រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកបានប្រកាសនាព្រឹកថ្ងៃទី១៨ ខែសីហានេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយតំបន់មាត់សមុទ្រ មានកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។

ក្រសួងធនធានទឹក និងឧតុនិយមបានបន្តថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦៖
១. តំបន់វាលទំនាបមានសីតុណ្ហភាព ៖ អប្បបរមា ២៥°C និងអតិបរមា ៣៥°C។ បក់មកពីទិសនិរតី និងទិសពាយព្យ ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០% ។

២. តំបន់ខ្ពង់រាបមានសីតុណ្ហភាព ៖ អប្បបរមា២៤°C និងអតិបរមា ៣៤°C។ បក់មកពីទិសនិរតី និងទិសបស្ចិម ក្នុងល្បឿនមធ្យម ៨ ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០% ។

៣. តំបន់មាត់សមុទ្រមានសីតុណ្ហភាព ៖ អប្បបរមា ២៥°C និងអតិបរមា ៣៥°C ។ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៧ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០% ។ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ ៕

ចែករំលែកព័តមាននេះ