លោក ចន ប្រុស ត្រូវបានសាលាដំបូងខេត្តកំពតប្រកាសសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំពីបទពាក់ព័ន្ធរុករានទន្ទ្រានយកដីរដ្ឋ
- កំពត
ខេត្តកំពត ៖ យោងតាមឯកសារផ្លូវការសាលក្រមព្រហ្មទណ្ឌលេខ ៦៤៤ “ធ” ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ (និងដីកាពាក់ព័ន្ធ) របស់សាលាដំបូងខេត្តកំពត បានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ចន ប្រុស ភេទប្រុស កើតឆ្នាំ 1983 (មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិអំពើទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌសែនសុខ រាជធានីភ្នំពេញ) ពីបទ «ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាប់កាប់ដីព្រៃគ្មានលិខិតអនុញ្ញាត» ។
១- អង្គហេតុ និងដំណើររឿងក្ដី
តាមអង្គហេតុដែលមាននៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១០៤ ចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ កម្លាំងរដ្ឋបាលព្រៃឈើកែប-កំពត សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំតាកែន បានចុះបង្ក្រាបករណីឈូសឆាយដីព្រៃ និងហ៊ុព័ទ្ធកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ នៅចំណុចផ្លូវកែវសាង ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញសកម្មភាពប្រើប្រាស់គ្រឿងចក្រ (អេស្កាវ៉ាទ័រ ម៉ាក CAT ពណ៌លឿង ១គ្រឿង) ដើម្បីកាយប្រឡាយ និងឈូសឆាយដីព្រៃរបស់រដ្ឋ ។ តាមការស្រាវជ្រាវ និងចម្លើយសារភាពរបស់តៃកុងគ្រឿងចក្រ និងសាក្សីបានបញ្ជាក់ថា សកម្មភាពឈូសឆាយនេះត្រូវបានបញ្ជា និងចាត់ចែងដោយឈ្មោះ ចន ប្រុស ដោយគ្មានលិខិតអនុញ្ញាត ឬច្បាប់ទម្លាប់ពីក្រសួង ឬស្ថាប័នជំនាញឡើយ ។
២- ការដោះស្រាយតាមផ្លូវតុលាការ និងការបដិសេធ
ទោះបីជាជនជាប់ចោទ ចន ប្រុស បានព្យាយាមធ្វើការប្តឹងទាស់ និងសំអាងលើហេតុផលផ្សេងៗ (ដូចជាការអះអាងថាធ្វើផ្លូវសម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬការខិតខំស្វែងរកលិខិតស្នើសុំពីអាជ្ញាធរ) ក៏ដោយ ប៉ុន្តែតុលាការបានពិនិត្យយ៉ាងល្អិតល្អន់ទៅលើអង្គហេតុ និងអង្គច្បាប់ រកឃើញថា៖
សកម្មភាពរបស់ជនជាប់ចោទគឺជា បទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ៩៧ ចំណុចទី៦ នៃច្បាប់ស្តីពីព្រៃឈើ។
ការអះអាង និងការទាញហេតុផលដោះសារផ្សេងៗ មិនអាចកែប្រែអង្គហេតុនៃការរំលោភបំពាន និងការឈូសឆាយដីព្រៃរបស់រដ្ឋដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់បានឡើយ។
៣-សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សុខ លី ព្រមទាំងចៅក្រមប្រឹក្សា (លោក អៀង វណ្ណា និងលោកស្រី លី ម៉ារីណា) ដោយមានវត្តមានលោក តំណាងអយ្យការ ប៊ិន ស៊ុយ បានប្រកាសសាលក្រមជាផ្លូវការដូចខាងក្រោម៖
ផ្តន្ទាទោស៖ ដាក់ពន្ធនាគារជនជាប់ចោទ ចន ប្រុស កំណត់រយៈពេល ៥ (ប្រាំ) ឆ្នាំ ពីបទ «ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃគ្មានលិខិតអនុញ្ញាត» ប្រព្រឹត្តនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
ដីកាចាប់ខ្លួន៖ តុលាការបានចេញ ដីកាបង្គាប់ឱ្យចាប់ខ្លួន (ដីកាតាមចាប់ខ្លួន) លើឈ្មោះ ចន ប្រុស ដើម្បីនាំខ្លួនមកអនុវត្តទោសតាមកំណត់ច្បាប់។
សេចក្តីសន្និដ្ឋាន៖ ករណីរបស់លោក ចន ប្រុស គឺជាសារមួយបញ្ជាក់យ៉ាងច្បាស់អំពីភាពម៉ឺងម៉ាត់នៃការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសលើបទល្មើសធនធានធម្មជាតិ និងដីធ្លីរបស់រដ្ឋ។ ទោះបីជាមានការប្រើប្រាស់រូបភាពជាសកម្មជន ឬការទាញហេតុផលផ្សេងៗមកបាំងមុខយ៉ាងណាក៏ដោយ ក៏ទង្វើដែលល្មើសនឹងច្បាប់ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ។







ចែករំលែកព័តមាននេះ