ទីក្រុងចាកាតា៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសឥណ្ឌូណេស៊ីបន្តរើកកាយគំនរបាក់បែកដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិតក្រោយហេតុការណ៍រញ្ជួយដីនៅលើកោះផ្លរ៉េស (Flores) កាលពីព្រឹកមិញ។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់កើនឡើងដល់៤០នាក់។ នេះបើយោងតាមមន្ត្រីទទួលបន្ទុកខាងដោះស្រាយគ្រោះមហន្តរាយ។ លោកស៊ូហាយ៉ាន់តូ (Suharyanto) ជាប្រធានទីភ្នាក់ងារជាតិដោះស្រាយគ្រោះមហន្តរាយថ្លែងថាមនុស្ស១៣នាក់រងរបួស ក្នុងនោះ២នាក់របួសធ្ងន់។ លោកថ្លែងបន្តទៀតថាជនរងគ្រោះកប់នៅពីក្រោមគំនរបាក់បែកនៃអគារជាច្រើន។ ពួកគេគឺជាគោលដៅដែលត្រូវជួយសង្គ្រោះមុនគេ។ ក្រុមការងារត្រៀមឧទ្ធម្ភាគចក្រ២គ្រឿង និងយន្តហោះមួយគ្រឿងដើម្បីចូលរួមចំណែកនៅក្នុងការជួយសង្គ្រោះ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីឡីយឹន ប្រកាសផ្ដល់សេវាបញ្ជូនរូបភាពពីផ្កាយរណប។ លោកស្រីថាអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់ផ្កាយរណប Copernicus ដែលជាកែវភ្នែករបស់យើងហោះហើរនៅលើអាកាស ដើម្បីជួយពន្លឿនការស្វែងរក និងជួយសង្គ្រោះ។ ឥណ្ឌូណេស៊ី! ចូរអ្នកចងចាំទុកចុះថាយើងនឹងរួមរស់ជាមួយអ្នកជានិច្ច។ លោកស្រីបង្ហោះសារដូចខាងលើនេះនៅលើបណ្ដាញអ៊ិច។ ផ្ទះ និងអគាររាប់សិបខ្នងរងការខូចខាតយ៉ាងដំណំនៅពេលគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារតំបន់កោះដ៏ពេញនិយមសម្រាប់អ្នកទេសចរនៅប្រទេសឥណ្ឌូណេស៊ីភាគខាងកើត។ លោកស៊ូហាយ៉ាន់តូថ្លែងថាមនុស្សប្រហែលពីរពាន់នាក់ត្រូវបានជម្លៀសខ្លួនជាបន្ទាន់។

ស្ត្រីឈ្មោះ Yulian Juita Ekalia ប្រាប់ថាខ្លួនពុំដែលជួបប្រទះនឹងការរញ្ជួយដីកម្រិតខ្លាំងដល់ថ្នាក់នេះទេ។ ស្ត្រីរូបនេះរស់នៅទីក្រុងរូតេង (Ruteng) ចម្ងាយជាងមួយរយគីឡូម៉ែត្រពីចំណុចកណ្ដាលនៃការរញ្ជួយ។ អ្នកស្រីប្រាប់ថានៅពេលរញ្ជួយនោះ គាត់មានអារម្មណ៍យោលយោកដូចជានៅលើទោង។ ព្រឹត្តិការណ៍នៅពេលនោះគួរឱ្យខ្លាចណាស់។ ដោយសារការរញ្ជួយនេះ អ្នកស្រីត្រូវភ្ញាក់ក្រញាងពីគេងទាំងអារម្មណ៍ស្លន់ស្លោនៅវេលាម៉ោង៥:៣០ព្រឹក។ អ្នកស្រីជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយកន្លែង។ នៅពេលអ្នកស្រីស្ទុះវឹងទៅក្រៅបន្ទប់ របស់របរនៅក្នុងផ្ទះគ្រវីគ្រវាត់ធ្លាក់រាយប៉ាយពេញកម្រាល មិនថាទូរទស្សន៍ ពានរង្វាន់ដែលកូនប្រុសរបស់អ្នកស្រីទទួលបាន រាវចាន វ៉ាលីដាក់នៅលើទូខោអាវនោះទេ។ នៅពេលអ្នកស្រីចេញទៅខាងក្រៅផ្ទ កូនរបស់អ្នកស្រី និងអ្នកជិតខាងក៏រត់ស្រចេញមកខាងក្រៅដែរ។ ពួកគេស្រែកយ៉ាងកងរំពងដោយសេចក្ដីភ័យខ្លាច។

លោកហ្វាតថឺ រ៉ាម៉ាន់ (Fathur Rahman) ជាមន្ត្រីទទួលបន្ទុកខាងជួយសង្គ្រោះប្រាប់អាអែហ្វប៉េថាឥឡូវនេះ គេចង់ផ្ដោតសំខាន់ទៅលើការកំណត់ទីតាំងជនរងគ្រោះដែលកប់នៅក្រោមគំនរបាក់បែក។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះក៏ជួបនឹងបញ្ហាលំបាកមិនតិចនោះទេដោយសារហេតុការណ៍បាក់ដីបានកាត់ផ្ដាច់ដងផ្លូវជាច្រើនខ្សែ។ ប្រជាជនរស់នៅតំបន់ណាហ្គេកែវ (Nagekeo) ដែលស្ថិតនៅកៀកនឹងចំណុចកណ្ដាលនៃការរញ្ជួយដីខំប្រញិបប្រញាប់ជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាពព្រោះមើលស្ថានភាពទឹកសមុទ្រហាក់ដូចជាមិនសូវស្រួលប៉ុន្មានទេកាលពីព្រឹកមិញ។ ពួកគេបារម្ភអំពីរលកយក្សស៊ូណាមី។ ទោះបីការព្រមានអំពីស៊ូណាមីបានលុបចោលវិញហើយក្ដី ប៉ុន្តែអាជ្ញាធរស្នើសុំឱ្យប្រជាជនកុំទាន់វិលត្រឡប់ទៅអគារបែកបាក់នៅពេលនេះព្រោះអាចនឹងមានការរញ្ជួយដីកម្រិតតូចៗជាច្រើនករណីទៀត៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ