ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ដោះស្រាយ​វិវាទ​នៅ​ក្រុមហ៊ុន មីង យ៉ាង ដោយ​ជោគជ័យ ខណៈ​បងប្អូន​កម្មករ​វិល​ចូល​ធ្វើការ​វិញ នៅ​ថ្ងៃនេះ

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ក្រោម​ការ​សម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់​របស់​មន្ត្រី​ជំនាញ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​ជាមួយ​មន្ទីរ​ការងារ អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន មីង យ៉ាង អ៊ី​ន​ដា​ស្ទ្រី (​ខេ​ម​បូ​ឌា​) ឯ​.​ក (Ming Yang Industry (Cambodia) Co., Ltd.) ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​ ។

ក្នុង​កិច្ចប្រជុំ​សម្របសម្រួល ភាគី​ក្រុមហ៊ុន តំណាង​កម្មករនិយោជិត និង​សហជីព បាន​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន និង​ពិភាក្សា​គ្នា​ដោយ​ផ្អែក​លើ​ច្បាប់ ស្ដី​ពី​ការងារ គោលការណ៍​សន្ទនា​សង្គម និង​ផលប្រយោជន៍​រួម ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​គ្រប់​ភាគី​អាច​ទទួលយក​បាន ​។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ទុ​យ ស៊ី​ផា​ន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ភាគី​ទាំងអស់​បាន​ឯកភាព​លើ​ចំណុច​ដោះស្រាយ សំខាន់​ៗ​ចំនួន​៤ ​។ ភាគី​ក្រុមហ៊ុន​បាន​ប្ដេជ្ញា​អនុវត្ត​តាម​កិច្ចព្រមព្រៀង ពង្រឹង​ការ​គ្រប់គ្រង និង​បន្ត​ដោះស្រាយ​ក្ដី​កង្វល់​របស់​កម្មករនិយោជិត​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន ​។ ទន្ទឹម​នេះ ភាគី​កម្មករនិយោជិត​បាន​ឯកភាព​បញ្ឈប់​ការ​តវ៉ា និង​វិល​ចូល​ធ្វើការ​ជា​ប្រក្រតី​វិញ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​បញ្ជាក់​ថា​៖ «​ក្រសួង​ការងារ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កង្វល់​របស់​បងប្អូន​កម្មករនិយោជិត និង​ខិតខំ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ ដោយ​ផ្អែក​លើ​ច្បាប់ សន្ទនា​សង្គម និង​ការ​យោគយល់​គ្នា ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្រប់​ភាគី ព្រមទាំង​រក្សា​ស្ថិរភាព ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​»​ ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​តាមដាន​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ដើម្បី​ធានា​ឱ្យ​ទំនាក់ទំនង​ការងារ​ នៅ​ក្នុង​ក្រុមហ៊ុន ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សុខដុមរមនា និង​ចីរភាព ​៕ អត្ថបទសហការ