សមត្ថកិច្ចបើកប្រតិបត្តិការទ្រង់ទ្រាយធំដុ.តបំផ្លា.ញបារីក្លែងក្លាយជាង៦០ម៉ាក ចំនួន៤០០តោននៅខេត្តត្បូងឃ្មុំ
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ដោយមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការជក់បារីក្លែងក្លាយបំផ្លាញសុខភាពខ្លួនឯង ក៏ដូចអ្នកនៅក្បែរខ្លួន ។ ក្រសួងមហាផ្ទៃ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីដុតបំផ្លាញចោលនូវវត្ថុតាងបារីក្លែងក្លាយ សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ផលិតបារីក្លែងក្លាយសរុបប្រមាណ៤០០តោន តាមដីកាសម្រេចរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម លី សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០២៦ ។ នេះគឺជាសកម្មភាពដុតបំផ្លាញទ្រង់ទ្រាយធំដែលមិនធ្លាប់មាននាពេលកន្លងទៅ ។

ពិធីនេះ ប្រារព្ធឡើងនៅទីតាំងដីឡូត៍ឋានសួគ៌ថ្មី ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត តំណាងស្ថាប័នអយ្យការ តុលាការ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីតំណាង HIS សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្ថានតំណាងគយបារាំង ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធជាច្រើនរូប ។
វត្ថុតាងដែលត្រូវបាននាំយកមកដុតកម្ទេចចោលយ៉ាងសន្ធឹកសន្ធាប់នេះ រួមមានបារីក្លែងក្លាយជាង ៦០ម៉ាក ដូចជាម៉ាក÷ Marlboro, ESSE, MEVIUS, 555 រួមទាំងបារីចិន និងបារីម៉ាកបរទេសជាច្រើនទៀត សរុបប្រមាណ៤០០តោន ។ វត្ថុតាងទាំងនេះ គឺជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងរោងចក្រចំនួន៦កន្លែង និងឃ្លាំងស្តុកមួយកន្លែង នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម លី សុផាន់ណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានសហការគ្នាបង្ក្រាបទីតាំងផលិតបារីខុសច្បាប់នេះ ទទួលបានជោគជ័យ ។ ឯកឧត្តមបានបញ្ជាក់ថា ការដុតបំផ្លាញវត្ថុតាងនៅថ្ងៃនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ ចរាចរណ៍ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ។ លើសពីនេះ សកម្មភាពនេះក៏ជាការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ធានាសុវត្ថិភាពសង្គម និងបង្កើនការគាំទ្រ ព្រមទាំងទំនុកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋផងដែរ ។
វត្ថុតាងទាំងអស់ ត្រូវបានឆាបឆេះ និងដុតកម្ទេចដោយផ្ទាល់នៅនឹងកន្លែង ដើម្បីធានាអះអាងថា គ្រឿងសម្ភារខុសច្បាប់ទាំងនេះ ត្រូវបានបញ្ចៀសទាំងស្រុង មិនអាចហូរចូលទីផ្សារជាថ្មីបានឡើយ ។ របាយការណ៍បានគូសបញ្ជាក់បន្ថែមថា ការបង្ក្រាបទីតាំងផលិត និងការដុតបំផ្លាញវត្ថុតាងម៉ាកបារីក្លែងក្លាយនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តធ្លាប់បានបង្ក្រាបកន្លែងទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងនៅក្បែរការដ្ឋានលក់គ្រួស ខ្សាច់ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយរឹបអូសបានវត្ថុតាងជាច្រើនផងដែរ។
ក្នុងករណីបង្ក្រាបារីក្លែងក្លាយកន្លងទៅនេះ ក៏មានជនសង្ស័យមួយចំនួនត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ហើយវត្ថុតាងត្រូវបានចេញដោយសាលក្រមបំផ្លាញចោលផងដែរ ។


ចែករំលែកព័តមាននេះ