ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ចាត់វិធានការ​លើ​អ្នកគ្រប់គ្រង​ ជា​ជនបរទេស​ដែល​ប្រើប្រាស់​អាកប្បកិរិយា និង​ពាក្យ​សម្តី​មិន​សមរម្យ លើបងប្អូន​កម្មករនិយោជិត​ខ្មែរ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ជនបរទេស​ដែល​ជា​ថ្នាក់ដឹកនាំ​កម្មករនិយោជិត​ក្នុង​រោងចក្រ​ចំនួន ២​នាក់ ត្រូវ​បាន​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ​បំផុត​ដែល​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​ ថា​ឈប់​ប្រើប្រាស់​អាកប្បកិរិយា និង​ពាក្យ​សម្តី​មិន​សមរម្យ​ដែល​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ ​របស់​បងប្អូន​កម្មករនិយោជិត​ខ្មែរ​តទៅ​ទៀត ​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ ក្រសួង​បាន​តម្រូវ​ឱ្យ​អ្នកគ្រប់គ្រង​ជា​ជនបរទេស​ចំនួន ២​រូប ក្នុង​នោះ​១​រូប នៅ​រោងចក្រ ចា​ស្ទី​ន អេ​លេ​ន​  (​ខេ​ម​បូ​ឌា​) ហ្គា​មេន មែន​ញូ​ហ្វែ​ក​ឆឺ​រីង ឯ​.​ក ស្ថិត​នៅ​ខេត្តកណ្ដាល និង​១​រូប​ទៀត នៅ​រោងចក្រ មីង យ៉ាង អ៊ិ​ន​ដា​ស្ទ្រី (​ខេ​ម​បូ​ឌា​) ឯ​.​ក ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ ដែល​បាន​ប្រព្រឹត្ត​អាកប្បកិរិយា​ មិន​សមរម្យ​ចំពោះ​បងប្អូន​កម្មករនិយោជិត ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ បងប្អូន​កម្មករនិយោជិត និង​ធ្វើ​កិច្ចសន្យា​ថា ឈប់​ប្រើប្រាស់​អាកប្បកិរិយា និង​ពាក្យ​សម្តី​មិន​សមរម្យ​ ដែល​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ របស់​បងប្អូន​កម្មករនិយោជិត​ខ្មែរ​តទៅ​ទៀត ​។

ការ​ព្រមាន​ធ្ងន់​ៗ​នេះ បន្ទាប់​ពី​ក្រសួង​ទទួល​បាន​បណ្តឹង​របស់​បងប្អូន​កម្មករនិយោជិត និង​បាន​ពិនិត្យ​វិភាគ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​រូបភាព និង​សំឡេង​ពី​កាមេរ៉ា​សុវត្ថិភាព ស្តាប់​ការ​បំភ្លឺ​របស់​សាក្សី និង​ការ​សារភាព​របស់​សាមីជន​ផង​ដែរ​ ។ ក្រសួង​បាន​សង្កត់ធ្ងន់​ថា ប្រសិនជា​មាន​ករណី​បែប​នេះ​ជា​លើក​ទី​២ នា​ពេល​ខាង​មុខ ជនបរទេស​នោះ​នឹង​ប្រឈម​ការ​ដកហូត ​បណ្ណ​ការងារ​ជនបរទេស និង​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បានឱ្យ​ដឹង​ថា ការ​ចេញ​សេចក្តីជូនដំណឹង​នេះ គឺ​បន្ទាប់​ពី​ក្រសួង​ពិនិត្យ​មើលឃើញ​នូវ​ការ​ប្រព្រឹត្ត​របស់​អ្នកគ្រប់គ្រង មេកា ប្រធាន​ផ្នែក អ្នកបកប្រែ បាន​ប្រើប្រាស់​ភាសា​មិន​សមរម្យ និង​អាកប្បកិរិយា​មិន​គប្បី​ចំពោះ​បងប្អូន​កម្មករនិយោជិត ​។  

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា​៖ «​ក្រសួង​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន អ្នកគ្រប់គ្រង និង​អ្នកជំនាញ​បរទេស​ដែល​មក​ធ្វើការ និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​គ្រប់​គ្នា​ត្រូវ​គោរព​ច្បាប់ សុជីវធម៌ វប្បធម៌​ខ្មែរ និង​ជា​ពិសេស​ត្រូវ​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​បងប្អូន​កម្មករនិយោជិត​ខ្មែរ​ ។ កន្លែង​ការងារ​ត្រូវជា​កន្លែង​ដែល​មានការ​គោរព​គ្នា ​ទៅ​វិញ​ទៅ​មក មិនមែន​ជា​កន្លែង​សម្រាប់​ការ​ប្រើ​ពាក្យ​សម្តី ឬ​អាកប្បកិរិយា​ប្រមាថមើលងាយ​នោះ​ទេ ដើម្បី​កសាង​សហគ្រាស​មួយ​ជា​សហគមន៍ សុខសាន្ត ​មួយ​តាម​ការ​ចង្អុលបង្ហាញ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល និង​តាម​អ្វី​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រកាន់ខ្ជាប់​»​ ។

ជាមួយ​គ្នា​នេះ អ្នកគ្រប់គ្រង​ទាំង​ពីរ​ដែល​បាន​ប្រព្រឹត្ត​អាកប្បកិរិយា មិន​សមរម្យ​ចំពោះ​កម្មករនិយោជិត ត្រូវ​បាន​ក្រសួង តម្រូវ​ឱ្យ​អ្នក​ទាំង​ពីរ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ​នៅ​ចំពោះ​មុខ​បងប្អូន​កម្មករនិយោជិត និង​ធ្វើ​កិច្ចសន្យា​ថា នឹង​ឈប់​ប្រើប្រាស់​អាកប្បកិរិយា និង​ពាក្យ​សម្តី​មិន​សមរម្យ ដែល​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ របស់​កម្មករនិយោជិត​ខ្មែរ​តទៅ​ទៀត ហើយ​បើ​មាន​លើក​ទី​២​ទៀត​នោះ ជនបរទេស​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដកហូត​អាជ្ញា​បណ្ណ​ការងារ​ជនបរទេស និង​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ​។ នេះ​បើ​តាម​កា​រប​បញ្ជាក់​ពី​លោក​ស៊ុន មេ​សា​ដដែល​ ។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ បងប្អូន​កម្មករនិយោជិត​ដែល​បានឃើញ ឬ​រង​នូវ​អំពើ​នានា​ក៏​អាច​ជូនដំណឹង​ពី​ការ​ប្រើប្រាស់​អាកប្បកិរិយា និង​ពាក្យ​សម្តី​មិន​សមរម្យ ឬ​ការ​មិន​អនុវត្ត​លក្ខខណ្ឌ​ការងារ​បាន​ត្រឹមត្រូវ​ នៅ​កន្លែង​ការងារ មក​អធិការ​ការងារ តាម​រយៈ​ប្រអប់​បណ្តឹង​អនាមិក​របស់​ក្រសួង (https://feedback.mlvt.gov.kh/feedback) ឬ​ប្រព័ន្ធ​ទូរ​សព្ទ Hotline លេខ «១២៨៦» ៕ អត្ថបទសហការ