ជំនួយមនុស្សធម៌ ត្រូវបានប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ ស្រះឬស្សី
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ គ្រួសាររងគ្រោះដោយអគ្គិភ័យ ១ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ (ចំណុចអូរខ្លុង) សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ទទួលបានការអន្តរាគមន៍ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីជួយសម្រាលទុក្ខលំបាក ចំពោះមុខ បន្ទាប់ពីផ្ទះ និងទ្រព្យសម្បត្តិត្រូវភ្លើងឆាបឆេះខូចខាតទាំងស្រុង។
សកម្មភាពចុះជួយសង្គ្រោះ និងសួរសុខទុក្ខនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ដោយមានការដឹកនាំផ្ទាល់ពី លោក សាយ ព្រលឹង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមដំណើរជា អាជ្ញាធរមូលដ្ឋានសង្កាត់ស្រះឬស្សី ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែង និងផ្តល់ការគាំទ្រដល់អ៊ុំស្រី ពិន ចាន់ថា អាយុ ៧៥ឆ្នាំ ដែលជាម្ចាស់ផ្ទះរងគ្រោះ។
ក្នុងឱកាសជួបសម្តែងការសោកស្តាយ លោក សាយ ព្រលឹង បានពាំនាំនូវសារអំពាវនាវ និងការផ្តាំផ្ញើ សួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពី អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ តំណាងកាកបាទក្រហមបានគូសបញ្ជាក់ថា ជំនួយមនុស្សធម៌ទាំងអស់ត្រូវបានចាត់ចែងឡើងក្រោមគោលការណ៍គ្មានការរើសអើងពោ
លគឺឈរលើស្មារតី “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ដើម្បីធានាថាប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ទទួលបានការជួយសង្គ្រោះទាន់ពេលវេលា និងមិនត្រូវបានបោះបង់ចោលឡើយ។
ឆ្លើយតបនឹងតម្រូវការចាំបាច់ចំពោះមុខ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់រួមមាន៖ស្បៀងអាហារ អង្ករ ២៥គីឡូក្រាម, មី ១កេស, និងត្រីខ ១យួរ សម្ភារជម្រក និងប្រើប្រាស់៖ តង់ ១, សម្ភារផ្ទះបាយ ១ឈុត, និងឃីត ១កញ្ចប់ (មុង, ភួយ, សារ៉ុង, ក្រមា) បន្ថែមលើនេះ អាជ្ញាធរមូលដ្ឋាន ដោយមានលោកចៅ
សង្កាត់ស្រះឬស្សី ក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០,០០០រៀល ដើម្បីជួយសម្រាលបន្ទុកជីវភាពបណ្តោះអាសន្នរបស់គ្រួសាររងគ្រោះផងដែរ។
ការអន្តរាគមន៍ទាន់ពេលវេលានេះ មិនត្រឹមតែជាការផ្តល់ស្បៀងអាហារ និងសម្ភារចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតនូវប្រព័ន្ធសុវត្ថិភាពសង្គមនិងការលើកទឹកចិត្តដល់ជនរងគ្រោះឱ្យមានស្មារតីរឹងមាំឡើងវិញ បន្ទាប់ពីជួបប្រទះឧបទ្ទវហេតុដ៏អាក្រក់នេះ៕





ចែករំលែកព័តមាននេះ