សង្ស័យរឿងប្រចណ្ឌ ! វិស្វករអគ្គិសនីម្នាក់បើកឡានដេញបុ.កបុរសជាអតីតសង្សាររបស់គូស្នេហ៍
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ជម្លោះពាក្យសម្តីបន្តិចបន្តួចដោយសាររឿងប្រច័ណ្ឌនៅក្នុងអាហារដ្ឋាន បានក្លាយអំពើហិង្សា នៅពេលដែលវិស្វករអគ្គិសនីម្នាក់បានបើករថយន្តទំនើបដេញបុកប៉ងផ្តាច់ជីវិតអតីតសង្សារប្រុសរបស់គូស្នេហ៍ខ្លួន កាលពីយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងនៅចំណុចមុខផ្ទះសំណាក់ “សាវេត” ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈិន ឋានៈ អាយុ ៤៨ឆ្នាំ បានជួបប្រទះដោយចៃដន្យជាមួយអតីតសង្សារស្រីនៅក្នុងហាងហូបចុកមួយកន្លែង ។ ដោយឃើញនារីរូបនោះអង្គុយជាមួយបុរសម្នាក់ទៀត ជនរងគ្រោះក៏បានចូលទៅសួរនាំ ហើយនាងបានឆ្លើយថានោះជា “សង្សារខ្ញុំ” ។ ភ្លាមៗនោះ ជនរងគ្រោះបានពោលពាក្យថា «ទើបតែបែកគ្នាតែ ២ខែសោះ ម៉េចក៏មានអ្នកថ្មីលឿនម្ល៉េះ?» ពាក្យសម្តីនេះបានធ្វើឲ្យភាគីទាំងសងខាងចាប់ផ្តើមឈ្លោះប្រកែក និងមានការរុញច្រានគ្នាបន្តិចបន្តួច ។ ខណៈដែលជនរងគ្រោះដើរចេញ បុរសជាសង្សារថ្មីបានស្ទុះទៅរុញច្រានប៉ងប្រើហិង្សា ប៉ន្តែត្រូវបានភ្ញៀវនៅក្នុងហាងចូលទៅឃាត់ទាន់ពេលវេលា ។ បន្ទាប់មកជនរងគ្រោះ ត្រូវអ្នកស្គាល់ម្នាក់ទៀតបានឌុបតាមម៉ូតូមួយគ្រឿងចាកចេញពីហាង ។ ទោះជាយ៉ាងណា បុរសជាសង្សារថ្មីដែលជាវិស្វករអគ្គិសនីចិត្តក្តៅដូចភ្លើង មិនព្រមបញ្ចប់រឿងឡើយដោយបានឡើងបញ្ឆេះរថយន្តទំនើបដេញតាមបុកម៉ូតូជនរងគ្រោះពេញទំហឹងនៅលើដងផ្លូវសាធារណៈតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជាសុវណ្ណរស្មីពេជ្រ អាយុ ២៩ឆ្នាំមុខរបរជាវិស្វករអគ្គិសនី មានទីលំនៅដ្ឋាននៅរាជធានីភ្នំពេញ ដោយបានបើករថយន្តម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2312 ។ ក្រោយកើតហេតុនៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបាននៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង និងបាននាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ចំពោះករណីនេះ បណ្តាលឲ្យលោក ឈិន ឋានៈ រងរបួសធ្ងន់ធ្ងរ ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។
យ៉ាងណាមិញ ថ្លែងប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ នេះ លោក ឈិន ឋានៈ ជាជនរងគ្រោះ បានអះអាងថា លោកបានដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត រួចរាល់ហើយ ដោយចោទប្រកាន់ពី “បទមនុស្សឃាតដោយចេតនា” ។ លោកបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ៖ ខ្ញុំមិនទទួលយកសំណងជាប្រាក់ ឬការសម្រុះសម្រួលណាមួយឡើយ ។ ខ្ញុំស្នើសុំតែភាពយុត្តិធម៌ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះជនល្មើស ។
យោងតាមការបកស្រាយពីអ្នកច្បាប់មួយរូប ករណីបើករថយន្តដេញបុកអ្នកជិះម៉ូតូដែលមានចេតនាបង្កគ្រោះថ្នាក់ដល់ជីវិត មិនមែនជា គ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានោះឡើយ ប៉ុន្តែវាជាអំពើឃាតកម្ម ព្រោះរថយន្តត្រូវបានប្រើប្រាស់ជាមធ្យោបាយ ឬជាអាវុធក្នុងការប្រព្រឹត្តអំពើហិង្សា ។ ផ្អែកលើក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១៩៩ បទឃាតកម្មនិយមន័យ ៖ អំពើសម្លាប់មនុស្សដោយចេតនា មិនថាប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ទោសដូចមានចែងក្នុងមាត្រា ២០០ ដល់ មាត្រា ២០៥ ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងព្រះរាជអាជ្ញាកំពុងមមាញឹកប្រមូលភស្តុតាងបន្ថែម រួមមានរូបភាពពីកាមរ៉ាសុវត្ថិភាព សាក្សីជុំវិញកន្លែងកើតហេតុ ផ្សេងៗ ដើម្បីកំណត់បទចោទប្រកាន់ឲ្យបានច្បាស់លាស់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ៕





ចែករំលែកព័តមាននេះ