ក្មេ.ងប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវពស់វែកចឹ.ក នាំមកសង្គ្រោះនៅមន្ទីរពេទ្យ ពេលនេះបានធូរស្រាលហើយ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ទឹកទន្លេមេគង្គបានហក់ឡើងបន្តបន្ទាប់ធ្វើឲ្យហូរចូលព្រែកបឹងបួរមួយចំនួននៅជាប់តាមដងទន្លេ។ជាមួយនោះក៏មានក្មេងប្រុសម្នាក់រស់នៅឃុំកោះសូទិន ស្រុកកោះសូទិន បានរងគ្រោះដោយពស់វែកចឹក ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តមកដល់ពេលនេះមានអាការៈធូរស្រាលគ្រាន់បើហើយក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
បើតាមលោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងថា: ទឹកទន្លេមេគង្គ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៦ទឹកមានកម្ពស់១២,៧៦ម៉ែត្រ បើធៀបថ្ងៃទី១៦សីហាទឹកឡេីង ០,១២ម៉ែត្រ។ជាមួយនោះទឹកបានហូរចូលព្រែកបានចំនួន២៧/៤១ព្រែក ក្នុងនោះមាន ៖
1-ស្រុកកងមាស:8/13
2-ស្រុកស្ទឹងត្រង់:5/5
3-ស្រុកកំង់សៀម:5/11
4-ស្រុកស្រីសន្ធរ:4/7
5-ស្រុកកោះសូទិន:5/5។
អ្នកស្រីស៊ុន ចន្ថា មេឃុំកោះសូទិនមានប្រសាសន៍ឲ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះខុន គីមហេង អាយុ១០ឆ្នាំរស់នៅភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ដោយមានម្ដាយជាកម្មការិនីរោងចក្រតម្បាញស្រុកកំពង់សៀម មានជីវភាពខ្វះខាត បានរងគ្រោះដោយពស់វែកចឹក បណ្ដាលឱ្យមានអាការៈរបួសធ្ងន់ចំម្រាមជើង ហើយបាននាំគ្នាយកខ្សែចងដើម្បីកុំឲ្យពិសជ្រាបមកបេះដូង។ភ្លាមៗនោះត្រូវបានក្រុមសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដាក់ខ្យល់អុកស៊ីសែន ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យក្នុងការសង្គ្រោះអាយុជីវិតក្មេងម្នាក់នេះបានធូរស្រាលគ្រាន់បើ។ ហើយនៅព្រឹកថ្ងៃទី១៧សីហា ឆ្នាំ២០២៦ អ្នកស្រីផ្ទាល់និងសហការីបានដឹកនាំមន្ត្រីសាលាឃុំកោះសូទិនចុះមកសួរសុខទុក្ខក្មេងរងគ្រោះដល់មន្ទីរពេទ្យខេត្ត បានឧបត្ថម្ភថវិកាមួយចំនួន ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឃើញថាក្មេងប្រុសរូបនេះបានធូរស្រាលគ្រាន់បើហើយ។
លោកវេជ្ជបណ្ឌិតវ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមមានប្រសាសន៍ឲ្យដឹងដែរថា រូបលោកបានតាមដានជាប្រចាំនៅកម្ពស់ទឹកទន្លេមេគង្គដែលបានឡើងជាបន្តបន្ទាប់។ជាមួយនោះនៅតាមមន្ទីរពេទ្យបង្អែកស្រុកជាប់តាមដងទន្លេបានត្រៀមលក្ខណៈគ្រប់គ្រាន់នៅវ៉ាក់សាំងសម្រាប់ពស់ចឹកដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ៕












ចែករំលែកព័តមាននេះ