អ្នកប្រដាល់អាហ្វ្រិកខាងត្បូង NCEDO GOMBA បានទទួលមរណភាពហើយ!
- ភ្នំពេញ
អាហ្វ្រិកខាងត្បូង ៖ ចាត់ទុកជាព័ត៌មានដ៏ក្រៀមក្រំ និងសោកស្តាយបំផុតសម្រាប់វិស័យកីឡាប្រដាល់នៅពេលទទួលដំណឹងថា អ្នក
ប្រដាល់ជើងខ្លាំងសញ្ជាតិអាហ្វ្រិកខាងត្បូងNCEDO GOMBAបានទទួលមរណភាពទាំងវ័យក្មេងដោយសារអំពើឃាតកម្មចាក់សម្លាប់នៅប្រទេសកំណើតរបស់ខ្លួន។
ព័ត៌មាននៃការបាត់បង់ជីវិតរបស់អ្នកប្រដាល់NCEDO GOMBAនេះ ត្រូវបានបញ្ជាក់ និងផ្សព្វផ្សាយដោយភរិយារបស់សព និងផ្សាយបន្តតាមហ្វេសប៊ុកដោយប្រម៉ូទ័របាង កាយ៉ាកកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងហ្វេសប៊ុកប្រម៉ូទ័របាង កាយ៉ាក បានសរសេររៀបរាប់ថា«ខ្ញុំទើបទទួលព័ត៌មានពីកីឡាករអាហ្វ្រិកខាងត្បូងថា ណេដូ ហ្គូមប៉ា គាត់បានទទួលមរណភាពហើយ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារគាត់ផង។ អនុស្សាវរីយ៍ដែលគាត់បានបន្សល់ទុកនៅកម្ពុជាជាច្រើនខ្ញុំមិនអាចបំភ្លេចបាន ។ ណេដូ ជាមនុស្សល្អណាស់សម្រាប់ខ្ញុំ គាត់និងខ្ញុំស្រឡាញ់គ្នាណាស់ គាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ស្រឡាញ់ខ្ញុំ ចាត់ទុកខ្ញុំដូចជាប្អូនប្រុសម្នាក់អញ្ចឹង។ ពេលឮដំណឹងនេះហើយ ខ្ញុំពិបាកទទួលយកណាស់។»
គួរឱ្យដឹងផងដែរថា លោក NCEDO GOMBAជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក និងជាជើងឯកប្រចាំតំបន់អាហ្វ្រិកខាងត្បូង។ លោកធ្លាប់មកប្រកួតនៅលើសង្វៀនស្រុកខ្មែរជាច្រើនលើក ដោយធ្លាប់ជួបប្រកួតដំបូងជាមួយកីឡាករ លន បញ្ញា និងធ្លាប់តតាំងជាមួយកីឡាករល្បីៗដូចជា ពេជ្រ សម្បត្តិ ផងដែរ។
រូបលោកធ្លាប់ឈ្នះខ្សែក្រវាត់គុនខ្មែរចំនួន ២ ខ្សែ។
ក្រៅពីការឡើងប្រកួត លោក NCEDO GOMBA គឺជាកីឡាករបរទេសម្នាក់ដែលគោរពស្រឡាញ់កីឡាប្រដាល់គុនខ្មែរ និងតែងតែជួយផ្សព្វផ្សាយពីគុនខ្មែរទៅកាន់តំបន់អាហ្វ្រិកថែមទៀតផង។
កោះសន្តិភាពសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមឱ្យវិញ្ញាណក្ខន្ធរបស់កីឡាករ NCEDO GOMBA បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ចែករំលែកព័តមាននេះ