ទីក្រុងម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូស ជម្រាបជូនសមភាគីកូរ៉េខាងជើងថាប្រទេសយើងទាំង២កំពុងខិតខំកសាងនូវអ្វីដែលលោកហៅថា «ការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយភាពត្រឹមត្រូវ»។ លោកថ្លែងដូច្នេះបន្ទាប់ពីកូរ៉េខាងជើងជួយរុស្ស៊ីច្រើនណាស់ក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនពីតំបន់ខឺសកាលពីឆ្នាំមុន។ កូរ៉េខាងជើងក៏បន្តជួយផ្គត់ផ្គង់រុស្ស៊ីនូវកងទ័ព មីស៊ីល កាំភ្លើងធំ និងអាវុធយុទ្ធភ័ណ្ឌដទៃទៀតផងដែរ។ នៅក្នុងការផ្ញើសារជូនរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនោះ លោកឡាវរ៉ូសបញ្ជាក់ជាថ្មីថាទីក្រុងម៉ូស្គូនៅតែពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នៅក្នុងគ្រប់វិស័យទាំងអស់ និងចូលរួមចំណែកលើកស្ទួយសន្តិសុខនៅក្នុងតំបន់ និងសាកលលោក។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើងខេស៊ីអឹនអេ (KCNA)។

ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានបញ្ជូនកងទ័ព១,៤ម៉ឺននាក់ទៅរុស្ស៊ីកាលពីចុងឆ្នាំ២០២៤ដើម្បីបណ្ដេញកងទ័ពអ៊ុយក្រែន។ លោកពូទីនប្រកាសថារុស្ស៊ីទទួលបានជ័យជម្នះទាំងស្រុងនៅខឺសកាលពីខែឧសភា ឆ្នាំ២០២៥។ លោកក៏មិនភ្លេចនោះទេក្នុងការអរគុណលោកគីមជុងអ៊ុនជាអនេកប្បការចំពោះការជួយជ្រោមជ្រែងយ៉ាងអស់ពីចិត្តពីថ្លើម។ ទូរទស្សន៍កូរ៉េខាងជើងបានច្បិចយកប្រសាសន៍សំខាន់របស់លោកឡាវរ៉ូសមកផ្សាយថា «កូរ៉េខាងជើង និងរុស្ស៊ីបន្តកសាងសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយភាពត្រឹមត្រូវដោយផ្អែកទៅលើគោលការណ៍សមភាពដ៏ពិតប្រាកដ និងផ្អែកទៅលើកត្តាផលប្រយោជន៍ជាតិរៀងៗខ្លួន»។

លោកសរសេររៀបរាប់នៅក្នុងសារនោះបន្តទៀតថា «ការចូលរួមរបស់កងទ័ពកូរ៉េខាងជើងនៅក្នុងការបណ្ដេញកងទ័ពណាហ្ស៊ីអ៊ុយក្រែន និងទាហានស៊ីឈ្នួលដទៃទៀតចេញពីតំបន់ខឺសគឺជាសក្ខីភាពច្បាស់ណាស់បញ្ជាក់អំពីចំណងមិត្តភាពយោធារវាងប្រទេសយើងទាំង២ដែលបន្តមត៌កនេះជាច្រើនជំនាន់មកហើយ»។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ២០២២ រុស្ស៊ីតែងតែពិពណ៌នារបបដឹកនាំរបស់លោកហ្សេឡិនស្គីជាក្រុមណាហ្ស៊ីជំនាន់ថ្មី។ រុស្ស៊ីចោទប្រកាន់ថាអ៊ុយក្រែនធ្វើទុក្ខបុកម្នេញក្រុមអ្នកនិយាយភាសារុស្ស៊ីនៅអ៊ុយក្រែន។ លោកហ្សេឡិនស្គីមានសែស្រឡាយជាជនជាតិជ្វីប និងជាសម្ព័ន្ធមិត្តរបស់ក្រុមបស្ចិមប្រទេស។ ដូច្នេះ លោកសូមច្រានចោលការចោទប្រកាន់នេះ និងចាត់ទុកថានេះជាភាសាឥតន័យ។

កូរ៉េខាងត្បូង និងក្រុមប្រទេសលោកខាងលិចបារម្ភថាជាថ្នូរនឹងការតបស្នងដែលកូរ៉េខាងជើងជួយជ្រោមជ្រែងរុស្ស៊ី រុស្ស៊ីអាចនឹងជួយអភិវឌ្ឍកម្មវិធីអាវុធរបស់កូរ៉េខាងជើងឱ្យកាន់តែទំនើប។ កាលពីដើមខែសីហា លោកហ្សេឡិនស្គីអះអាងថាកូរ៉េខាងជើងត្រៀមបញ្ជូនកងទ័ព៥ម៉ឺននាក់ទៅរុស្ស៊ីដើម្បីត្រៀមវាយប្រហារអ៊ុយក្រែន។ លោកថាកូរ៉េខាងជើងក៏បញ្ជូនកងឯកភាពយោធាបាញ់មីស៊ីលទៅរុស្ស៊ីផងដែរ។ កូរ៉េខាងជើងបានបញ្ជូនទៅឱ្យរុស្ស៊ីនូវរាប់លានគ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់ រួមទាំងគ្រាប់មីស៊ីលផ្លោង រ៉ុកកែតរយៈចម្ងាយឆ្ងាយ និងជើងទម្របាញ់កាំជ្រួចហ្វូង។ នេះបើយោងតាមរបាយការណ៍របស់អ៊ុយក្រែន និងក្រុមអ្នកវិភាគឯករាជ្យ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ