ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កសៅ ! ទារកអាយុជាង ៣ខែបានបា.ត់បង់ជីវិតគួរឱ្យសង្វេគ នៅទារកដ្ឋានមួយកន្លែង

28 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទារក​អាយុ​ជាង​ ៣​ខែ​ម្នាក់ ដែល​ឪពុក​ម្ដាយ​ជាប់រវល់​ធ្វើការ ហើយ​យក​ទៅ​ផ្ញើរនៅ​ទារកដ្ឋាន​មួយ​កន្លែង ទើបតែ​បាន​រយៈពេល​ ៥​ថ្ងៃ​ប៉ុណ្ណោះ​ទារក​នោះ​ក៏​មាន​ជំងឺ ។ ពេល​នោះ​ខាង​អ្នក​ថែទាំ​បាន​ច្រកថ្នាំ​ផ្ដាសាយ​ក្ដៅខ្លួន​រួច ស្រាប់តែ​ទារក​ខាងលើ​ស្រែកយំ​រហូត​ហូរ​ឈាម​តាម​ច្រមុះ​រួច​ប្រកាច់ បន្ទាប់​មក​អ្នក​ថែទាំ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ទារក​នោះ​បាន​ស្លាប់​ហើយ សង្ស័យ​បណ្ដាល​មក​ពី​ជំងឺគ្រុនឈាម ទើប​នាំ​យក​សព​ត្រឡប់​ចូល​ទារកដ្ឋាន​វិញ រួច​ជូនដំណឹង​ទៅ​ឪពុក​ម្ដាយ​ទារក​នោះ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​ ៨​ព្រឹក​ ថ្ងៃ​ទី ​២១ ខែសីហា ឆ្នាំ ​២០២៦ នៅ​ក្នុង​ «​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សិក្សា ខេ​ម​ឃី​ដ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទារក​ដែល​ស្លាប់​នោះ​ឈ្មោះ ​អាត ហុង​វៃ អាយុ​ ៣​ខែ​កន្លះ មាន​ម្ដាយ​ឈ្មោះ​ ម៉ី ណា​រី​ន អាយុ​ ២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ និង​ឪពុក​ឈ្មោះ ​ហូ ហុង​លី អាយុ​ ២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​បុរស​ម្នាក់​ដែល​ជា​ជីតា​របស់​ទារក​ខាងលើ​បាន​និយាយ​ថា កូនស្រី​គាត់​និង​កូនប្រសារ​បាន​យក​កូន​ (​ទារក​)​ ទៅ​ផ្ញើរ​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សិក្សា ខម​ឃី​ដ នេះ​ទើបតែ​បាន​រយៈពេល​ ៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ផ្ញើរ​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ និង​ចាប់ពី​វេលា​ម៉ោង​ ៦​ព្រឹក ដល់​វេលា​ម៉ោង​ ៦​ និង​ ៣០​នាទី​ល្ងាច ក្នុ​ង​តម្លៃ ​១​ខែ​ ៥០​ដុល្លារ ហើយ​ក្រោយ​ពេល​ចេញពី​ធ្វើការ​ឪពុក​ម្ដាយ​បាន​ទៅ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ គាត់​បាន​អះអាង​ថា ​ក្នុង​រយៈពេល​ ៣​ខែ​ដែល​នៅ​ជាមួយ​ឪពុក​ម្ដាយ ចៅប្រុស​រូប​នោះ​មាន​សុខភាព​ល្អជា​ធម្មតា​ទេ មិន​មាន​ជំងឺ​អ្វី​ធំដុំ​ឡើយ ហើយ​ប្រសិនបើ​ចៅ​គាត់​ឈឺ​ធ្ងន់ធ្ងរ ក៏​ខាង​ទារកដ្ឋាន​នោះ​មិន​ទទួល​មើលថែ​ដែរ លុះ​ឥឡូវ​ពុំ​ដឹង​ថា ​យ៉ាងម៉េច​ទេ​ទើប​អ្នក​ថែទាំ​ច្រកថ្នាំ​រួច​បែរជា​ស្លាប់​បែប​នេះ ។

ចំណែក​ស្ត្រី​ដែល​ត្រូវ​ជា​ជីដូន​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​ពេល​នាំ​កូន​ទៅ​ដល់​ទារកដ្ឋាន​ខាងលើ ដោយ​ឃើញ​កូន​របស់​ខ្លួន​ហាក់​ចង់​មាន​ជំងឺ​ផ្ដាសាយ ឪពុក​ម្ដាយ​ទារ​ក៏​បាន​ប្រគល់​ថ្នាំ​ផ្ដាសាយ​ក្ដៅខ្លួន ដែល​បាន​បើក​ពី​មន្ទីរពេទ្យ​កុមារ​ជាតិ​កាលពី​ជាង​ ១​ខែ​មុន​ឲ្យ​ទៅ​ខាង​អ្នក​ថែទាំ ដើម្បី​ទុក​ច្រក​នៅ​ពេល​កូន​ផ្ដាសាយ​ក្ដៅខ្លួន ។ ពេល​នោះ​ក៏​បាន​ប្រាប់​ទៅ​អ្នក​មើលថែ​ថា បើ​ច្រកថ្នាំ​សូមកុំ​ច្រក​ផ្ទាល់ គឺ​លាយ​នៅ​ក្នុង​ទឹក​គោ​ឲ្យ​បៅ​ទៅ បន្ទាប់​មក​ឪពុក​ម្ដាយ​ក៏​បាន​ចេញ​ទៅ​ធ្វើការ​បាត់​ទៅ រហូត​ដល់​វេលា​ម៉ោងជាង​ ៨​ព្រឹក ស្រាប់តែ​ខាង​បុគ្គលិក​ទារកដ្ឋាន​ខាងលើ​បាន​ខ​ល​ប្រាប់​ថា ចៅប្រុស​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។

ស្ត្រី​រូប​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​សួរនាំ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នោះ ត្រូវ​បាន​ខាង​ទារកដ្ឋាន​ខាងលើ​ប្រាប់​ថា ពេល​ឃើញ​ចៅប្រុស​គាត់​មាន​ជំងឺ​អ្នក​ថែទាំ​ក៏​បាន​យក​ថ្នាំ​នោះ​ច្រក​ដោយ​ផ្ទាល់​មិន​បាន​លាយ​ក្នុង​ទឹកដោះគោ​ឲ្យ​បៅ​នោះ​ទេ ។ លុះ​ក្រោយ​ពេល​ច្រក​រួច​ចៅប្រុស​គាត់​បាន​យំ​យ៉ាង​ខ្លាំង ហើយ​ក្រោយមក​ក៏​ស្រាប់តែ​ហូរ​ឈាម​តាម​ច្រមុះ​រួច​ក៏​ប្រកាច់ បន្ទាប់​មក​ខាង​ទាក​ដ្ឋា​ន​នេះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ចៅប្រុស​គាត់​ស្លាប់​ហើយ សង្ស័យ​បណ្ដាល​មក​ពី​ជំងឺគ្រុនឈាម ទើប​នាំ​យក​សព​ត្រលប់​ចូល​ទារកដ្ឋាន​វិញ រួច​ជូនដំណឹង​ទៅ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​បានដឹង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី ​២ បាន​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​បច្ចេកទេស ​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ។ ប៉ុន្តែ​នគរបាល​ពុំ​ទាន់​ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​នៅឡើយ ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា តើ​រឿង​នេះ​បញ្ចប់​ទៅ​វិញ​ដោយ​របៀប​ណា​ដែរ ៕