ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន​កម្ពុជា​ ៖ ​ហិរញ្ញប្បទាន​សកម្មភាព​មីន​នៅ​កម្ពុជា នៅ​តែ​រឹង​មាំ និង​មាន​ភាព​ធន់ ដោយ​មានការ​គាំទ្រ​ពី​ជាតិ និង​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​រង​គ្រោះ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) សូម​បញ្ជាក់​អំពី​របាយការណ៍​ព័ត៌មាន​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ហិរញ្ញប្បទាន​របស់​អង្គការ Cambodian Self Help Demining (CSHD) ដែល​អាច​បង្ក​ឱ្យ​មានការ​យល់​ឃើញ​មិន​ត្រឹមត្រូវ​អំពី​ស្ថានភាព​ទូទៅ​ នៃ​សកម្មភាព​មីន​មនុស្ស ធម៌​នៅ​កម្ពុជា​ ។

អាជ្ញាធរ​មីន ទទួលស្គាល់ និង​យល់​អំពី​ការ​លំបាក​ផ្នែក​ហិរញ្ញប្បទាន​ដែល CSHD កំពុង​ប្រឈម​មុខ​។ ដូច​អង្គការ​សកម្មភាព​មីន​ដទៃ​ទៀត CSHD បាន​ចូលរួម​ចំណែក​យ៉ាង​មាន​តម្លៃ​ក្នុង​ការ​ការពារ​សហគមន៍​ពី​ការ​គំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​។

អាជ្ញាធរ​មីន សូម​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​ទាំងនេះ និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ម្ចាស់​ជំនួយ​អន្តរជាតិ និង​ដៃគូ​សប្បុរសធម៌​ទាំងអស់ ដែល​បាន​បន្ត​គាំទ្រ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ​។

បច្ចុប្បន្ន CSHD មាន​បុគ្គលិក​ចំនួន ៣៧​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​ក្នុង​វិស័យ​សកម្មភាព​មីន​របស់​កម្ពុជា ដែល​មាន​កម្លាំង​ការងារ​សរុប​ប្រមាណ ៥,៧០០​នាក់​។ ទោះបីជា​បញ្ហា​ហិរញ្ញ ប្ប​ទាន​របស់ CSHD ជា​បញ្ហា​គួរ​ឱ្យ​យក ចិត្ត​ទុកដាក់​ក៏​ដោយ បញ្ហា​នេះ​មាន​លក្ខណៈ​ជាក់លាក់​ចំពោះ​អង្គការ និង​គួរ​ត្រូវ​បាន​មើល​ក្នុង​បរិបទ​នៃ​សមត្ថភាព​សកម្មភាព​កម្ចាត់​មីន​ទូ​ទាំង​ប្រទេស​របស់​កម្ពុជា​។ លើស​ពី​នេះ មាន​តែ​ផ្នែក​មួយ​នៃ​កម្លាំង​ការងារ​របស់ CSHD ប៉ុណ្ណោះ ដែល​រំពឹង​ថា​នឹង​រង​ផល​ប៉ះពាល់​។

ដូច្នេះ បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញប្បទាន​របស់ CSHD មិន​គួរ​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​នៃ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​នោះ​ទេ​។ ប្រតិបត្តិការ​ដោះ​មីន​នៅ​តែ​បន្ត​អនុវត្ត​ទូ​ទាំង​ប្រទេស តាម​រយៈ​ប្រតិបត្តិ​ករ​ជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដោយ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ ម្ចាស់​ជំនួយ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​មីន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការ​រក្សា​សមត្ថភាព និង​ការ​រួមចំណែក​របស់​អង្គការ​សកម្ម​ភាព​កម្ចាត់​មីន​ទាំងអស់ រួម​ទាំង CSHD ផង​ដែរ​។

ហិរញ្ញប្បទាន​សម្រាប់​សកម្មភាព​មីន​មានការ​ប្រែប្រួល​ទៅ​តាម​ឆ្នាំ និង​រវាង​ម្ចាស់​ជំនួយ និង​ប្រតិបត្តិ​ករ​ផ្សេង​ៗ ដោយសារ​អាទិភាព វដ្ត​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន និង​តម្រូវការ​ប្រតិបត្តិការ​មានកា​រវិ​វត្ត​ជា​បន្តបន្ទាប់​។ ការ​ប្រែប្រួល​បែប​នេះ​អាច​បន្ត​កើត​មាន ដោយ​ប្រតិបត្តិ​ករ​មួយ​ចំនួន​អាច​កែសម្រួល ឬ​កាត់​បន្ថយ​កម្លាំង​ការងារ ខណៈ​ប្រតិបត្តិ​ករ​ផ្សេង​ទៀត​អាច​រក្សា ឬ​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​។ នេះ​គឺជា​លក្ខណៈ​ដែល​អាច​កើត​មាននៅ​ក្នុង​វិស័យ​មួយ​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រភព​ហិរញ្ញ ប្ប​ទាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ហើយ​មិន​គួរ​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​ធ្លាក់​ចុះ​នៃ​សមត្ថភាព​សកម្មភាព​កម្ចាត់​មីន​ទូ​ទាំង​ប្រទេស​របស់​កម្ពុជា ឬ​ការ​ថយ​ចុះ​នៃ​ការ​គាំទ្រ​ពី​អន្តរជាតិ​នោះ​ឡើយ​។

ទំនុកចិត្ត និង​កិច្ច​សហប្រតិបត្តិការ​អន្តរ ជាតិ​លើ​វិស័យ​សកម្មភាព​មីន​របស់​កម្ពុជា នៅ​តែ​មាន​ភាពរឹងមាំ​។ កម្ពុជា​នៅ​តែ​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ធានា​ការ​គាំទ្រ​ដែល​មាន​និរន្តរភាព ជំរុញ​អាទិភាព​ជាតិ​ក្នុង​វិស័យ​សកម្មភាព​កម្ចាត់​មីន និង​សម្រេច​បាន​នូវ​គោលដៅ​របស់​កម្ពុជា ក្នុង​ការ​រួច​ផុត​ពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕