កំពុងនេសាទសុខៗ ស្រាប់តែផ្ទុះឆេះទូកធ្វើឱ្យបាត់បង់ជីវិតម្ចាស់ទូក និងបាត់ខ្លួនមនុស្ស២នាក់ ក្នុងសមុទ្រស្ទឹងហាវ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ម្ចាស់ទូកនេសាទម្នាក់បានស្លា.ប់ និងពីរនាក់ទៀតរងរបួសស្រាលធ្ងន់ និងបាត់ខ្លួនចំនួនពីរនាក់ នៅក្នុងហេតុការអគ្គិភ័យឆាបឆេះក្នុងពេលកំពុងនេសាទ ។

លោកអនុសេនីយ៍ឯក អាង សុថៃនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពេញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៦ នេះថា៖ នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ មានករណីទូកនេសាទ០១គ្រឿង កំពុងតែនេសាទ ស្រាប់តែផ្ទុះឆាបឆេះ បង្កជាអគ្គិភ័យ បណ្តាលឲ្យលិចបាត់ភ្លាមៗតែម្តង ដែលហេតុការនេះបានកើតឡើងនៅត្រង់ចំនុច(កោះដូង) ស្ថិតក្នុងភូមិ០២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះមានមនុស្សចំនួន៥នាក់ នៅលើទូកនេសាទ ដែលមានឈ្មោះដូចខាងក្រោមនេះ៖

១/ឈ្មោះ សៅ គ្រិន (ម្ចាស់ទូក) ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ៤ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ( ស្លា.ប់ )។
២ / .ឈ្មោះ អ៊ីន ចាន់ ភេទប្រុស អាយុ៤៩ រស់នៅ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(បានសង្គ្រោះ) ។
៣/ឈ្មោះ ឈិន សុខុម ភេទប្រុស អាយុ២៩ រស់នៅ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (បានសង្គ្រោះ) ។
៤/ឈ្មោះ សៅ រ័ត្ន ភេទប្រុស អាយុ២៥ រស់នៅ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (បាត់ខ្លួន)។
៥ ឃិន សំបូរ ភេទប្រុស អាយុ៤៩ រស់នៅ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(បាត់ខ្លួន) ។

លោកអនុសេនីយ៍ឯកអាង សុថៃ បានបញ្ជាក់ឲ្យដឹងថា តាមការសាកសួរជនរងគ្រោះដែលជាកម្មករទូកនេសាទខាងលើ បានឲ្យដឹងថា ទូកនេសាទខាងលើបំពាក់ដោយម៉ាស៊ីនគោយន្ត ហើយមុនកើតហេតុការទូកកំពុងតែនេសាទដាក់រនងខ្យងដូងយកមឹក ស្រាប់តែលាន់សម្លេងផ្ទុះឮសូរយ៉ាងខ្លាំងចេញពីក្បាលអាគុយ ហើយក៏បង្កជាអណ្តាតភ្លើងឆាបឆេះប្រេងដែលមាននៅក្នុងទូក ធ្វើឲ្យម្ចាស់ទូក និងកម្មករភ័យស្លន់ស្លោរកម្មករនាំគ្នាលោ.តចូលទៅក្នុងទឹក ដោយឡែកម្ចាស់ទូកឈ្មោះ សៅ គ្រិន ត្រូវបានភ្លើងឆាបឆេះរងរបួសធ្ងន់មិនអាចជួយសង្គ្រោះបាន រហូតដល់ស្លា.ប់បាត់បង់ជីវិត។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅពេលកំពុងកើតហេតុក៏មានទូកនេសាទកំពុងតែនេសាទក្បែរគ្នាបានមកជួយសង្គ្រោះ តែជាអកុសលមិនអាចជួយបាន ទូកបានឆាបឆេះលិចបាត់ទៅបាតសមុទ្រ ដោយជួយសង្គ្រោះបានមនុស្សចំនួន០៣នាក់ និងបាត់ខ្លួនចំនួន០២នាក់ មកទល់ពេលនេះ កម្លាំងនគរបាលបង្ក្រាបទល្មើសលើផ្ទៃសមុទ្រកំពុងតែប្រតិបត្តិការក្នុងការរុករកយ៉ាងយកចិត្តទុកដាក់ ៕


ចែករំលែកព័តមាននេះ