ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន TH Automotive នឹង​សម្ពោធ​ជា​ផ្លូវការ រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​របស់​ខ្លួន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៦​នេះ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក ណ​ម តុង ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និងសហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​ ។

ក្នុង​ឱកាស​នោះ​ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែង​ផ្តល់​ការ​គាំទ្រ និង​សម្របសម្រួលដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ។

លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក៏​បាន​ជម្រាប​ជូន​សម្ដេច​ធិ​បតី​អំពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយ​បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ ​នូវ​រថយន្ត​ម៉ាក GAC និង Chevrolet នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​បាន​ពង្រីក​ការ​វិនិយោគ​លើ​ការ​កសាង​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ទាំង​ពីរ​ម៉ាក​នេះ នៅ​ប្រទេស​កម្ពុជា ដោយ​រោងចក្រ​បង្គុំ និង​ដំ​ឡើ​ង​រថយន្ត​នេះ បាន​សាងសង់​រួចរាល់ និង​បាន​ចាប់​ផ្តើ​ម​ដំណើ​រការ​បឋម នា​ពេល​ថ្មី​ៗ​នេះ​ ។

លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​មាន​បុគ្គលិក​ កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​ប្រមាណ ២៥០​នាក់ ដែល​សុទ្ធ​សឹង​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​យ៉ាង​ច្បាស់លាស់ ដើម្បី​ធានា​បាន​ នូវ​រថយន្ត​ដែល​មានគុណ​ភាព​, សុវត្ថិភាព និង​តម្លៃ​សមរម្យ​ជូន​អតិថិជន​កម្ពុជា​ ។

ក្នុង​ឱកាស​នេះ​ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​គោរព​អញ្ជើញ សម្ដេច​ធិ​បតី ផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ផ្លូវការ​នូវ​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ទាំង​ពីរ​ម៉ាក​នេះ ក្នុង​ពេលវេលា​សម​ស្រប​ណាមួយ នា​ឆ្នាំ​២០២៦​នេះ​ ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី បាន​សម្ដែង​នូវ​ការ​អបអរ​សារ​ទរ​ចំពោះ​វឌ្ឍនភាព​ នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​ជឿជាក់​ថា ក្រុមហ៊ុន​នឹង​បន្ត​រីក​ចម្រើន​បន្ថែម​ទៀត​។ សម្ដេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ពង្រីក​ការ​វិនិយោគ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន ដែល​ការ​វិនិយោគ​លើ​វិស័យ​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ការងារ​, ការ​ផ្ទេរ​បច្ចេកវិទ្យា​ដល់​កម្លាំង​ពលកម្ម​កម្ពុជា និង​ផ្តល់​នូវ​ផលិតផល​ដែល​មានគុណ​ភាព​, សុវត្ថិភាព និង​តម្លៃ​សមរម្យ​ ។

បន្ថែម​លើ​នេះ​ សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ និង​យន្តការ​គាំទ្រ​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ធានា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ប្រកបដោយ​ភាព​ធន់ និង ភាព​ប្រកួតប្រជែង​ ។

ជាទី​បញ្ចប់​, សម្ដេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ឬ​សិប្បកម្ម​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​សម្ភារ​បំពាក់​ក្នុង​រថយន្ត ក្នុង​ន័យ​បង្កើត​តម្លៃបន្ថែម​ដល់​សេដ្ឋកិច្ចជាតិ​ ៕