វិស្វករអគ្គិសនី បើកឡានដេញបុ.កអតីតសង្សាររបស់គូស្នេហ៍ ត្រូវតុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនហើយ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លើបុរសជាវិស្វករអគ្គិសនីម្នាក់ ពាក់ព័ន្ធករណីបើករថយន្តដេញបុកម៉ូតូអតីតសង្សាររបស់គូស្នេហ៍ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ ដោយតុលាការបានដាក់ការចោទប្រកាន់ជាផ្លូវការពីបទ «ប៉ុនប៉ងឃាតកម្ម»។ គួររំលឹកថា សង្ស័យរឿងប្រចណ្ឌ ! វិស្វករអគ្គិសនីម្នាក់បើកឡានដេញបុ.កបុរសជាអតីតសង្សាររបស់គូស្នេហ៍
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ៨៣០ ដបឃ/២៦ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ចេញដោយលោក ប៉េង ហ៊ត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ជា សុវណ្ណរស្មីពេជ្រ អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ ជននេះត្រូវរាជអាជ្ញាចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះសំណាក់សារ៉ាវ៉ែត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តាមបទប្បញ្ញត្តិ មាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
ហេតុការណ៍នេះ បានផ្តើមចេញពីរឿងជម្លោះពាក្យសម្តី និងការប្រច័ណ្ឌនៅក្នុងអាហារដ្ឋានមួយកន្លែង រវាងជនរងគ្រោះឈ្មោះ ឈិន ឋានៈ អាយុ ៤៨ឆ្នាំ និងជនត្រូវចោទ ជុំវិញរឿងរ៉ាវអតីតស្នេហ៍។ បន្ទាប់ពីជម្លោះនៅក្នុងហាងនោះ ជនរងគ្រោះបានជិះម៉ូតូចាកចេញ ប៉ុន្តែជនត្រូវចោទបានបើករថយន្តម៉ាក Lexus RX350 ពណ៌ស ដេញតាមបុកម៉ូតូជនរងគ្រោះពេញទំហឹងនៅលើដងផ្លូវសាធារណៈ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ជួលមួយកន្លែងរួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
បច្ចុប្បន្ន ជនត្រូវចោទ ជា សុវណ្ណរស្មីពេជ្រ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងជាបណ្តោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ ខណៈភាគីជនរងគ្រោះបានអះអាងយ៉ាងម៉ឺងម៉ាត់ដោយមិនទទួលយកការសម្រុះសម្រួល ឬសំណងជាប្រាក់ឡើយ ដោយទាមទារឱ្យតុលាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕


ចែករំលែកព័តមាននេះ