ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងយោធា​ឃាត់ខ្លួន​ជនសង្ស័យ២នាក់លួច​នាំ​ចូល​ទំនិញ​ថៃ​​ចូល​ទឹកដីកម្ពុជា

6 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៦ នេះ កម្លាំងយោធា​ការពារ​ព្រំដែន​តំបន់​អូរ​បី​ជាន់ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​២​នាក់ ព្រមទាំង​រទេះ​ចំនួន​២​គ្រឿង ដែល​លួច​ដឹក​ទំនិញ​ខុសច្បាប់​ចូល​ពី​ប្រទេស​ថៃ មក​កាន់​ទឹកដី​កម្ពុជា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​ ។

យោង​តាម​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ បានឱ្យ​ដឹង​ថា ទំនិញ​ដែល​ដកហូត​បាន​រួម​មាន ស្កុ​ត និង​កាវ​បិទ​រុំ​ម្ហូប​ជា​ច្រើន​ការ៉ុង ហើយ​ជនសង្ស័យ​ទាំងនោះ ត្រូវ​បាន​បញ្ជូន​ឱ្យ​សមត្ថ​កិច្ច​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ។

ចំណែកឯ​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ដោយ​សម្តែង​ការ​សោកស្តាយ និង​ទទូច​ថា​ «​តើ​មាន​គិត​អាណិត​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ​ជាតិ និង​ទឹកដី និង​អាសូរ​ដល់​ជីវិត​វិ​រៈ​កងទ័ព​ទេ ដែល​បាន​ពលី​ក្នុង​សមរភូមិ? តើ​ពេល​ណា​ ទើប​ចេះ​ឈឺចាប់ ហើយ​ចូលរួម​ធ្វើ​ពហិកា​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ?» ។

មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​ជួរ​មុខ​ថា ក្រៅពី​ករណី​នេះ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ កន្លង​ទៅ នៅ​ស្រុក​ម៉ា​ឡៃ កម្លាំងយោធា​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំ​ដែន​គោក​លេខ​៨១៥ ក៏​បាន​ចាប់​ទំនិញ​លួច​នាំ​ចូល​ពី​ថៃ​ចំនួន​១​រទេះ ដែល​ជា​សាច់​បង្កក​ទម្ងន់​ជាង​១​តោន​ផង​ដែរ ប៉ុន្តែ​ជនល្មើស​បាន​គេចខ្លួន​បាត់​ ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ទាំងអស់ បង្កើន​ការ​សហការ​គ្នា​ទប់ស្កាត់​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ចំពោះ​ការ​លួច​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កំពុង​ចូលរួម​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​ទាំងនោះ និង​ស្នើ​សុំ​ឱ្យ​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ឈ្មួញ​ទុចរិត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​។