ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន ណែនាំ​ឱ្យ​ពង្រឹង​សីលធម៌ និង​ក្រមសីលធម៌ ក្នុង​ការ​ផលិត និង​ផ្សព្វផ្សាយ​មាតិកា ដើម្បី​ការពារ​កិត្តិយស​ស្ត្រី

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​ពង្រឹង​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ផលិត និង​ផ្សព្វផ្សាយ​មាតិកា ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម និង​ការពារ​តម្លៃ សិទ្ធិ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី ។

សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ស​ម្តេ ច​អគ្គ​មហា​-​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន ថ្លែង​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃ​ទី​១៤ ខែ​សី ហា ឆ្នាំ ២០២៦ ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​សីលធម៌​សង្គម ការ​លើកកម្ពស់​តម្លៃ និង​ការ​ការពារ​សិទ្ធិ កិត្តិយស និង សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​ដោយ​ផ្អែក​លើ​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​ខ្លួន ក្រសួង ព័ត៌មាន​នឹង​បន្ត ពង្រឹង​ការ​អនុវត្ត​ច្បាប់ បទ​ប្បញ្ញត្តិ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ ព្រម ទាំង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​សម​ស្រប តាម​ច្បាប់​ចំពោះ​ការ​ផលិត ការ​បង្ហោះ ការ​ចែករំលែក និង​ការ​ផ្សព្វផ្សាយ មាតិកា​ដែល​បំពាន​ច្បាប់ ប៉ះពាល់​ដល់​សីលធម៌​សង្គម ឬ​រំលោភ​បំពាន​លើ​សិទ្ធិ កិត្តិយស និង​សេចក្តី ថ្លៃថ្នូរ​របស់​បុគ្គល ជា​ពិសេស​ស្ត្រី​។

ក្នុង​ន័យ​នេះ អ្នក​សារព័ត៌មាន អង្គភាព​សារព័ត៌មាន អ្នក​បង្កើត​មាតិកា អ្នកមាន​ឥទ្ធិពល លើ​បណ្តាញ​សង្គម អ្នក​គ្រប់ គ្រង​គេហទំព័រ និង​គណនី​បណ្តាញ​សង្គម ព្រមទាំង​អ្នក​ប្រើប្រាស់​បណ្តាញ ទំនាក់ទំនង​សង្គម​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ ក្រមសីលធម៌​និង​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ ចំពោះ​សង្គម ព្រមទាំង​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ចំពោះ​មាតិកា​ដែល​ខ្លួន​បាន​ផលិត បង្ហោះ ចែករំលែក ឬ​ផ្សព្វផ្សាយ និង​ការ​គោរព​សិទ្ធិ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ​។

ក្រសួង​បាន​លើក​ឡើង​ថា​ត្រូវ​ចៀសវាង​ការ​ផលិត ធ្វើ​បទ​សម្ភាសន៍​នានា ការ​បង្ហោះ ការ​ចែករំលែក ឬ​ការ​ផ្សព្វផ្សាយ មាតិកា​ដែល​មាន​លក្ខណៈ​ញុះញង់ បង្កហេតុ បង្កជម្លោះ ឬ​ជំរុញ​ឱ្យ​មានការ​ស្អប់ខ្ពើម​, ជេរ​ប្រមាថ បរិហារ កេរ្តិ៍ បន្ទាបបន្ថោក ឬ​ធ្វើ​ឱ្យ​អ្នក​ដទៃ​អាម៉ាស់​, មាតិកា​អាសអាភាស អនាចារ ឬ​ផ្ទុយ​នឹង​សីលធម៌ និង គុណ​តម្លៃ​ល្អ​របស់​សង្គម​ខ្មែរ​, មាតិកា​ដែល​ប្រមាថមើលងាយ ឬ​ប៉ះពាល់​ដល់​តម្លៃ កិត្តិយស និង​សេចក្តី ថ្លៃថ្នូរ​របស់​ស្ត្រី​, ព្រមទាំង​ការ​ប្រើប្រាស់​រូបភាព វី​ដេ​អូ សំឡេង បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ឬ​បច្ចេកវិទ្យា ឌី​ជី​ថ​ល​ផ្សេង​ទៀត ដើម្បី​កែ​ច្នៃ បំភ្លៃ ឬ​បង្កើត​មាតិកា​ដែល​បំពាន​សិទ្ធិ និង​បង្ក​ការ​ខូចខាត​ដល់​អ្នក​ដទៃ និង​មាតិកា​ដែល​យក​រូបរាង រាង​កាយ ជីវិត​ឯកជន ឬ​ភាព​ងាយ​រង​គ្រោះ​របស់​ស្ត្រី​មក​ធ្វើ​ជា​មធ្យោបាយ​ទាក់ទាញ​ការ​ចាប់អារម្មណ៍ បង្កើន​ចំនួន​អ្នក​មើល ឬ​ស្វែងរក​ផលប្រយោជន៍​ពាណិជ្ជកម្ម ដោយ​បន្ទាប បន្ថោក​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​។

ក្រសួង​ព័ត៌មាន​សូម​បញ្ជាក់​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌ មាន ត្រូវ អនុវត្ត​ដោយ​ភ្ជាប់​ជាមួយ​ការ​ទទួលខុសត្រូវ ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការ​គោរព​ច្បាប់​។ សេរីភាព​មិន អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដើម្បី​បំពាន​សិទ្ធិ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ ឬ​បង្ក ផល​ប៉ះពាល់​ដល់​សីលធម៌ និង​សណ្តាប់ធ្នាប់​សង្គម​ឡើយ​។

ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត ក្រសួង​ព័ត៌មាន​នឹង​អនុវត្ត​វិធានការ​ស្រប​តាម​សមត្ថកិច្ច និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដោយ​ផ្អែក​លើ​លក្ខណៈ ទំហំ និង​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ រួម​មាន​៖
១. ចំពោះ​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​៖
ក្រសួង​ព័ត៌មាន​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​តាម​សមត្ថកិច្ច​ចាប់ពី​ការ​ណែនាំ ការ​ព្រមាន ការ តម្រូវ​ឱ្យ​កែតម្រូវ ឬ​ដក​ចេញ​មាតិកា​ដែល​មាន​បញ្ហា រហូត​ដល់​ការ​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ និង អនុលោម​ភាព​នៃ​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត ដែល​បាន​ចេញ​ដោយ​ក្រសួង​ព័ត៌មាន និង​ចាត់វិធានការ រដ្ឋបាល​ផ្សេង​ទៀត​ស្រប​តាម​ច្បាប់ ការ​ចុះបញ្ជី​ឬ​ការ​អនុញ្ញាត​ផ្សេង​ទៀត និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ក្នុង​ករណី​រក​ឃើញ​ថា អំពើ​នោះ​មាន​សញ្ញា​នៃ​បទល្មើស ឬ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់ ស្ថាប័ន​ផ្សេង ក្រសួង​ព័ត៌មាន​នឹង​បញ្ជូន​ករណី ឬ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

២. ចំពោះ​អ្នក​បង្កើត​មាតិកា អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម អ្នកគ្រប់គ្រង​គេហទំព័រ ឬ​គណនី​បណ្តាញ​សង្គម ដែល​មិន​ស្ថិត​ក្នុង​វិសាលភាព​អ្នក​សារព័ត៌មាន​ក្រសួង ព័ត៌មាន​នឹង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ ដើម្បី អនុវត្ត​វិធានការ​សម​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង រួម​មាន ការ​អប់រំ និង​ណែនាំ ការ​ព្រមាន ការ​ស្នើ ឱ្យ​កែតម្រូវ ឬ​ដក​ចេញ​មាតិកា​ដែល​បំពាន ការ​សម្របសម្រួល​ជាមួយ​អ្នក​ផ្តល់​សេវា ឬ​វេទិកា​ឌី​ជី​ថ​ល តាម​នីតិវិធី​ជា​ធរមាន និង​វិធានការ​ផ្សេង​ទៀត​តាម​សមត្ថកិច្ច​។

ក្នុង​ករណី​មាន​សញ្ញា​នៃ​បទល្មើស ក្រសួង​ព័ត៌មាន​នឹង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។

ក្រសួង​បាន​បន្ថែម​ថា​រាល់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ នឹង​អនុវត្ត​ដោយ​ផ្អែក​លើ​គោលការណ៍​នីត្យានុកូលភាព ភាព​ចាំបាច់ សមាមាត្រ សមធម៌ និង​ការ​ទទួលខុសត្រូវ ដោយ​ពិនិត្យ​ទៅ​លើ​ធម្មជាតិ និង​ភាព​ធ្ងន់ធ្ងរ​នៃ ចេតនា​នៃ​ការ​ប្រព្រឹត្ត ទំហំ និង​វិសាលភាព​នៃ​ការ​ផ្សាយ ផល​ប៉ះពាល់​ដែល​បាន​កើតឡើង ការ​ប្រព្រឹត្ត ដដែល​ៗ និង​កម្រិត​នៃ​ការ​ទទួលខុសត្រូវ​របស់​បុគ្គល ឬ​អង្គភាព​ពាក់ព័ន្ធ​។

ទន្ទឹម​នឹង​ការ​អនុវត្ត​វិធានការ​ខាងលើ ក្រសួង​ព័ត៌មាន​សូម​អំពាវនាវ​ដល់​ស្ថាប័ន​សារព័ត៌មាន អ្នក​សារព័ត៌មាន អ្នក​បង្កើត​មាតិកា អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម និង​សាធារណជន​ទាំងអស់ ចូលរួម​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ព័ត៌មាន​ប្រកបដោយ​សុវត្ថិភាព សីល ធម៌ គុណភាព និង​ការ​ទទួលខុសត្រូវ ដោយ​លើកកម្ពស់​មាតិកា​វិជ្ជមាន មាតិកា​អប់រំ និង​មាតិកា​ដែល​លើក​ត ម្កើ​ង​តម្លៃ​គ្រួសារ វប្បធម៌ ប្រពៃណី សីលធម៌​សង្គម និង​ជា​ពិសេស តម្លៃ កិត្តិយស សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​កម្ពុជា​ ៕