សិង្ហបុរី៖ ប៊ិចមួយដើមម៉ាកម៉ុងប្លង់ (Montblanc) ដែលធ្លាប់ប្រើប្រាស់ដោយអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោកលីក្វាន់យូ ត្រូវគេយកទៅដាក់លក់ដេញថ្លៃ និងមានគេហ៊ានឱ្យថ្លៃរហូតដល់៤៦១៥០០ដុល្លារសិង្ហបុរី ឬស្មើនឹង៣៦ម៉ឺនដុល្លារអាមេរិក។ នោះជាការដាក់លក់ដេញថ្លៃតាមអនឡាញដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា។ តម្លៃនេះខ្ពស់ជាងការរំពឹងទុករហូតដល់ជិតដប់ដងឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ តម្លៃចុងក្រោយនេះក្បែរ៩ដងនៃតម្លៃដែលរៀបចំដាក់លក់ដោយក្រុមហ៊ុនសូតថឺប៊ី (Sotheby’s) កាលពីខែកក្កដា ឆ្នាំ២០២៣។

ក្រុមហ៊ុនទទួលដាក់លក់ដេញថ្លៃលើកនេះហតឡូត (Hotlotz) ដាក់ប៊ិចរបស់លោកលីក្វាន់យូនៅក្នុងបញ្ជីទំនិញដាក់លក់ទាំង៥១ប្រភេទសម្រាប់ខែសីហា និងកំណត់ពេលទទួលដេញថ្លៃចាប់ពីថ្ងៃទី៥-១៦ ខែសីហា។ ការដេញថ្លៃចាប់ផ្ដើមដំបូងពី២ម៉ឺនដុល្លារសិង្ហបុរីឡើងទៅ។ ប៊ិចមួយដើមនេះមានប្រវែង១៤,៥សង់ទីម៉ែត្រ និងមានសញ្ញាលេខ៩២៥ពណ៌ទឹកប្រាក់ រំលេចដោយលោហៈពណ៌លឿង មានមាស១៨ការ៉ាត់ និងចារឈ្មោះលោកលីក្វាន់យូ។ ការឆ្លាក់អក្សរនេះធ្វើឡើងនៅពេលលោកកាន់តំណែងជាទេសរដ្ឋមន្ត្រីពីឆ្នាំ១៩៩០ដល់២០០៤បន្ទាប់ពីលោកកាន់តំណែងនាយករដ្ឋមន្ត្រីរយៈពេល៣១ឆ្នាំ។ សារព័ត៌មាន South China Morning Post ចុះផ្សាយថាប៊ិចនេះកាលដាក់លក់ឆ្នាំ២០០៣ត្រូវគេរំពឹងថាបានចន្លោះពី៤ពាន់ទៅ៦ពាន់ដុល្លារសិង្ហបុរី។ អ្នកដែលទិញប៊ិចនេះកាលគ្រានោះបានបន្តរក្សាទុកវាជារៀងរហូតមកទល់នឹងពេលដាក់លក់ដេញថ្លៃលើកចុងក្រោយ។

នៅក្នុងពិធីដាក់លក់ដេញថ្លៃលើកនេះ គេបានប្រមែប្រមូលរបស់របរដែលបន្សល់ទុកពីគ្រួសាររបស់លោកលីក្វាន់យូចំនួន៨៨គ្រឿង និងលក់បានលុយសរុប២,០៤លានដុល្លារសិង្ហបុរី។ ការប្រមូលរបស់របរទាំងនេះធ្វើឡើងក្រោមការចាត់ចែងរបស់កូនស្រីលោកលីក្វាន់យូគឺលោកស្រីលីវៃលីង (Lee Wei Ling) ជាអ្នកជំនាញខាងប្រព័ន្ធខួរក្បាល និងដែលបានទទួលមរណភាពកាលពីខែតុលា ឆ្នាំ២០២៤។ គោលបំណងនៃការប្រមូលរបស់ទាំងនេះដាក់លក់គឺដើម្បីរៃអង្គាសថវិកាយកទៅឧបត្ថម្ភកម្មវិធីមនុស្សធម៌ និងសុខុមាលភាពឈ្មោះ The Tent សម្រាប់ជួយយុវតីក្មេងៗ។ នៅក្នុងការដាក់លក់ដេញថ្លៃនោះក៏មានប៊ិចពណ៌ខ្មៅម៉ាក Waterman មួយដើមដែលលោកលីក្វាន់យូប្រើប្រាស់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៥៧នៅទីក្រុងឡុងផងដែរ។ ពាណិជ្ជករម្នាក់ដែលគេមិនបញ្ចេញអត្តសញ្ញាណបានទិញយកប៊ិចនេះក្នុងតម្លៃ៣៥ម៉ឺនដុល្លារសិង្ហបុរី។

រូបគំនូរមួយផ្ទាំងដែលគូរដោយវិចិត្រករឈ្មោះ Chua Mia Tee លក់បានតម្លៃ១០៧៩០០ដុល្លារសិង្ហបុរី ឬស្មើនឹង៨,៤ម៉ឺនដុល្លារអាមេរិក។ នេះជាតម្លៃដ៏ខ្ពស់សម្រាប់លោក Chua ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី១០ ខែកក្កដានៅក្នុងជន្មាយុ៩៤ឆ្នាំដោយសារជំងឺរលាកសួត។ លោកធ្លាប់បានគូររូបនៅលើផ្ទាំងកំណាត់ជាច្រើនដូចជារូបគំនូរ National Language Class និង Epic Poem of Malaya ដែលពិពណ៌នាអំពីជីវិតរស់នៅរបស់មនុស្សសាមញ្ញនៅពេលសិង្ហបុរីទើបតែទទួលបានឯករាជ្យថ្មីៗ។ លោកលីក្វាន់យូកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីពីឆ្នាំ១៩៥៩-១៩៩០។ ក្រោយមក លោកកាន់តំណែងជាទេសរដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០០៤ និងជាគរុគណ ឬអ្នកណែនាំគណៈរដ្ឋមន្ត្រីចាប់ពីខែសីហា ឆ្នាំ២០០៤រហូតដល់ខែឧសភា ឆ្នាំ២០១១។ លោកបន្តកាន់តំណែងជាអ្នកតំណាងរាស្ត្រទៅទល់នឹងថ្ងៃស្លាប់ទី២៣ ខែមីនា ឆ្នាំ២០១៥នៅក្នុងជន្មាយុ៩១ឆ្នាំ៕ ប្រភព៖ Vietnam Express

ចែករំលែកព័តមាននេះ