ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​ដែនសមុទ្រ​ត្រួត​គ្នា កម្ពុជា​-​ថៃ តាម​យន្តការ UNCLOS នឹង​ផ្តល់​ឱកាស​អភិវឌ្ឍន៍​ធនធាន​ប្រេង និង​ឧស្ម័ន

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​បាន​រំពឹង​ថា ការ​យន្តការ​នៃ​ផ្សះ​ផ្សាយ​ស្តី​ពី​នីតិ​សមុ​ទ្រ​(UNCLOS) គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ដំណោះស្រាយ​បញ្ហា​ការ​ទាមទារដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ នឹង​ផ្តល់​នូវ​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​ប្រេង​និង​ឧស្ម័ន នៅ​ក្នុង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៦​ ឯកឧត្តម​ ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង អំពី វឌ្ឍនភាព ​នៃ​យន្តការ​ផ្សះផ្សា ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​ការ​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា ​។

ឯកឧត្តម​ថា​ ការ​ស្រុះស្រួល​គ្នា​រវាង​អ្នកផ្សះផ្សា​ទាំង​៤​រូប ដែល​តែងតាំង​ដោយ​ភាគី​កម្ពុជា​និង​ថៃ ដែល​បាន​ព្រមព្រៀង​គ្នា​ជ្រើសរើស​លោកស្រី Katrina Cooper ជា​ប្រធាន​គណៈកម្មការ​ផ្សះផ្សា​ក្រោម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ (Compulsory Conciliation) នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​ (UNCLOS) គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ដំណោះស្រាយ​បញ្ហា​ការ​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លើក​ឡើង​ទៀត​ថា ​ក្រៅពី​ការ​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​ថ្មី​នេះ​ និង​ថ្លែងអំណរគុណ​ដល់​លោកស្រី Katrina Cooper ដែល​បាន​យល់ព្រម​ទទួល​ភារកិច្ច​ដ៏​សំខាន់​នេះ កម្ពុជា​រំពឹង​ថា ដំណើរការ​ផ្សះផ្សា​នឹង​បន្តការងារ​ទៅ​មុខ​តាម​រយៈ​ការ​កោះ​ប្រជុំ​ជា​លើក​ដំបូង ស្តី​ពី នីតិវិធី​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ​។

ឯកឧត្តម​ ក៏​សូម​បញ្ជាក់​ថា ដំណើរការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការ សហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ ​ដើម្បី​ដោះស្រាយ​វិវាទ​ការ​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា រវាង​កម្ពុជា​-​ថៃ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​កម្ពុជា ​។

អ្នកនាំពាក្យ​បញ្ជាក់​ថា​៖”​កម្ពុជា​ក៏​ជឿជាក់​ថា ដំណើរការ​ផ្សះផ្សា​នេះ​នឹង​ផ្តល់​នូវ​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​ប្រេង​និង​ឧស្ម័ន នៅ​ក្នុង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​ក្នុង​បរិបទ​ដែល​សន្តិសុខ​ថាមពល​កំពុង​ក្លាយជា​ក្តី​បារម្ភ​ដ៏​ធំ​មួយ​ទាំង​ក្នុង​តំបន់ និង​ពិភព លោក​”​។

រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​លើ​ដែនសមុទ្រ ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​បន្ត​ផ្តល់​ទំនុកចិត្ត​ចំពោះ​ដំណើរការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គ ការ​សហប្រជាជាតិ (UNCLOS)​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​រម្លឹក​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ (Compulsory Conciliation) ក្រោម​អនុសញ្ញា អង្គការសហប្រជាជាតិ ស្តី​ពី នីតិ​សមុទ្រ​(UNCLOS ) ដើម្បី​ដោះស្រាយ​ការ​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​ជាមួយ​ប្រទេស​ថៃ​។ ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ថៃ​បាន​សម្រេច​លុប​ចោល​ជា​ឯកតោភាគី​នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ​ហៅ​កាត់​ថា MoU 2001 ដែល​ជា​ក្រប​ខណ្ឌ​ទ្វេភាគី​ព្រមព្រៀង​គ្នា​តែ​មួយ​គត់​សម្រាប់​ដោះស្រាយ​តំបន់​ទាមទារ​ដែន​សមុទ​ត្រួតស៊ីគ្នា​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លង​មក​។

ដូច្នេះ ក្រោយ​ពី​បាន​ពិចារណា​យ៉ាង​ម៉ត់ចត់​បំផុត​នូវ​រាល់​ជម្រើស​ផ្លូវច្បាប់ និង​ដោយ​សន្តិវិធី​ដែល​មាន​និង​ដែល​អាច​អនុវត្ត​ទៅ​បាន រាជរដ្ឋាភិបាល​កម្ពុជា យល់​ឃើញ​ថា មាន​តែ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា UNCLOS នេះ​ទេ ដែល​ជា​ជម្រើស​ល្អ​បំផុត ពីព្រោះ យន្តការ​នេះ​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​មាន​សមាជិក​ជា​អ្នក​ផ្សះផ្សារ​ចំនួន​៥​រូប ដែល​សុទ្ធតែ​ជា​អ្នកជំនាញ​ឈានមុខ​ផ្នែក​ច្បាប់​អន្តរជាតិ​។ កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរការ​នេះ​នឹង​បង្ហាញ​ជា​ថ្មី​ម្ដងទៀត​នូវ​តម្លៃ​ពិតប្រាកដ​នៃ​ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​ជំ​លោះ​ដោយ​សន្តិវិធី​។

ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្ថាប័ន​កំពូល​របស់​ជាតិ ក្រសួង ស្ថាប័ន រហូត​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ អាច​និយាយ​បាន​ថា ប្រជាជាតិ​ខ្មែរ​កំពុង​ឈរ​នៅ​លើ​ជំហរ​ឯកភាព​ជាតិ​ដ៏​រឹង​មាំ​មួយ​ឆ្ពោះទៅ​ការ​ដោះស្រាយ​បញ្ហា​ដោ យ​សន្តិវិធី តាម​រយៈ​ការ​ផ្សះផ្សា​ដោយ​ភាគី​អន្តរជាតិ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​មួយ​ត្រឹមត្រូវ យុត្តិធម៌ និង​យូរអង្វែង​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​ក៏​ដូច​ជា​សម្រាប់ សន្តិ ភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​ទាំងមូល​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ជា​ថ្មី​ដែរ​ថា សម្រាប់​ដំណោះស្រាយ​បញ្ហា​ព្រំដែន​គោក រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅ​តែ​ប្រកាន់​ជំហរ​ច្បាស់លាស់ ម៉ឺងម៉ាត់​ដដែល គឺ​ជំហរ​ដោះស្រាយ​ដោយ​សន្តិវិធី តាម​រយៈ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់ និង​ផ្អែក​លើ​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ​។

កម្ពុជា​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និង​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​ទីក្រុង​កូ​ឡា​ឡំ​ពួរ ចុះ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ ២០២៥ ក៏​ដូច​ជា​កិច្ច​ព្រម​ព្រមព្រៀង​ផ្សេង​ទៀត ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​។

កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោល ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris)​គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លងមក ​។

កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​។ គឺ​ក្នុង ស្មារតី​នេះ​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តវ៉ា​ជំទាស់ គ្រប់​ចំណុច​ទាំងអស់ ដែល​មានការ​រំលោភ​បំពាន​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ពី​សំណាក់​កងកម្លាំង​ថៃ​។ ការ​តវ៉ា​នេះ​ដើម្បី​បញ្ជាក់​ថា បន្លា​លួស ទូរ​កុងតឺន័រ និង​សកម្មភាព​នៅ​លើ​ដី​ជាក់ស្តែង​ផ្សេង​ទៀត ក្នុង​តំបន់​ដែល​ភាគី​ថៃ​កាន់កាប់​ដោយ​ខុសច្បាប់​មិនមែន​ជា​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ ពីព្រោះ​កម្ពុជា​និង​ថៃ​មាន​ព្រំដែន​អន្តរជាតិ ច្បាស់លាស់​រួច​ហើ យ​ដែល​គ្មាន​ភាគី​ណាមួយ​អាច​កែប្រែ​ជា​ឯកតោភាគី​បាន​ឡើយ ៕