ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ផ្សារអ្នក​លឿង បើមិនធ្វើតាមទេលែងយោគយល់ហើយ​

2 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី 18 សីហា អាជ្ញាធរ​ស្រុក​ពាម​រក៍ បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​អ្នក​លឿង ដោយ​ដេញ​ក្រុម​អាជីវករ​លក់​បន្លែ​ត្រី​សាច់ នៅ​លើ​ផ្លូវ​បេតុង​ស្ទឹង​ខៀវ ឲ្យ​ចូល​លក់​ក្នុង​ផ្សារ​ថ្មី​ទើប​សង់​រួច ដើម្បី​បើកផ្លូវ​បេតុង​ឲ្យ​ធំ​ទូលាយ ងាយស្រួល​ធ្វើ​ចរាចរណ៍ ពិសេស​ពេល​មាន​អគ្គី​ភ័យ​កើតឡើង​អាច​ឲ្យ​ឡានទឹក​បើក​ចូល​រួច ​។ ក្នុង​ពេល​ចុះ​ដេញ​នេះ គេ​ឃើញ​ក្រុម​អាជីវករ​លក់​បន្លែ​ត្រី​សាច់​ជា​ច្រើន​នាក់ បាន​ស្ម័គ្រចិត្ត​រើអី​វ៉ា​ន់​ចូល​ទៅ​លក់​ក្នុង​ផ្សារ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ប៉ុន្តែ​ក៏​មាន​អាជីវករ​មួយ​ចំនួន​ទៀត​បាន​ផ្ទុះ​ប្រតិកម្ម​ និង​ធ្វើការ​តវ៉ា មិន​ព្រមទៅ​លក់​ក្នុង​ផ្សារ​ថ្មី ដែល​អាជ្ញាធរ​រៀបចំ​នោះ​ទេ ​។

ក្រុម​អាជីវករ​ដែល​ជំទាស់​តវ៉ា ភាគច្រើន​ជា​ម្ចាស់ផ្ទះ​ដែល​នៅ​សងខាង​ផ្លូវ​បេតុង ដោយ​ពួក​គាត់​អះអាង​ថា គាត់​លក់ដូរ​មុខ​ផ្ទះ​របស់​គាត់ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ទេ ហើយ​បើ​ឱ្យ​គាត់​ទៅ​លក់​ក្នុង​ផ្សារ ត្រូវ​បង់លុយ​ឱ្យ​គេ គាត់​មិន​ទៅ​ទេ​ ។ ចំណែក​អាជីវករ​មួយ​ចំនួន​ទៀត ដែល​លក់​នៅ​លើ​ផ្លូវ​បេតុង ហើយ​មិន​ទាន់​រើ​ចេញ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​លក់​លើ​ផ្លូវ​បេតុង​មុខ​ផ្ទះ​គេ ត្រូវ​បង់លុយ​ឲ្យ​គេ បើ​ទៅ​លក់​ក្នុង​ផ្សារ​ក៏​ត្រូវ​បង់លុយ​ឲ្យ​ថៅកែ​ផ្សារ គឺ​លក់​កន្លែង​ណា​ក៏​បង់លុយ​ដែរ ​។ ​ប៉ុន្តែ​មូលហេតុ​ដែល​គាត់​មិន​ទាន់​ទៅ​លក់​ក្នុង​ផ្សារ ព្រោះ​ខ្លាច​លក់​មិន​ដាច់​ដូច​នៅ​កន្លែង​ចាស់ ដូច្នេះ​ហើយ​ទើប​នៅ​រារែក​ចាំ​មើល​គេឯង​សិន​ទៅ ​។ ដោយឡែក​អាជ្ញាធរ​ស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចុះ​អនុវត្ត​វិធានការ​ក្តៅ​នេះ អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ប្រកាស​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​អាជីវករ​ទាំងអស់​ដែល​លក់​នៅ​លើ​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ​អ្នក​លឿង ឱ្យ​រើ​ចូល​ទៅ​លក់​ក្នុង​ផ្សារ​ថ្មី ដែល​នៅ​ក្បែរ​គ្នា​នោះ ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ក្រុម​អាជីវករ​មិន​ព្រមទៅ​សោះ ទើប​អាជ្ញាធរ​ត្រូវ​ចុះ​អនុវត្ត​ទាំង​បង្ខំ​នៅ​ពេល​នេះ ​។

អាជ្ញាធរ​ស្រុក​ពាម​រក៍ បាន​បញ្ជាក់​ថា ផ្សារ​ថ្មី​ដែល​រៀបចំ​ឲ្យ​អាជីវករ​ចូល​ទៅ​លក់ មាន​ទីតាំង​ធំ​ទូលាយ​ល្អ មាន​ប្រព័ន្ធ​ទឹក​ភ្លើង​គ្រប់គ្រាន់ និង​មាន​ដំបូល​ការពារ​ថ្ងៃ​ក្តៅ និង​មេឃ​ភ្លៀង បាន​យ៉ាង​ល្អ​ទៀត​ផង ហើយ​សំខាន់​ពេល​ចូល​ទៅ​លក់​ក្នុង​ខែ​ដំបូង ម្ចាស់​ផ្សារ​គេ free ឲ្យ​មិន​យក​លុយ​ទេ​ ។ ប៉ុន្តែ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​នៅ​ស្ទាក់ស្ទើរ​រារែក គឺ​ដោយសារ​មាន​អាជីវករ​ជា​ម្ចាស់ផ្ទះ នៅ​ចាក់​ផ្លុំ​ពីក្រោយ ព្រោះ​ម្ចាស់ផ្ទះ​ជួល​ដី​មុខ​ផ្ទះ​ឲ្យ​គេ​លក់ បាន​ចំណូល​ច្រើន​ដែរ បើ​គេ​រើ​ចេញ​ទៅ​លក់​ក្នុង​ផ្សារ​អស់ ម្ចាស់ផ្ទះ​ទាំងនោះ​ក៏​បាត់​ចំណូល​អស់​ច្រើន​ដែរ ​។ អាជ្ញាធរ​ស្រុក​ពាម​រក៍ បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ 18 សីហា​នេះ អាជ្ញាធរ​គ្រាន់តែ​ចុះ​ដេញ​អាជីវករ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី 19 សីហា ​ទៅអាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ក្តៅ លែង​យោគយល់ បើ​អាជីវករ​ណា​នៅ​រឹងទទឹង បន្ត​លក់​លើ​ផ្លូវ​បេតុង​ទៀត អាជ្ញាធរ​និង​ចាប់​រើ​បោះ​ដាក់​រទេះដឹក​ចេញ​តែ​ម្ដង ៕