ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​បញ្ជា​ឱ្យ​កាត់​បន្ថយ​សមយុទ្ធ​យោធា​បន្ទាប់​ពី​ផ្ទុះ​កំ​.ហឹ.ង​នឹង​កូរ៉េ​ខាង​ត្បុង​មិន​ព្រម​ជួយ​វា.យ​ប្រ.ហារ​អ៊ីរ៉ង់

3 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ លោក​ដូណាល់​ត្រាំ​បាន​ចេញ​បញ្ជា​ឱ្យ​មន្ទីរ​បញ្ចកោណ​កាត់​បន្ថយ​ទំហំ​នៃ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ចាប់​ពី​ពេល​នេះ​ត​ទៅ​​ដោយ​សារ​កត្តា​២​យ៉ាង​ ទី​១-ថ្លៃ​ចំណាយ​លើ​ការ​ធ្វើ​សមយុទ្ធ​​យោធា​នេះ​អស់​ច្រើន​ពេក​ និង​ទី២-​​កូរ៉េ​ខាង​ត្បូង​មិន​ព្រម​ចូល​រួម​ជា​មួយ​អាមេរិក​នៅ​ក្នុង​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​។ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​​​មុន​ពេល​ចាប់​ផ្ដើម​សមយុទ្ធ​យោធា​ លោក​ត្រាំ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល (Truth Social) ថា​លោក​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ដែល​អាមេរិក​ខំ​ចូល​រួម​ធ្វើ​សមយុទ្ធ​យោធា​នេះ​អស់​លុយ​មួយ​គំនរ​ ហើយ​លោក​​​ខំ​កសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​គីម​ជុង​អ៊ុន​​ថែម​ទៀត​។ ​សមយុទ្ធយោធា​នេះ​មិន​ត្រឹម​តែ​អស់​លុយ​ច្រើន​ទេ​ ប៉ុន្តែ​​​ជា​រូប​ភាព​មិន​ល្អ​ទាល់​តែ​សោះ​ព្រោះ​បង្កប់​ដោយ​គំនិត​យក​គ្នា​ជា​សត្រូវ​។

សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះថា​​ខែល​សេរី​ភាព​អ៊ុល​ឈី (Ulchi Freedom Shield) នឹង​បន្ត​ធ្វើ​ឡើង​​​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​សីហា​ទើប​បញ្ចប់​ទៅ​វិញ​ដោយ​មាន​ការ​ចូល​រួមពី​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​១,៨​ម៉ឺន​នាក់​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ប្រាប់​ថា​សមយុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ដូច​ការ​គ្រោង​​ទុក​។ ​ដោយ​ឡែក វិមាន​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា​ខ្លួន​កំពុង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សារ​នយោ​បាយ​របស់​លោក​ត្រាំ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ក្ដី​សង្ឃឹម​ថា​ចំណង​មិត្ត​ភាព​រវាង​លោក​ត្រាំ និង​លោក​គីម​ជុង​អ៊ុន​នឹង​នាំ​ទៅ​ដល់​ការ​សន្ទនា​គ្នា​ និង​ការ​ស្វែង​រក​សន្តិ​ភាព​ និង​ស្ថិរ​ភាព​សម្រាប់​ឧបទ្វីប​កូរ៉េ​។ ក្រុម​សម្ព័ន្ធ​មិត្ត​នឹង​បន្ត​សម្រប​សម្រួល​ទៅ​លើ​បញ្ហា​ការ​ពារ​ជាតិ និង​ការ​ធ្វើ​សមយុទ្ធ​យោធា​។

ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​របស់​លោក​ដូណាល់​ត្រាំ​ដែល​ថា​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង ​លោក​លី​ជេ​ម្យុង ​មិន​ចូលរួម​ជា​មួយ​អាមេរិក​ដើម្បី​ចាត់​ការ​អ៊ីរ៉ង់​នោះ វិមាន​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​អះ​អាង​ថា​រដ្ឋា​ភិបាល​របស់​ខ្លួន​កំពុង​ពិភាក្សា​គ្នា​ថា​តើ​ត្រូវ​ចូល​រួម​ចំណែក​ខាង​ផ្នែក​យោធា​ជា​មួយ​អាមេរិក​កម្រិត​ណា​។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​របស់​ខ្លួន​ក៏​ត្រូវ​តែ​គិត​គូរ​ទៅ​ដល់​ការ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​បញ្ហា​ដែល​កើត​ឡើង​នៅ​ឧប​ទ្វី​ប​កូរ៉េ​ និង​នីតិ​វិធី​ផ្សេង​ៗ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ​របស់​ខ្លួន​ផង​ដែរ​។ ​លោក​ត្រាំ​ចង់​បិទ​បញ្ចប់​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​ ឬ​កាត់​បន្ថយ​ទំហំ​នៃ​សមយុទ្ធ​​នេះ​តាំង​ពី​យូរ​មក​ហើយ​។ លោក​ក៏​មាន​បញ្ហា​ទំនាស់​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​រ៉ាប់​រង​ថ្លៃ​ចំណាយ​លើ​ការ​ចិញ្ចឹម​កង​ទ័ព​អាមេរិក​២៨៥០០​នាក់​​។

កូរ៉េ​ខាង​ជើង​តែង​តែ​ប្រកាស​ថ្កោល​ទោស​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ និង​ចាត់​ទុក​ថា​នេះ​ជា​ការ​ត្រៀម​វាយ​ប្រហារ​មក​លើ​ខ្លួន​។ អ្នក​វិភាគ​មួយ​រូប​គឺ​អ្នក​ស្រី​ជេ​នី​ថោន (Jenny Town) យល់​ថា​ការ​ដែល​លោក​ដូណាល់​ត្រាំ​សម្រេច​ចិត្តដូច​ខាង​លើ​​​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​​រក​ឱកាស​ជជែក​គ្នា​ផ្នែក​ការ​ទូត​។ នេះជា​អ្វី​ដែល​លោក​ត្រាំ​ប្រាថ្នា​ចង់​បាន​ជា​យូរ​មក​ហើយ​ចាប់​តាំង​ពី​លោក​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​។ ប៉ុន្តែ​​បំណង​ប្រាថ្នា​នេះ​ហាក់​ដូច​ជា​មិន​សូវ​​ទាក់​ទាញ​ចិត្ត​​កូរ៉េ​ខាង​ជើង​​​ប៉ុន្មាន​ទេ​។ ​ប្រវត្តិ​ទំនាក់​ទំនង​រវាង​លោក​ត្រាំ និ​ងលោក​គីម​ក៏​មិន​ល្អ​នឹង​គ្នា​​ប៉ុន្មាន​ដែរ​​។ ការ​បោះ​ដៃ​រក​គ្នា​​កន្លង​មក​អាច​ជា​ការ​សម្ដែង ឬ​ការ​ធ្វើ​ឱ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ​។ លោក​ត្រាំធ្លាប់​បោះពាក្យ​បោះ​សម្ដី​ឱ្យ​លោក​គីម​ដោយ​ចាត់​ទុក​ថាគាត់​ជា​ «បុរស​ដែល​ចូល​ចិត្ត​បាញ់​រ៉ុក​កែត​» ព្រម​ទាំង​គំរាម​វាយ​ប្រហារ​កូរ៉េ​ខាង​ជើង​ឱ្យ​វិនាស​សាប​សូន្យ​​។ លោក​គីម​ក៏​ធ្លាប់​វាយ​ប្រហារ​លោក​ត្រាំ​ផង​ដែរ​ដោយ​ចាត់​ទុក​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ ហើយ​លោក​​គំរាម​វាយ​ប្រហារ​អាមេរិក​យ៉ាង​ខ្លាំង​ក្លា​៕ ប្រភព៖ Reuters