ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​វា.យ​ប្រ.ហារ​រុស្ស៊ី​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ខណៈ​ដែល​រុស្ស៊ី​បា.ញ់​មីស៊ីល​ស្លា.ប់​ជ.ន​ស៊ី.វិ.ល​ដប់​នាក់​

2 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ អ៊ុយ​ក្រែន​វាយ​ប្រហារ​ដោយ​ដ្រូន​នៅ​ក្នុង​ទ្រង់​ទ្រាយ​​​ធំ​បំផុ​ត​មួយ​​ទៅ​លើ​ប្រទេស​រុស្ស៊ី​។ អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ជិត​៨០០​គ្រឿង​ទៅ​វាយ​ប្រហារ​រុស្ស៊ី​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណែក​រុស្ស៊ី​ក៏​​បាញ់​មីស៊ីល​ចូល​ភូមិ​មួយ​នៅ​តំបន់​ខា​គីវ​របស់​អ៊ុយ​ក្រែន​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​ដប់​នាក់​ និង​របួស​៨​នាក់​។ ប្រទេស​ទាំង​២​កំពុង​ជាប់​គាំង​ទៅ​មុខ​មិន​រួច ថយ​ក្រោយ​មិន​រួច​នៅ​ក្នុង​សង្គ្រាម​។ ដូច្នេះ ពួកគេ​ច្រើន​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​តាម​ផ្លូវ​អាកាស​។ មួយ​ឆ្នាំ​កន្លង​ទៅ​នេះ អ៊ុយ​ក្រែន​ខិត​ខំ​ផលិត​ដ្រូន​ក្នុង​ស្រុក និង​បញ្ជូន​ទៅ​វាយ​ប្រហារ​ឆ្ងាយៗ​​នៅ​ក្នុង​​ទឹក​ដី​រុស្ស៊ី​។ ការ​រីក​ចម្រើន​បច្ចេក​វិទ្យា​ផលិត​ដ្រូន​​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នានា រួម​ទាំង​ក្រុម​ហ៊ុន​ផលិត​គ្រឿង​បរិក្ខារ​យោធា​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។

មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ចង់​ធ្វើ​ឱ្យ​រុស្ស៊ី​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​ពួក​គេ​ដែល​ដុត​បញ្ឆេះ​សង្គ្រាម​ និង​ចង់​ដាក់​សម្ពាធ​ឱ្យ​លោក​ពូទីន​យល់​ព្រម​ចូល​តុ​ចរ​ចា​ដើម្បី​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​រហូត​មក​ដល់ពេល​នេះ លោក​ពុំ​ដែល​បង្ហាញ​សញ្ញា​ចង់​បិទ​បញ្ចប់​សង្គ្រាម​ម្ដង​ណា​ឡើយ​លុះ​ត្រា​តែ​គេ​ធ្វើតាម​ការ​ទាម​ទារ​របស់​លោក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ លោក​អាន​ឌ្រី ស៊ី​ប៊ីហា ថ្លែង​ថា​លោក​ពូទីន​បន្ត​អូស​បន្លាយ​សង្គ្រាម​​​ឱ្យ​ឆាប​ឆេះ​កាន់​តែ​យូរ ​ជា​ជាង​ទទួល​យក​សំណើ​នៃ​បទ​ឈប់​បាញ់​​ និង​បិទ​បញ្ចប់​សង្គ្រាម​ដ៏បង្ហូរ​ឈាម​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​៧៩១​គ្រឿង​នៅ​លើ​ទី​តាំង​មួយ​ចំនួន​នៃ​ប្រទេស​រុស្ស៊ី, ​​នៅ​លើ​ឧបទ្វី​ប​គ្រី​មៀ​​, នៅ​សមុទ្រ​ខ្មៅ និង​សមុទ្រ​អាហ្សូស (Azov)​។

នេះ​ជា​ការ​វាយ​ប្រហារទ្រង់​ទ្រាយ​ធំ​លំដាប់​ទី​២​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន​ទៅ​លើ​រុស្ស៊ី​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៥។ អភិបាល​ក្រុង​ម៉ូស្គូ លោក​សឺហ្គេ សូប៊ី​យ៉ានីន ថ្លែង​​ថា​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ជាង​៦០០​គ្រឿង​ហោះ​សំដៅ​ទី​ក្រុង​នេះ​។ ក្នុង​នោះ ដ្រូន​១៨០​គ្រឿង​ត្រូ​វបាន​បាញ់​ទម្លាក់​។ លោក​និយាយ​ដោយ​ខ្លី​ៗ​តែ​ត្រឹម​នេះ​ដោយ​មិន​បរិយាយ​លម្អិត​ពេក​ទេ​។ រុស្ស៊ី​អះ​អាង​ថា​គ្មាន​អ្នក​ស្លាប់​ ឬ​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​លើក​នេះ​ឡើយ​។ នៅ​តំបន់​ខ្សែ​ក្រវាត់​ទី​ក្រុង​ម៉ូស្គូ មនុស្ស​បី​នាក់​រង​របួស​។ ការ​វាយ​ប្រហារ​នោះ​បង្ក​ជា​ភ្លើង​ឆេះ​ដេប៉ូ​ស្តុក​ទុក​ទំនិញ​មួយ​កន្លែង​របស់​ក្រុម​ហ៊ុន​វីល​បឺរី (Wildberries) ដែល​ជា​ក្រុម​ហ៊ុន​លក់​ទំនិញ​អន​ឡាញ​ធំ​ជាង​គេ​របស់​​រុស្ស៊ី​។ អ៊ុយ​ក្រែន​ច្រើន​ដាក់​គោល​ដៅ​វាយ​ប្រហារ​ឃ្លាំង​ទំនិញ​របស់​ក្រុមហ៊ុន​រុស្ស៊ីព្រោះ​​ខ្លួន​ជឿ​ជាក់​ថា​ក្រុម​ហ៊ុន​ទាំង​នោះ​​​ជួយ​ជ្រោម​ជ្រែង​យោធា​របស់​រុស្ស៊ី​។

ក្រុម​ហ៊ុន​វីល​បឺរី​អះ​អាង​ថា​ខ្លួន​រង​គ្រោះ​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ អ៊ុយ​ក្រែន​ចោទ​ប្រកាន់​ថា​រុស្ស៊ី​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​វាយ​ប្រហារ​ដ៏​ឃោរ​ឃៅ​ទៅ​លើ​ជន​ស៊ីវិល​​។ មីស៊ីល​រុស្ស៊ី​មួយ​គ្រាប់​វាយ​ប្រហារ​ភូមិ​ឈ្មោះ​ប៉ិច​ឆឹន​នី​ហ៊ី (Pechenihy) នៃ​តំបន់​ខា​គីវ​ បណ្ដាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ដប់​នាក់​។ នេះ​បើ​យោ​ងតាម​លោក​អូឡេ ស៊ី​នី​ហ៊ូប៉ូវ (Oleh Syniehubov) ជា​មេ​បញ្ជា​ការ​យោធា​ប្រចាំ​តំបន់​ខា​គីវ​។ មនុស្ស​១៧​នាក់​ទៀត​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​នោះ​។ លោក​ហ្សេឡិនស្គី​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ដ៏ឃោរ​ឃៅ​ទៅ​លើ​ជន​ស៊ីវិល​ និង​បំផ្លិច​បំផ្លាញ​ផ្ទះ​ដប់​ខ្នង​, ហាង​កាហ្វេ​មួយ​កន្លែង​, ប៉ុស្តិ៍​ប្រៃសណីយ៍​, ហាង​លក់​ទំនិញ និង​ឡាន​យ៉ាង​តិច​៧​គ្រឿង​។ លោក​ហ្សេឡិនស្គី​ថា​យើង​ត្រូវ​តែ​សង​សឹក​ចំពោះ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ រុស្ស៊ី​ក៏​វាយ​ប្រហារ​តំបន់​ស៊ូមី​របស់​អ៊ុយ​ក្រែន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​បី​នាក់​ និង​របួស​បី​នាក់​​ផង​ដែរ​៕ ប្រភព៖ AP​