ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern Munich បារម្ភ​ខ្លាំង ក្រោយ Musiala ដួ.ល​សន្ល.ប់​លើ​ទីលាន​ជា​លើក​ទី​២​ក្នុង​ពេល​ត្រឹម​៣​ថ្ងៃ

1 ថ្ងៃ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កីឡាករ Jamal Musiala បាន​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ក្លិប​បាល់ទាត់ Bayern Munich បន្ទាប់​ពី​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ដួល​សន្លប់​លើ​ទីលាន​ជា​លើក​ទី ២ នៅ​ក្នុង​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ​។

Musiala បាន​បន្ត​ជួប​បញ្ហា​ផ្នែក​រាង​កាយ អំឡុង​ពេល​ប្រកួត​មិត្តភាព​ដែល​ក្រុម Bayern Munich ឈ្នះ​ក្រុម Heidenheim លទ្ធផល ៤-២ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ ដោយ​បាន​ដួល​សន្លប់​លើ​ទីលាន​ពោល​ប្រហែលជា​៤​នាទី បន្ទាប់​ពី​ត្រូវ​បាន​ប្តូរ​ចូល​លេង​នៅ​ក្នុង​នាម​ជា​កីឡាករ​បម្រុង​។ យោង​តាម​សារព័ត៌មាន AS និង BILD បានឱ្យ​ដឹង​ថា Musiala បាន​ចាប់ផ្តើម​វង្វេងវង្វាន់​បាត់បង់​ស្មារតី មុន​ពេល​ដួល​ដោយ​គ្មាន​ការ​ប៉ះទង្គិច​ជាមួយ​កីឡាករ​គូប្រជែង​ណា​ម្នាក់​ឡើយ​។ បុគ្គលិក​ពេទ្យ​បាន​ប្រញាប់​រត់​ចូល​ទីលាន​ដើម្បី​ពិនិត្យ​អាកា​រៈ Musiala ដែល​បន្ទាប់​មក​កីឡាករ​រូប​នេះ អាច​ក្រោកឈរ​ឡើង​វិញ​បាន ប៉ុន្តែ​ត្រូវ​ប្តូរ​ចេញ​និង​ចាក​ចេញពី​ទីលាន​ដោយ​មាន​ជំនួយ​ពី​អ្នក​ដទៃ​។

គួរ​រំលឹក​ថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល Musiala ជួប​ប្រទះ​ស្ថានភាព​ស្រ​ដៀង​គ្នា​នេះ​នៅ​ក្នុង​រយៈពេល​ត្រឹម​៣​ថ្ងៃ ដោយ​លើក​មុន រូបគេ​ក៏​បាន​វង្វេងវង្វាន់​បាត់បង់​ស្មារតី​ស្ទើរតែ​ដួល​សន្លប់ មុន​ពេល​មិត្ត​រួម​ក្រុម​រត់​មក​ជួយ​ទប់ អំឡុង​ពេល​ប្រកួត​មិត្តភាព​តទល់​នឹង​ក្រុម RB Leipzig ដែល Bayern ឈ្នះ​ដោយ​លទ្ធផល ៣-១ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា កន្លង​ទៅ​។ ក្រោយ​បញ្ហា​កើតឡើង​លើក​ដំបូង ក្លិប Bayern បានឱ្យ Musiala ពិនិត្យ​សុខភាព និង​ហ្វឹកហាត់​ដាច់​ដោយឡែក​ពី​មិត្ត​រួម​ក្រុម​។ ក្រោយមក នាយក​ផ្នែក​កីឡា លោក Max Eberl បាន​បញ្ជាក់​ថា Musiala មាន​សុខភាព​ល្អ ហើយ​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ជាមួយ​ក្រុម​វិញ សម្រាប់​ការ​ប្រកួត​ជាមួយ Heidenheim ដែល​បានឃើញ​កីឡាករ​ដួល​សន្លប់​ជា​លើក​ទី​២​។

ប្រភព​មួយ​ចំនួន​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​ថា អាកាសធាតុ​ក្តៅ​អាច​ជះ​ឥទ្ធិពល​ដល់ Musiala នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Leipzig ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​សន្មត់​ប៉ុណ្ណោះ ហើយ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្លិប Bayern ឡើយ​។

គួរ​បញ្ជាក់​ជូន​ថា Jamal Musiala គឺជា​កីឡាករ​សំខាន់​បំផុត​ម្នាក់​របស់ Bayern នៅ​ក្នុង​ផែនការ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។ ខ្សែបម្រើ​ប្រយុទ្ធ​កើត​ក្នុង​ឆ្នាំ ២០០៣ រូប​នេះ ទើបតែ​បាន​ត្រឡប់​មក​វិញ​ពី​ការ​ស្តារ​នីតិសម្បទា​ពីរ​បួស ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ប្រព័ន្ធ​ប្រយុទ្ធ​។ ទោះ​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​រដូវ​កាល​ថ្មី​ជិត​ចាប់ផ្តើម ពោល​ថ្ងៃ​ទី​២៨ ខែសីហា ឆាប់​ៗ​ខាង​មុខ​នេះ ក្លិប Bayern ទំនងជា​នឹង​បន្ត​តាមដាន​ស្ថានភាព​របស់ Musiala យ៉ាង​ដិត​ដល់ មុន​ពេល​សម្រេចចិត្ត​លើ​ពេលវេលា​សម្រាប់​ការ​វិល​ត្រឡប់​មក​កាន់​ទីលាន​វិញ​របស់​គេ​៕ ប្រភព ៖ Znews