គឺ​ការ​កែប្រែ​ឥរិយាបថ​អ្នក​ប្រើប្រាស់​ផ្លូវ កាត់​បន្ថយ​គ្រោះថ្នាក់ និង​ការពារ​ជីវិត​ប្រជាពលរដ្ឋ​។ ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​ពី​សំណាក់​សមត្ថកិច្ច គួប​ផ្សំ​នឹង​ការ​គោរព​ច្បាប់​ពី​ប្រជាពលរដ្ឋ នឹង​ក្លាយជា​មូលដ្ឋាន​សំខាន់​ក្នុង​ការ​កសាង​វប្បធម៌​គោរព​ច្បាប់ និង​ធ្វើ​ឱ្យ​ផ្លូវថ្នល់​របស់​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​រូប ៕