សត្វប្រើសឈ្មោលមួយក្បាលរងការបា.ត់បង់ជម្រក រត់ចូលភូមិដូចរត់មកស្លា.ប់
- កំពត
ខេត្តកំពត ៖ ពិតជាសោកស្តាយមួយបានកើតឡើងនឹកស្មានមិនដល់ដោយសត្វប្រើសឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីវាបានរត់ភៀសខ្លួនចេញពីតំបន់ព្រៃភ្នំចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៦ ម្សឹលមិញនេះ ហើយដោយសារការជួយសង្គ្រោះរបស់ប្រជាពលរដ្ឋដើម្បីយកទៅដាក់នៅសួនសត្វភ្នំតាម៉ៅខុសបច្ចេកទេសដោយមិនបានសហការជាមួយមន្ត្រីជំនាញ(វ៉ាយអេដ)ដែលគេមានសម្ភារ:បច្ចេកទេសចាប់តាមសម្រួលមិនគ្រោះថ្នាក់ដល់សត្វ។
យោងតាមប្រភពពីកន្លែងប្រទះឃើញសត្វប្រើសដែលចូលក្នុងភូមិខាងលើបានឲ្យដឹងថា: ពេលឃើញសត្វព្រៃដ៏កម្រជិតផុតពូជខាងលើចូលក្នុងភូមិយ៉ាងដូច្នេះបងប្អូនប្រជាពលរដ្ឋមានការអាណិតអាសូរសត្វខាងលើគ្រប់ៗគ្នា អ្នកខ្លះយល់ថា សត្វដ៏កម្ររត់ចូលភូមិយ៉ាងនេះបើធ្លាប់លឺចាស់ៗនិយាយថាក្នុងភូមិអាចមានប្រផ្នូលមិនល្អ អ្នកខ្លះយល់ថា ដោយសារតែព្រៃភ្នំជាជម្រករបស់វាត្រូវគេរុករានទន្ទ្រានធ្វើឲ្យបាត់ទីជម្រករបស់វាទើបវាភៀសខ្លួនរកទីសុវត្ថិភាព នេះគ្រាន់តែជាការនិយាយប៉ាន់ស្មានរបស់ប្រជាពលរដ្ឋទេ។
ក្រោយពីឃើញហេតុការណ៍ដ៏ចម្លែកនេះបងប្អូនប្រជាពលរដ្ឋក៏គិតថារកមធ្យោបាយធ្វើយ៉ាងណាចាប់សត្វប្រើសនេះឲ្យបានទាំងរស់យកទៅប្រលែងនៅតំបន់អភិរក្សសត្វភ្នំតាម៉ៅ ក៏នាំគ្នាយកខ្សែ មកពទ្ធ័ទាក់ដើម្បីចាប់យកទាំងរស់ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ នៅពេលប្រជាពលរដ្ឋទាក់ជាប់ហើយសត្វប្រើសនោះបានរើបម្រះយ៉ាងខ្លាំងរហូតដល់ដាច់ខ្យល់ស្លាប់តែម្តង គួរឲ្យសោកស្តាយជាពន់ពេក។
ព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវក្តីអាណិតអាសូរដល់សត្វនិងមានមតិ រិះគន់ជាច្រើនមកលើវិធានការនៃការជួយសង្គ្រោះដោយខ្វះបច្ចេកទេស។
សូមបញ្ជាក់ថា: ការដែលប្រជាពលរដ្ឋបានប្រទះឃើញសត្វប្រើសឈ្មោលមួយក្បាលនេះនៅក្នុងវាលស្រែស្ថិតនៅភូមិព្រៃក្រាំង ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត នៅពេលនោះដែរក្រោយពីមានពត៌មានពីប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុនោះផងដែរ។
ដោយខ្វះការយល់ដឹងពីបច្ចេកទេសសង្គ្រោះ និងមិនបានជូនដំណឹងទៅកាន់មន្ត្រីជំនាញបរិស្ថាន ឬអង្គការអភិរក្សសត្វព្រៃជាមុន ក្រុមសមត្ថកិច្ច និងប្រជាពលរដ្ឋបានប្រើប្រាស់ខ្សែព័ទ្ធស្ទាក់ចាប់ និងទាញចងសត្វប្រើសនោះ។ ការធ្វើសកម្មភាពការស្ទាក់ចាប់ដោយការភ័យខ្លាច និងការប្រតាយប្រតប់យ៉ាងខ្លាំង បានធ្វើឱ្យសត្វប្រើសខំរើបម្រះយ៉ាងខ្លាំង រហូតអស់កម្លាំងខ្លាំង បណ្តាលឱ្យវាស្លាប់ភ្លាមៗបន្ទាប់ពីចាប់បាន។
ដោយក្តីអាណិតអាសូរបន្ទាប់ពីសត្វប្រើសបានស្លាប់ អាជ្ញាធរ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃមកបង្សុកូល ធ្វើពិធីគោរពប្រតិបត្តិ តាមបែបព្រះពុទ្ធសាសនា ដើម្បីបញ្ចៀសចង្រៃឧបត្ថទ្រុពកុំឲ្យកើតមានក្នុងភូមិនិងបញ្ជូនកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធសត្វប្រើសនោះផង មុននឹងធ្វើការកប់យ៉ាងត្រឹមត្រូវដល់សពសត្វប្រើសនោះ។
ជាមួយគ្នានេះដែរ សំណូមពរពីមហាជនដល់មន្ត្រីជំនាញពាក់ព័ន្ធចាំបាច់ត្រូវបង្កើនការទប់ស្កាត់បទល្មើសព្រៃឈើ និងការប្រមាញ់សត្វព្រៃនៅក្នុងតំបន់ជួរភ្នំខេត្តកំពតឱ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរមូលដ្ឋានត្រូវយល់ដឹងថា សត្វព្រៃធំៗដូចជាសត្វប្រើស ងាយនឹងស្លាប់ឬផុតពូជដោយសារ(សម្ពាធផ្លូវចិត្ត ឬការភ័យខ្លាចជ្រុល)ពេលត្រូវគេចាប់។
នៅពេលជួបប្រទះសត្វព្រៃ ចាំបាច់ត្រូវរាយការណ៍ភ្លាមៗទៅកាន់ ក្រសួងបរិស្ថាន ឬ អង្គការសង្គ្រោះសត្វព្រៃ (Wildlife Alliance / 1291) ដើម្បីឱ្យមន្ត្រីជំនាញដែលមានឧបករណ៍ដូចជាកាំភ្លើងបាញ់ថ្នាំសណ្តំ និងឧបករណ៍បច្ចេកទេសត្រឹមត្រូវចុះមកជួយអន្តរាគមន៍ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ