ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ឆ្នាំ​ សមត្ថកិច្ច​រក​ឃើញ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ ៧៥១កន្លែង ​និង​បញ្ជូន​ជនបរទេស ២១,៦៦៦នាក់ ទៅ​ស្រុក​វិញ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ ស៊ើបអង្កេត រក​ឃើញ​ និង​ប្រតិបត្តិការ​លើ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចំនួន ៧៥១ទីតាំង​ និង​បាន​បិទ​សៀ​ល​ទីតាំង​ចំនួន ៦០៥ទីតាំង ​មិន​ឱ្យ​មាន​សកម្មភាព​ទៀត​ឡើយ ​និង​បាន​បញ្ជូន​ជនបរទេស​ចំនួន ២១,៦៦៦នាក់ មក​ពី ៣៨សញ្ជាតិ​ទៅ​ស្រុក​វិញ​ ​នេះ​បើ​យោង​តាម​លេខាធិការដ្ឋាន​ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ​។

ប្រភព​បាន​លើក​ឡើង​ថា​ លទ្ធផល​នៃ​ការបោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចាប់ពី​ខែកក្កដា ឆ្នាំ២០២៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ស្រាវជ្រាវ ស៊ើបអង្កេត រក​ឃើញ ​និង​ប្រតិបត្តិការ​លើ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចំនួន ៧៥១ទីតាំង​ និង​បាន​បិទ​សៀ​ល​ទីតាំង​ចំនួន ៦០៥ទីតាំង ​មិន​ឱ្យ​មាន​សកម្មភាព​ទៀត​ឡើយ​ ។

ក្នុង​ប្រតិបត្តិការ​បោសសម្អាត សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​តាម​បណ្ដា​ទីតាំង​កាស៊ីណូ​ ដែល​មាន​អាជ្ញា​បណ្ណ​សរុប​ចំនួន ១៩៥ និង​បាន​ឈាន​ទៅ​ដកហូត​អាជ្ញា​បណ្ណ​ចំនួន ២០កា​ស៊ីណូ និងបាន​ព្យួរ​អាជ្ញា​បណ្ណ​ចំនួន ២៩កាស៊ីណូ ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​កាស៊ីណូ​ចំនួន ២៣ បាន​ផុត​សុពលភាព ​និង​ផ្អាក​ដំណើរការ​អាជីវកម្ម​ ។

ជាង​នេះ​បើ​គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ មក​ដល់​ខែកក្កដា ឆ្នាំ​២០២៦ អាជ្ញាធរ​កម្ពុជា​ បាន​សង្គ្រោះ និង​អនុវត្ត​នីតិវិធី​ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ជន​បរទេស ចំនួន ២១,៦៦៦នាក់ មក​ពី ៣៨សញ្ជា​តិ ភាគច្រើន​ជា​ជនជាតិ​ចិន វៀតណា​ម ប៉ា​គី​ស្ថាន ឥណ្ឌូ​នេ​ស៊ី បង់​ក្លា​ដេ​ស និង​ឥណ្ឌា​ ។

ក្នុង​រយៈពេល​ដូច​គ្នា សមត្ថកិច្ច​បាន​កសាង និង​បញ្ជូន​សំណុំរឿង ចំនួន ៣៨៨ករណី ​ទៅ​តុលាការ និង​ជនសង្ស័យ ៤,១៤៧នាក់ រួម​មាន​មេខ្លោង​ និង​គូកន ចំនួន ២៧សញ្ជាតិ ត្រូវ​បាន​ចោទប្រកាន់​តាម​នីតិវិធី​ច្បាប់ ​៕