សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ៖ កងទ័ពអ៊ុយក្រែន បានធ្វើការវាយប្រហារខ្លាំងក្លាបំផុតមួយ ដោយហ្វូងដ្រូនប្រឆាំងរុស្ស៊ី ពុំធ្លាប់មានតាំងពីចាប់ផ្ដើមសង្គ្រាមមក ។ រយៈពេល២ថ្ងៃប៉ុណ្ណោះ អ៊ុយក្រែនបានបញ្ជូនដ្រូនដល់ជិត៨០០គ្រឿង វាយប្រហាររុស្ស៊ី បន្ទាប់ពីការវាយប្រហារប្រហាក់ប្រហែលគ្នានោះ ។ នេះបើតាមការលើកឡើងកាលពីថ្ងៃទី១៨ សីហា របស់បណ្ដាអ្នកទទួលខុសត្រូវ
រុស្ស៊ី ។

ម្យ៉ាងវិញទៀត ការវាយប្រហារមួយដោយមីស៊ីលរុស្ស៊ីលើភូមិមួយនៅតំបន់ក្រុងខាគៀវភាគឦសានអ៊ុយក្រែន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១០នាក់ និងរបួស៨នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។ ក្រសួងការពារប្រទេសរុស្ស៊ី គូសបញ្ជាក់ថា កងការពារអាកាសរុស្ស៊ី នាយប់ថ្ងៃទី១៧ មក១៨ សីហា បានស្ទាក់កម្ទេចដ្រូនអ៊ុយក្រែន៧៩១គ្រឿងពីលើតំបន់រុស្ស៊ីជាច្រើន ព្រមទាំងតំបន់គ្រីមេ និងពីលើសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ ។ នោះជាការវាយប្រហារខ្លាំងក្លាបំផុតលើកទី២ ដោយ
ដ្រូនអ៊ុយក្រែន ចាប់តាំងពីខែមករា ឆ្នាំ២០២៥ មក ។
តាមអភិបាលក្រុងមូស្គូលោកស័រ ហ្គេយសូប៊ីយ៉ានីនថា ដ្រូនអ៊ុយក្រែនជាង៦០០គ្រឿងបានហោះសំដៅតំបន់ក្រុងមូស្គូ ដែលនៅទីនោះដ្រូន១៨០គ្រឿងត្រូវបានបាញ់ទម្លាក់។ ទោះបីយ៉ាងណា អាជ្ញាធរពុំបានគូសបញ្ជាក់ពីមនុស្សណាម្នាក់ស្លាប់ ឬពីការខូចខាតធ្ងន់ធ្ងរឡើយ។ នៅតំបន់ជុំវិញក្រុងមូស្គូ មានសេចក្ដីរាយការណ៍ពីមនុស្ស៣នាក់រងរបួស។ មនុស្ស៣នាក់ក៏រងរបួសដែរនៅតំបន់រីយ៉ាហ្សានជិតក្រុងមូស្គូដែលនៅទីនោះផ្ទះ៣ខ្នងរងការខូចខាតដោយការវាយប្រហារ ។
ចំណែកប៉ូលិសអ៊ុយក្រែនប្រកាសថា មនុស្ស៣នាក់ស្លាប់ និង៣នាក់ទៀតរងរបួស រយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយសារការវាយប្រហាររបស់រុស្ស៊ីលើលើតំបន់ស៊ូមីពិសេសដោយដ្រូន និងគ្រឿងផ្ទុះ ៕

ចែករំលែកព័តមាននេះ