ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាក៏ដោយឲ្យតែអាចបម្រើជាតិ និងប្រជារាស្រ្ត យើងគួរតែស្វាគមន៍!

2 ថ្ងៃ មុន

ក្រោយ​ការ​តែងតាំង​លោកស្រី កឹ​ម មនោ​វិទ្យា កូនស្រី​លោក កឹ​ម សុខា អតីត​មេ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ និង​ការ​ឃុំឃាំង​នៅ​ក្នុង​លំនៅ​ស្ថាន ជា​ប្រេសិត​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី មាន​ព័ត៌មាន​អេចអូច​ចេញ​ច្រើន ។ ប៉ុន្តែ​ដើម្បី​ជាតិ និង​មាតុភូមិ នរណា​ក៏​ដោយ​ឲ្យ​តែ​អាច​បម្រើ​ជាតិ និង​មាតុប្រទេស​បាន យើង​គួរតែ​ស្វាគមន៍

ការ​តែងតាំង​នេះ បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោកស្រី បាន​ជួប​ជាមួយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី​១៤ ខែសីហា និង​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ៣​ថ្ងៃ​ក្រោយមក ។

នៅ​ក្រោយ​ជំនួប​នៅ​ថ្ងៃ​នោះ ប្រមុខ​រាជរដ្ឋាភិបាល បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​«​ក្នុង​នាម​ជា​អ្នកនយោបាយ​ជំនាន់​ថ្មី​ដូច​គ្នា គឺ​មាន​កិច្ចការ​មួយ​ចំនួន ដែល​យើង​អាច​រួម​សហការ​គ្នា​ធ្វើ ដើម្បី​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ​យើង ជា​ពិសេស​នៅ​លើ​ឆាក​អន្តរជាតិ​» ។

ដោយឡែក​សម្តេច​តេ​ជោ វិញ​ក៏​បង្ហោះ​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​១៧ ខែសីហា សម្តេច​បាន​ទទួល លោក កឹ​ម សុខា ភរិយា រួម​ទាំង​លោកស្រី កឹ​ម មនោ​វិទ្យា ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា លោក កឹ​ម សុខា បាន​ទៅ​សួរសុខទុក្ខ​សម្ដេច មុន​ពេល​លោក កឹ​ម សុខា ទៅ​សួរសុខទុក្ខ​ពលរដ្ឋ​ភៀស​សឹក ។

សម្តេច​តេ​ជោ បាន​ចែករំលែក​ថា ថ្ងៃ​នោះ​លោក រួម​ជាមួយ​លោកស្រី និង​កូនស្រី បាន​មក​សួរសុខទុក្ខ​សម្តេច ម្តងទៀត​ហើយ បាន​ជជែក​គ្នា​រហូត​៣​ម៉ោង ដោយ​និយាយ​ច្រើន​ជាមួយ​លោកស្រី កឹ​ម មនោ​វិទ្យា​។ សម្តេច​តេ​ជោ បាន​បន្ត​ថា លោកស្រី កឹ​ម មនោ​វិទ្យា ពិតជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ ។

ក្រោយ​ការ​ចែករំលែក​ដោយ​ប្រមុខ​រដ្ឋាភិបាល និង​ប្រធាន​ព្រឹទ្ធសភា​មក លោកស្រី កឹ​ម មនោ​វិទ្យា ក៏​ទទួល​បាន​តួនាទី​ជា​ប្រេសិត​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី ។

ការ​តែងតាំង​នេះ ត្រូវ​បាន​អ្នកវិភាគ​ខ្លះ​អះអាង​ថា នេះ​ជា​ការ​បង្ហាញ​ស្មារតី​សាមគ្គីភាព​ជាតិខ្មែរ ដោយសារ​តែ​ទោះបីជា​អ្នកនយោបាយ​មាន​និន្នាការ​ផ្ទុយ​គ្នា​យ៉ាងណា ក៏​នៅ​តែ​អាច​រួបរួម​គ្នា​បាន ដោយ​យក​ផលប្រយោជន៍​ជាតិ​ជា​ធំ ។ ខណៈ​ដែល​អ្នកខ្លះ​បង្ហាញ​ថា នេះ​គឺជា​ការ​ចុះចាញ់​ខាង​នយោបាយ​មួយ រីឯ​អ្នក​ផ្សេង​ទៀត​ក៏​បាន​បញ្ចេញ​ទស្សនៈ​ផ្សេង​ៗ​តាម​ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​នាម​ជា​ខ្មែរ​ប្រសិនបើ​មានគុណ​តម្លៃ​និង​សមត្ថភាព ការ​សម្រេចចិត្ត​ចូល​មក​អង្គុយ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ផលប្រយោជន៍​របស់​រាស្ត្រ​និង​ប្រទេស​មិនមែន​ជា​រឿង​ចុះចាញ់​ឫ​បរាជ័យ​ឡើយ ។

នៅ​ក្នុង​នាម​ជា​អ្នក​ដែល​សិក្សា​នៅ​បរទេស ហើយ​រស់នៅ​បរទេស​មួយ​រយៈពេល​កន្លង​មកនេះ លោកស្រី ត្រូវ​បាន​រំពឹង​ថា នឹង​អាច​កាន់កាប់​តួនាទី​នេះ​ប្រសើរ​បំផុត ពីព្រោះ​ថា ប្រេសិត​ពិសេស​នេះ មាន​តួនាទី​ជា​អ្នក​នាំសារ ចរចា​សម្រុះសម្រួល ស្វែងរក​ចំណុចរួម និង រាយការណ៍​ទៅ​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​បាន ។ តួនាទី​នេះ អាច​ជួយ​នាយក​រដ្ឋមន្ត្រី​បាន​ច្រើន រាប់​តាំងពី​បញ្ហា​ជម្លោះព្រំដែន ការ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ ក៏​ដូច​ជា​កិច្ចការ​ជាតិ​នានា​បាន ទោះបីជា​មិន​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​ការ​សម្រេចចិត្ត​ក៏​ដោយ​ចុះ ។

ផ្អែក​តាម​ទឡ្ហីករណ៍​ខាងលើ ការ​តែងតាំង​លោកស្រី កឹ​ម មនោ​វិទ្យា ជា​ប្រេសិត​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី គួរ​ត្រូវ​បាន​មើលឃើញ​ក្នុង​ទស្សនៈ​ទូលំទូលាយ​ជាង​ការ​ប្រកួតប្រជែង ឬ​ការ​ចុះចាញ់​ផ្នែក​នយោបាយ ។ ប្រសិនបើ ការ​ចូលរួម​របស់​លោកស្រី​អាច​ប្រើប្រាស់​បទ​ពិសោធន៍ ចំណេះដឹង និង​ទំនាក់ទំនង​របស់​ខ្លួន ដើម្បី​ជួយ​ដល់​ការ​ចរចា ការ​សម្រុះសម្រួល ការ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ និង​ការ​ការពារ​ផលប្រយោជន៍​ជាតិ នោះ ការ​ទទួលយក​តួនាទី​នេះ​អាច​ចាត់ទុកជា​ការ​ចូលរួម​បម្រើ​ជាតិ​។

ក្រៅពី​នោះ នៅ​ក្នុង​បរិបទ​ដែល​ប្រទេស​ត្រូវការ​ការ​រួបរួម និង​ការ​ប្រើប្រាស់​ធនធានមនុស្ស គ្រប់​ភាគី ដែល​មាន​ប្រវត្តិ ឬ​ទស្សនៈ​នយោបាយ​ខុស​គ្នា អាច​ចូលរួម​ធ្វើការ​ជាមួយ​គ្នា ដោយ​ដាក់​ផលប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ​ជា​អាទិភាព គឺជា​រឿង​ដែល​គួរ​ឱ្យ​លើកទឹកចិត្ត​។ តម្លៃពិត​នៃ​ការ​តែងតាំង​នេះ មិន​គួរ​វាស់​ត្រឹមតែ​តួនាទី ឬ​សារ​នយោបាយ នៅ​ពេល​តែងតាំង​នោះ​ទេ​។ ប៉ុន្តែ​គួរ​វាស់​តាម លទ្ធផល​ជាក់ស្តែង​នៃ​ការងារ សមត្ថភាព​ក្នុង​ការ​សម្រុះសម្រួល និង​អត្ថប្រយោជន៍​ដែល​ប្រទេស​ជាតិ​ទទួល​បាន​។

សរុប​ទៅ ប្រសិនបើ​លោកស្រី កឹ​ម មនោ​វិទ្យា អាច​បំពេញ​តួនាទី​ជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង ជួយ​បញ្ជូន​សារ ស្វែងរក​ចំណុចរួម និង​រួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​បាន នោះ​ការ​ចូល​មក​រួមការ​ងារ​ជាមួយ​គ្នា មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា «​ការ​ចុះចាញ់​» ឬ​«​ការ​បរាជ័យ​» របស់​ភាគី​ណាមួយ​ឡើយ ។

ផ្ទុយ​ទៅ​វិញ វា​អាច​ក្លាយជា​ឧទាហរណ៍​មួយ​បង្ហាញ​ថា ភាព​ខុស​គ្នា​ផ្នែក​ទស្សនៈ​នយោបាយ​អាច​រក្សា​ទុក​នៅ​ជ្រុង​ម្ខាង​បាន នៅ​ពេល​ផលប្រយោជន៍​ជាតិ និង​មាតុភូមិ​ត្រូវ​បាន​ដាក់​នៅ​ជា​ចំណុចរួម ហើយ​យក​ផលប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ​ជា​គោល ៕