ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​សន្លប់​បាត់ស្មារតី ក្រោយ​ព្យាយាម​ឃាត់​ប្រពន្ធ​ទាំង​ពីរ​វា.យតប់​គ្នា​ផ្អើល​បារ​មួយ​កន្លែង

1 ថ្ងៃ មុន

ប្រទេស​អេ​ហ្ស៊ី​ប ៖ គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប លោក Hossam Hassan ត្រូវ​បាន​រាយការណ៍​ថា សន្លប់​បាត់បង់​ស្មារតី​ដោយសារ​តានតឹង​អារម្មណ៍​ខ្លាំង បន្ទាប់​ពី​បានឃើញ​ប្រពន្ធ​ទាំង​ពីរ​នាក់​របស់​លោក​ឈ្លោះប្រកែក​វាយ​បោច​សក់​គ្នា​នៅ​ក្នុង​បារ​មួយ​កន្លែង មុន​ពេល​លោក​សម្រេចចិត្ត​ដាក់​ពាក្យសុំ​លែងលះ​ជា​ផ្លូវការ​ជាមួយ​ប្រពន្ធដើម​។ នេះ​បើ​យោង​តាម​កាសែត The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦​។

ហេតុការណ៍​ឈ្លោះប្រកែក​វាយ​បោច​សក់​គ្នា​នេះ បាន​កើតឡើង​ក្នុង​បារ​លំដាប់​មួយ នៃ​រមណីយដ្ឋាន Porto Marina ក្នុង​ទីក្រុង El Alamein ប្រទេស​អេ​ហ្ស៊ី​ប ដែល​ជា​កន្លែង​លោក Hossam កំពុង​សម្រាក​លំហែកាយ​វិស្សមកាល​រដូវក្តៅ​។ ប្រភព​ពី​ក្នុងស្រុក​បានឱ្យ​ដឹង​ថា ជម្លោះ​រវាង​ប្រពន្ធដើម អ្នកស្រី Howaida El Gharbawy និង​ប្រពន្ធ​ទី ២ អ្នកស្រី Dina Mustafa បាន​រាលដាល​ឈាន​ទៅ​ដល់​ការ​វាយតប់​ចាប់​បោច​សក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់​។

ភ្លាម​ៗ​នោះ សាច់ញាតិ​ទាំង​សងខាង​បាន​ចូល​ទៅ​ជួយ​បំបែក មុន​ពេល​កម្លាំង​សន្តិសុខ​ត្រូវ​បាន​ហៅ​ឱ្យមក​ដល់​កន្លែង​ផ្ទុះ​ជម្លោះ​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​រាយការណ៍​ថា រង​របួស មាន​ស្នាម​ឆ្កូត និង​ជាំ​ជា​ច្រើន​កន្លែង​រៀងខ្លួន​។ យោង​តាម​កាសែត​អេ​ហ្ស៊ី​ប Al Arabiya បានឱ្យ​ដឹង​ថា លោក Hassan តក់ស្លុត​ខ្លាំង​រហូត​ដល់​សន្លប់ បន្ទាប់​ពី​ព្យាយាម​ចូល​ទៅ​ឃាត់​ប្រពន្ធ​ទាំង​ពីរ​របស់​លោក​។

នៅ​ក្នុង​ពេល​បន្ទាប់​មក ក៏​មាន​ព័ត៌មាន​លេចឮ​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​វ័យ​៦០​ឆ្នាំ​រូប​នេះ ដែល​ទើប​ចប់​ភារកិច្ច World Cup ឆ្នាំ ២០២៦ នោះ បាន​លែងលះ​ជាមួយ​ប្រពន្ធដើម ដោយ​លោក​បាន​ចុះហត្ថលេខា​លើ​ឯកសារ​លែងលះ​ផ្លូវការ​នៅ​ឯ​ការិយាល័យ​ចុះបញ្ជី​ច្បាប់​មួយ​ក្នុង​ទីក្រុង Cairo​។

លោក​បាន​រួមរស់​ជាមួយ​ប្រពន្ធដើម​អស់​ពេល​រាប់​សិប​ឆ្នាំ​មក​ហើយ មុន​ពេល​សម្រេចចិត្ត​បែកបាក់​គ្នា​ភា្ល​ម​ៗ​បែប​នេះ ដោយ​បន្សល់​ទុក​ចំណងដៃ​កូន ៣ នាក់​ជាមួយ​គ្នា​។ ចំណែក​ប្រពន្ធ​ទី​២ លោក​បាន​រៀប​ការ​ជាមួយ​គ្នា​កាលពី​ឆ្នាំ ២០១៥ ក្នុង​ពេល​លោក​នៅ​តែ​មាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ប្រពន្ធដើម​នៅឡើយ ដោយ​គ្រាន់តែ​បែកបាក់​គ្នា​មួយ​រយៈពេល​ខ្លី​ក្នុង​ឆ្នាំ ២០២២ មុន​ពេល​ផ្សះផ្សា​គ្នា​វិញ ហើយ​លោក​មានកូន​២​នាក់​ជាមួយ​ប្រពន្ធ​ទី​២​។

គួរ​បញ្ជាក់​ថា ស្ថិត​ក្រោម​ច្បាប់​របស់​ប្រទេស​អេ​ហ្ស៊ី​ប បុរស​កាន់សាសនា​អ៊ិ​ស្លា​ម​ត្រូវ​បាន​អនុញ្ញាត​តាម​ផ្លូវច្បាប់​ឱ្យ​មាន​ប្រពន្ធ​រហូត​ដល់​៤​នាក់​ក្នុង​ពេល​តែ​មួយ​។ មន្ត្រី​ចុះបញ្ជី​មាន​កាតព្វកិច្ច​តាម​ផ្លូវច្បាប់​ជូនដំណឹង​ដល់​ប្រពន្ធដើម ឬ​ភរិយា​បន្តបន្ទាប់​អំពី​ពិធី​អាពាហ៍ពិពាហ៍​ថ្មី តាម​រយៈ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​៕