ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំបង្គាប់​​ឱ្យអ៊ីរ៉ង់​លើក​ទង់​ស​ចុះ​ចាញ់​ និង​គំ.រាម​វា.យ​​​អូម៉ង់​បើ​ប្រទេស​នេះ​ចុះ​កិច្ច​ព្រម​ព្រៀង​ស្ងាត់​ៗ​ជា​មួយ​អ៊ីរ៉ង់​

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​មាន​ប្រសាសន៍​កាល​ពី​យប់​មិញ​ថា​អ៊ីរ៉ង់​នឹង​មិន​ទទួល​យក​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​សង្គ្រាម​ទេ​។ លោក​ថា​អ៊ីរ៉ង់​គួរ​តែ​ទម្លាក់​អាវុធ​ចុះ​ចាញ់​ឱ្យ​ហើយ​ទៅ​ខណៈ​ដែល​ការ​ចរ​ចា​គ្នា​ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង​។ ពួក​គេ​នឹង​មិន​ព្រម​ទទួលយក​កិច្ច​ព្រម​ព្រៀង​ដែល​លោក​យល់​ថា​មាន​សារ​សំខាន់​នោះ​ទេ​។ មើល​ចុះ, ​យើង​ស្ថិត​នៅ​ទី​នោះ (អ៊ីរ៉ង់) ​ដើម្បី​ហេតុ​ផល​​តែ​ម៉្យាង​គឺ​មិន​អនុ​ញ្ញាត​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ជា​ដាច់​ខាត​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​អាមេរិក​នឹង​បន្ត​សុពល​ភាព​កិច្ច​ព្រម​ព្រៀ​ងនៃ​បទ​ឈប់​បាញ់​ជា​បណ្ដោះ​អាសន្ន​ ឬ​យ៉ាង​ណា?​​ លោក​ត្រាំ​ឆ្លើយ​តប​​ថា​លោក​នឹង​មិន​ធ្វើ​បែប​នេះ​ទេ​។

សូម​រំលឹក​ថា​កិច្ច​ព្រម​ព្រៀង​បណ្ដោះ​អាសន្ន​នោះធ្វើ​ឡើង​​កាល​ពី​ខែ​មិថុនា។ កិច្ច​ព្រម​ព្រៀង​នេះ​​អំពាវ​នាវ​ឱ្យ​​គ្រប់​ភាគី​ផ្អាក​សកម្ម​ភាព​យោធា​ជា​បន្ទាន់​ និង​​ជា​អចិន្ត្រៃយ៍​នៅ​គ្រប់​សមរ​ភូមិ​ទាំង​អស់​។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ កិច្ច​ព្រម​ព្រៀង​​​ក៏​បរាជ័យ​ទៅ​វិញ​។ លោក​ត្រាំប្រកាស​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ថា​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ ហើយ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​សូម​ផ្អាក​អនុ​វត្ត​តាម​កិច្ច​ព្រម​ព្រៀង​នេះ​។ មូល​ហេតុ​សំខាន់​ដោយ​សារ​អ៊ីរ៉ង់​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​នៅច្រក​សមុទ្រ​ហ័រ​ម៉ូស​ដោយ​ចោទ​ប្រកាន់​ថា​កប៉ាល់​ទាំង​នោះ​​មិន​ព្រម​អនុ​វត្ត​តាម​​ការ​ចង្អុល​បង្ហាញ​របស់​អ៊ីរ៉ង់​។ ដោយ​សារ​ខឹង​សម្បារ​នឹង​ទង្វើ​នេះ លោក​ត្រាំ​បញ្ជា​ឱ្យ​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី​។ យោង​តាម​អនុ​ស្សារណៈ​យោគ​យល់​គ្នា​នោះ  អ៊ីរ៉ង់ និង​អាមេរិក​ប្ដេជ្ញា​ថា​នឹង​បន្ត​ការ​ចរ​ចា​គ្នា​រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​ជា​ស្ថា​ពរ​។ ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​​ការ​ចរ​ចា​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផង​ដែរ​។

អនុ​ស្សារណៈ​នេះ​មាន​រយៈ​ពេល​អតិ​បរមា​៦០​ថ្ងៃ​ ហើយ​អាច​​នឹង​បន្ត​សុពល​ភាព​អាស្រ័យ​ទៅ​លើ​ការ​ព្រម​ព្រៀង​របស់​ភាគី​ទាំង​២​។ ប៉ុន្មាន​ម៉ោង​មុន​នេះ លោក​ត្រាំ​ថ្លែង​​ប្រាប់​ទូរ​ទស្សន៍​ហ្វក់​ (Fox) ថា​អ៊ីរ៉ង់​គួរ​លើក​ទង់​ស​សូម​ចុះ​ចាញ់​ឱ្យ​ហើយ​ទៅ​​។ ប្រទេស​អូម៉ង់ និង​អ៊ីរ៉ង់​កំពុង​ចរ​ចា​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ហ័រម៉ូស​ឡើង​វិញ​។ ហេតុ​នេះ លោក​ត្រាំ​សូម​ព្រមាន​ទុក​ជា​មុន​ថា​ប្រសិន​បើ​អូម៉ង់​ហ៊ាន​ព្រម​ព្រៀង​ស្ងាត់​ៗ​តែ​២​នាក់​ជា​មួយ​អ៊ីរ៉ង់​ យើង​នឹង​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ពួ​ក​គេ​ឱ្យ​ណា​ណី​ម្ដង​។ ចំពោះ​សំណួរ​ថា​តើ​លោក​បាត់​បង់​ការ​អត់​ធ្មត់​ចំពោះ​ប្រទេស​អូម៉ង់​ ឬ​យ៉ាង​ណា? លោក​ត្រាំ​ឆ្លើយ​តប​ថា​អត់​ទេ! លោក​គ្រាន់​តែ​គិត​ថា​ពួក​គេ​ធ្វើ​មិន​បាន​ល្អ​។ យើង​នឹង​ចាត់​ការ​ពួក​គេ​យ៉ាង​សម​ស្រប​បំផុត​​។

ជម្លោះ​ដណ្ដើម​គ្នា​កាន់​កាប់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឥន្ទនៈ​ហក់​ឡើ​ង​ខ្ពស់​ និង​ធ្វើ​ឱ្យ​លោក​ត្រាំ​ទទួល​រង​សម្ពាធ។ មជ្ឈ​ដ្ឋាន​ខ្លះ​បង្ខំ​ឱ្យ​លោក​បិទ​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​ព្រោះ​សង្គ្រាម​នេះ​លែង​មាន​ប្រជា​ប្រិយ​ភាព​ត​ទៅ​ទៀត​ហើយ​នៅ​ប្រទេស​អាមេរិក​។ ម៉្យាង​ទៀត​ ការ​បោះ​ឆ្នោត​សភា​នៅ​អា​មេ​រិក​ក៏​កាន់​តែ​ខិត​ចូល​មក​ដល់​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ត្រាំ​អះ​អាង​ថា​ការ​បោះ​ឆ្នោត​នោះ​គ្មាន​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​របស់​រដ្ឋា​ភិបាល​លោក​ទេ​។ លោក​ថា​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ឡើយ​។ កាល​ពី​មុន​នេះ​បន្តិច​ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​គោល​ដៅ​ធំ​បំផុត​របស់​យើង​គឺ​ «​អ៊ីរ៉ង់​មិន​អាច​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ជា​ដាច់​ខាត​»៕ ​ប្រភព៖ Reuters​