ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​ជាង ១​តោន​ច្រក​ក្នុង​ប៉ាវ​អង្ករ​អក្សរ​ខ្មែរ ដែល​សមត្ថ​កិច្ច​ឥណ្ឌូ​នេ​ស៊ី​ចាប់​បាន មិនមែន​នាំ​ចេញពី​កម្ពុជា​នោះ​ទេ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​នគរបាល​ជាន់ខ្ពស់​កម្ពុជា បាន​អះអាង​ថា គ្រឿងញៀន​ជាង ១.៣​តោន ដែល​ត្រូវ​បាន​វិច​ខ្ចប់​ក្នុង​បាវ​​អង្ករ​អក្សរ​ខ្មែរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​របស់​ឥណ្ឌូ​នេ​ស៊ី​ចាប់​បាន​នោះ មិនមែន នាំ​ចេញពី​កម្ពុជា​នោះ​ទេ​។

បើ​តាម​ការ​ស្រាវជ្រាវ​គ្រឿងញៀន​ទាំងនោះ​នាំ​ចេញពី​តំបន់ត្រីកោណមាស ទៅ​ប្រទេស​ថៃ តាម​ច្រក​សមុទ្រ មុន​ទៅ​ដល់​ឥណ្ឌូ​នេ​ស៊ី​។

លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ របស់​មន្ត្រី​នគរបាល​ជំនាញ​របស់​កម្ពុជា គ្រឿងញៀន​ចំនួន​ជាង ១.៣​តោន ដែល​ត្រូវ​អាជ្ញា​ឥណ្ឌូ​នេ​ស៊ី​រឹបអូស​បាន​នោះ គឺ​បាន​នាំ​ចេញពី​តំបន់ត្រីកោណមាស ទៅ​កាន់​ប្រទេស​ថៃ (​សមុទ្រ​ថៃ​) មុន​នឹង​ចេញដំណើរ ឆ្លងកាត់​ព្រំដែន​សមុទ្រ​ឥណ្ឌូ​នេ​ស៊ី​។
លោក​ឧត្តមសេនីយ៍ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បន្ត​ទៀត ថា ចំពោះ​ប៉ាវ​អង្ករ​ដែល​ដាក់​គ្រឿងញៀន​មាន​អក្សរ​ខ្មែរ​នោះ គឺ​ពួក​ឧក្រិដ្ឋជន​អាច​ទិញ​ពី​ព្រំដែន​កម្ពុជា​-​ថៃ ឬ​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​យក​ទៅ​ដាក់​គ្រឿងញៀន​នោះ ដើម្បី​ទម្លាក់​កំហុស​ដាក់ ឬ​សំអុយ​ឈ្មោះ​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ គ្រឿងញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់​សរុប ១.៣​តោន ត្រូវ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​រឹបអូស​បាន​។ សារធាតុ​នេះ​ដឹក​ចេញពី​ប្រទេស​ថៃ ប៉ុន្តែ​បន្លំ​ច្រក​ក្នុង​បាវ​អង្ក​ខ្មែរ​។

សារព័ត៌មាន Straits Times បាន​ចុះ​ផ្សាយ​ថា សារធាតុ​នេះ គឺ​ច្រក​ក្នុង​បាវ​ចំនួន ៦៥ ដឹក​តាម​នាវា MV King Sun ចេញពី​ប្រទេស​ថៃ តាំង​តែ​ពី​ខែកុម្ភៈ​មក​ម្ល៉េះ​។​ក្រោយ​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ឥណ្ឌូ​ណេ​ស៊ី តាមដាន​អស់​រយៈពេល​ជា​ច្រើន​ខែ នៅ​ទីបំផុត​នាវា​ក៏​ត្រូវ​បាន​ស្ទាក់​ចាប់ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ក្នុង​ដែនទឹក​ឥណ្ឌូ​ណេ​ស៊ី​។

ជាមួយនឹង​ការ​ស្ទាក់​ចាប់​នាវា​នេះ កងកម្លាំង​ឥណ្ឌូ​ណេ​ស៊ី ក៏​ចាប់ខ្លួន​នាវិក ៨​នាក់​ផង​ដែរ ក្នុង​នោះ​មាន​ជនជាតិ​មី​យ៉ា​ន់​ម៉ា ៧​នាក់ និង​តៃវ៉ាន់​ម្នាក់​។ គ្រឿងញៀន​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា អាច​មាន​តម្លៃ ១១៦.៤៩​លាន​ដុល្លារ​អា​មេ​រិ​ក​៕