ខេត្តកំពង់ស្ពឺ ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះបានចេញសេចក្ដីបំភ្លឺព័ត៌មានថា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយតាមបណ្តាញសង្គមឈ្មោះ Phan Phana ថា (សាលាដូងនឹងត្រូវរុះរើក្នុងរយៈពេល១៤ថ្ងៃ)។ ករណីនេះមន្ទីរ សូមបំភ្លឺជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ការិយាល័យឧទ្យានជាតិគិរីរម្យ បានចេញសេចក្តីប្រកាសជូន ដំណឹងជាសាធារណៈ ដល់ម្ចាស់ទីតាំងដែលបានលួចចូលទន្ទ្រានបោះបង្គោលហ៊ុំព័ទ្ធដីសារធារណៈរបស់រដ្ឋ និងសង់សំណង់អនាធិបតេយ្យ បំណងយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចជើងភ្នំអាប៉ែត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលសកម្មភាពទាំងនេះផ្ទុយទៅនឹង ក្រមបរិស្ថាន និងធនធានធម្មជាតិ ។
ចំពោះវិធានការខាងលើ មានគោលបំណងធានាឱ្យការគ្រប់គ្រង និងថែរក្សាឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» ប្រកបដោយប្រសិទ្ធិភាព រក្សាឱ្យបាននូវធនធានធម្មជាតិ ជីវៈចំរុះ សណ្តាប់ធ្នាប់សាធារណៈ ដែលស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ។
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដោយឡែកចំណុចទីតាំងសាលាដូង មិនស្ថិតក្នុងសេចក្តីប្រកាសជូនដំណឹងឱ្យរុះរើនោះឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ដោយធ្វើការចែកចាយព័ត៌មានឱ្យ មានការទទួលខុសត្រូវ និងត្រូវធ្វើការចែកចាយព័ត៌មានណាពិតប្រាកដមានប្រភពច្បាស់លាស់ ។
ដោយឡែក រដ្ឋបាលឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសជូនដំណឹងពីការរុះរើសំណង់អាណាធិបតេយ្យ លើទីតាំងប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ។ តាមសេចក្តីប្រកាសខាងលើ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យឧទ្យានជាតិគីរីរម្យ បានបិទប្រកាសជូនដំណឹងដល់ម្ចាស់ទីតាំងដែលបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃ ដែលជាទ្រព្យសម្បត្តិរដ្ឋ និងសំណង់អាណាធិបតេយ្យ បំណងយកធ្វើជាកម្មសិទ្ធិនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ឲ្យធ្វើការរុះរើក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសជូនដំណឹង ។
ក្នុងចំណោមសំណង់ទាំងនោះ ក៏មានផ្ទះរបស់លោកគ្រូ អ៊ុក វណ្ណដេ ដែលបង្រៀននៅសាលាដូងផងដែរ ដែលបានសាងសង់លើដីប្រវត្តិសាស្ត្រយោធាតេជោ។ ទោះជាយ៉ាងណា ការរុះរើនេះ មិនប៉ះពាល់ដល់សាលាដូងទេ ព្រោះទីតាំងរបស់សាលាមានចម្ងាយឆ្ងាយពីតំបន់ដែលត្រូវរុះរើ។ សាលាដូង គឺជាសាលារៀនឯកជនមួយ ដែលមានទីតាំងនៅជាប់នឹងសាលាបឋមសិក្សាគីរីរម្យ ដែលទទួលបានការគាំទ្រ និងជំនួយឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ។
សាលារៀននេះ បង្រៀនក្នុងមួយថ្ងៃពីរពេល គឺពេលព្រឹក និងពេលល្ងាច ដោយផ្តល់ឱកាសដល់សិស្ស ដែលរៀននៅសាលារដ្ឋពេលព្រឹក អាចមកបន្តការសិក្សាបន្ថែមនៅសាលាដូង ពេលល្ងាចបាន ។ បច្ចុប្បន្នសាលាដូងមានបុគ្គលិកសរុបចំនួន ៧នាក់ (ស្រី ៣នាក់) និងមាន ៦ថ្នាក់ ចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៣ ដោយមានសិស្សសរុបចំនួន ១៥៧នាក់ (ស្រី ៧២នាក់) ផងដែរ ៕











ចែករំលែកព័តមាននេះ