សេដ្ឋី និងមន្ត្រីធំៗដែលមានធនធាននៅសម័យនេះ គេបានបញ្ជូនកូនៗរបស់ពួកគេទៅក្រេបចំណេះនឹងបទពិសោធនៅបរទេសបណ្តើរៗហើយ ខណៈកូនអ្នករាជការ និងប្រជាពលរដ្ឋភាគច្រើនបានកំពុងតែរង់ចាំលទ្ធផល និងពិនិត្យធនធាន ដើម្បីរកកន្លែងសិក្សានៅក្នុងស្រុក ។
កុំច្រណែន ឬមានទស្សនៈអគតិលើចំណុចនេះ ការដែលគេមានធនធានមានលទ្ធភាព វាគឺជាសិទ្ធិ និងធនធានរបស់គេ ។ សំខាន់នៅក្រោយពេលដែលលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានប្រកាស នៅថ្ងៃទី២ ខែកញ្ញាខាងមុខនេះ អ្នកធ្លាក់អាចរៀបចំ និងដាក់ផែនការជីវិត តាមវិធីអ្នកធ្លាក់ អ្នកជាប់ដាក់ផែនការតាមអ្នកជាប់ ។
រៀននៅក្នុងស្រុក ឬឫនៅបរទេសវាដូចតែគ្នាទេ សំខាន់ចំណេះជំនាញ និងការខំប្រឹងប្រែង ។ អនាគតល្អមិនមែនសម្រាប់អ្នកដែលអង្គុយតែកើតទុក្ខ ហើយក្រៀមក្រំអស់សង្ឃឹមមិនគិតកែខៃស្ថានការណ៍ហើយអង្គុយតែបន្ទោសខ្លួនឯង និងអ្នកដទៃនោះទេ ។ វាអាស្រ័យលើឆន្ទះ ការខំប្រឹងប្រែង សម្លឹងរកឱកាសទៅមុខជានិច្ច ។
ជីវិតជោគជ័យ ហើយរុងរឿងមិនមាននៅក្នុងវចនានុក្រមនៃការអស់សង្ឃឹមឡើយ វារមែងកើតមានចេញមកពីការប្រឹងជំនៈឧបសគ្គ ហើយហ៊ានប្រឈមនឹងបញ្ហា រួចព្យាយាមកសាងទីតាំងឈរជើងមួយដែលរឹងមាំ ដោយចំណេះនិងជំនាញពិតប្រាកដ ។
អ្នកដែលគេទៅរៀននៅក្រៅប្រទេស ថ្វីត្បិតគេអាចបញ្ចប់ការសិក្សានៅសាលាល្អ មានគុណភាព មានគុណតម្លៃ ប៉ុន្តែមិនប្រាកដថា គេមានបទពិសោធន៍និងបំណិននៃជីវិតនិងជីវភាពព្រមទាំងស្ថានភាពបន្សាំនឹងបញ្ហាដូចយើងដែលរស់នៅ ហើយរៀនសូត្រ ប្រឹងប្រែងនឹងស្ថានការណ៍ដែលយើងប្រឈមនិងឆ្លងកាត់ជាប្រចាំបានឡើយ ។
សូមក្រុមគ្រួសារ អាណាព្យាបាល និងប្អូនៗត្រៀមចិត្តត្រៀមកាយទទួលយកលទ្ធផលនៃការប្រឡងពីរថ្ងៃកន្លងមក ពោលគឺថ្ងៃទី១០ និង១១ ខែសីហាកន្លងទៅ ។ ទោះធ្លាក់ក្តីក៏ យើងនៅមានច្រកចេញសម្រាប់អនាគតគឺរៀនបន្តទៀត ឬរៀនជំនាញនានា ហើយចាប់ឱកាសការងារ ពីព្រោះជំនាញរយៈពេលរៀនខ្លី ហើយអាចមានឱកាសរកការងារធ្វើរកចំណូលបានមុន ហើយសន្សំលុយរៀនត ពង្រីកចំណេះពង្រីកលទ្ធភាព ឬសន្សំទុនសម្លឹងសម្លក់មុខរបរដែលយើងគិតថា វាសំខាន់វាអាចរកលុយរកចំណូលហើយមានអនាគតវែងឆ្ងាយ ។
អ្នកដែលជោគជ័យនៅក្នុងការប្រឡងថ្មីត្បិតតែរីករាយ ប៉ុន្តែកុំភ្លេចខ្លួនហើយភ្លើតភ្លើន ឬមានមោទនភាពជ្រុលនឹងអ្វីដែលខ្លួនសម្រេចបាន ហើយភ្លេចគិតពីអនាគត ។ ដូចដែលបានរៀបរាប់ខាងលើ អនាគតជាវិថីដ៏វែងឆ្ងាយហើយគ្មានឡើយសម្រាប់អ្នកដែលមិនខំប្រឹងប្រែង និង មានមោទនភាពជ្រុល ។ ធ្លាក់ក្តីជាប់ក្តី គឺត្រូវបន្តប្រឹងប្រែងបន្តទៀត ពីព្រោះថាអ្វីដែលបង្ហាញលទ្ធផលក្រោយការប្រឡង វាគ្រាន់តែជាការវាស់ស្ទង់សមត្ថភាព ក្រោយពេលដែលបានចំណាយពេល១២ឆ្នាំរៀនចំណេះដឹងទូទៅប៉ុណ្ណោះ ។ ចាប់ពីពេលនេះតទៅ វិថីជីវិតដែលនឹងក្រាលទៅរកភាពជោគជ័យនៅពេលអនាគតគឺពឹងផ្អែកលើការខំប្រឹងប្រែង ដ៏វែងឆ្ងាយ ។
រៀននៅសាលាណា ជំនាញអ្វី នៅប្រទេសណា វាពិតជាសំខាន់ហើយ ប៉ុន្តែទោះរៀននៅសាលាល្អ ជំនាញប្រសើរ ប្រទេសនោះក៏មានប្រវត្តិឧត្តុងឧត្តម ប៉ុន្តែប្រសិនបើមិនមានការខំប្រឹងប្រែង គ្មានការពុះពារ គ្មានការតស៊ូ គ្មានការស្រាវជ្រាវ គ្មានបទពិសោធន៍ ហើយជីវិតពឹងផ្អែកតែនៅលើកេរ្តិ៍ នៅលើសាវតាគ្រួសារ វិថីជីវិតនឹងនៅតែរដិបរដុប ។
ឧបសគ្គនិងជោគជ័យ ហើយឱកាសនិងហានិភ័យវានៅទន្ទឹមគ្នា សម្រាប់អនាគតរបស់មនុស្សម្នាក់ៗ។ សំខាន់យើងត្រូវចេះកំណត់និងរៀបចំយុទ្ធសាស្ត្រ ជាពិសេសផែនការជីវិតដែលយើងត្រូវរៀបចំ ហើយប្រឹងប្រែងឲ្យទៅតាមអ្វីដែលយើងចង់បាន ។
ជារួម លទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មិនមែនជាចំណុចបញ្ចប់នៃជីវិតឡើយ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃវិថីថ្មីមួយសម្រាប់មនុស្សគ្រប់រូប។ អ្នកជាប់ត្រូវបន្តខិតខំរៀនសូត្រ និងកសាងសមត្ថភាពដោយមិនភ្លេចខ្លួន ខណៈអ្នកធ្លាក់ក៏មិនគួរអស់សង្ឃឹម ឬចាត់ទុកខ្លួនឯងថា បរាជ័យជារៀងរហូតនោះទេ ព្រោះនៅមានផ្លូវជាច្រើនទៀតសម្រាប់ការរៀនជំនាញ ការងារ និងការកសាងអនាគត ។
មិនថា រៀននៅក្នុងស្រុក ឬនៅបរទេស មិនថា មានធនធានច្រើន ឬមានធនធានតិច សុទ្ធតែអាចកសាងជោគជ័យបាន ប្រសិនបើមានឆន្ទៈ ការតស៊ូ ការពុះពារ ការសិក្សាស្រាវជ្រាវ និងចេះចាប់យកឱកាស ។ ដូច្នេះ កុំឱ្យលទ្ធផលមួយលើកកំណត់តម្លៃជីវិតរបស់យើង ហើយកុំឱ្យភាពជោគជ័យមួយលើកធ្វើឱ្យយើងភ្លេចខ្លួន ។ អនាគតនៅវែងឆ្ងាយ ហើយជោគជ័យពិតប្រាកដ គឺជាផលនៃការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ។
សូមឱ្យប្អូនៗទាំងអ្នកជាប់ និងអ្នកធ្លាក់ ទទួលយកលទ្ធផលដោយស្មារតីរឹងមាំរៀបចំផែនការជីវិតឱ្យបានច្បាស់លាស់ និងបន្តដើរទៅមុខដោយក្តីសង្ឃឹម។ ផ្លូវទៅរកភាពជោគជ័យមិនមានតែមួយទេ ហើយអ្នកដែលហ៊ានប្រឈមនឹងឧបសគ្គ ចេះរៀនពីបរាជ័យ និងមិនបោះបង់ការខិតខំ នឹងមានឱកាសកសាងអនាគតដ៏រឹងមាំ និងមានតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមដូចគេដូចឯងធម្មតា ៕
ចែករំលែកព័តមាននេះ