ទីក្រុងប្រ៊ុចសែល៖ ថ្មីៗនេះ យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់ដ្រូនមួយគ្រឿងដែលហោះចូលដែនអាកាសប្រទេសឡាតវី។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យអង្គការណាតូ ហើយត្រូវបានបញ្ជាក់បន្ថែមដោយក្រសួងការពារជាតិឡាតវីថាពិតជាយ៉ាងដូច្នេះមែន។ អង្គការណាតូចាប់ផ្ដើមបើកការស៊ើបអង្កេតរកមូលហេតុពិតនៅពីក្រោយការជ្រៀតចូលដែនអាកាសពីសំណាក់ដ្រូនអនាមិកនោះហើយ។ ហេតុការណ៍នេះកើតឡើងចំពេលដែលមានកង្វល់កាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបព្រោះដ្រូនកាន់តែច្រើនឡើងៗហោះចូលដែនអាកាសរបស់ពួកគេជាបន្តបន្ទាប់។ ជាពិសេស ករណីនេះច្រើនកើតមានឡើងនៅស្លាបខាងកើតអង្គការណាតូដែលជាប់នឹងព្រំដែនប្រទេសរុស្ស៊ី។

ព្រឹត្តិការណ៍នេះកើតឡើងស្របពេលដែលសង្គ្រាមអ៊ុយក្រែនបន្តកើតឡើងយ៉ាងក្ដៅគគុក។ ទាំងរុស្ស៊ី និងអ៊ុយក្រែនពឹងផ្អែកខ្លាំងទៅលើដ្រូនដើម្បីវាយប្រហារគ្នាពីចម្ងាយ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងឱ្យប្រាកដថាតើដ្រូនមួយគ្រឿងដែលបាញ់ធ្លាក់នោះមានប្រភពមកពីណាទេ។ អ្នកនាំពាក្យអង្គការណាតូថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េថាយន្តហោះអ៊ីតាលី២គ្រឿងម៉ាក Eurofighter បានចេញប្រតិបត្តិការបាញ់ទម្លាក់ដ្រូនមួយគ្រឿងកាលពីព្រឹកមិញនៅពេលដ្រូននោះហោះចូលដែនអាកាសប្រទេសឡាតវី។ មិនយូរប៉ុន្មាន យន្តហោះមួយគ្រឿងបាញ់ទម្លាក់ដ្រូននោះបានសម្រេច។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថាយន្តហោះតួកគី២គ្រឿងម៉ាកអែហ្វ១៦ក៏បានចូលរួមនៅក្នុងប្រតិបត្តិការនោះផងដែរ។

អ្នកនាំពាក្យខាងលើថ្លែងបន្តទៀតថាយន្តហោះទាំងអស់បើកប្រតិបត្តិការដោយអនុលោមទៅតាមបទ បញ្ជារបស់អង្គការណាតូ។ ឥឡូវនេះ ណាតូចាប់ផ្ដើមបើកការស៊ើបអង្កេតករណីនេះជាបណ្ដើរៗហើយ។ កាលពីព្រឹកមិញ ក្រសួងការពារជាតិឡាតវីបង្ហោះសារនៅលើបណ្ដាញអ៊ិចថាយន្តហោះចម្បាំងបានបាញ់ទម្លាក់ដ្រូនរបស់ប្រទេសដទៃដោយជោគជ័យ។ ក្រសួងអះអាងថាដ្រូននោះហោះវង្វេងវង្វាន់ចូលដែនអាកាសឡាតវីដោយសសារយុទ្ធសាស្ត្រសង្គ្រាមអេឡិចម៉ាញ៉េទិចរបស់រុស្ស៊ី។ អឺរ៉ុប និងរដ្ឋជាសមាជិកអង្គការណាតូមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ីនៅប៉ែកខាងកើត។ បណ្ដាប្រទេសនៅស្លាបខាងកើតរបស់ណាតូឧស្សាហ៍ជួបប្រទះនឹងករណីដ្រូនហោះរំលោភដែនអាកាសជាញឹកញាប់។ ក្នុងនោះ រួមទាំងប្រទេសរ៉ូម៉ានី និងប៉ូឡូញផងដែរ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ ក្រុមសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូបញ្ជាក់ថារុស្ស៊ីត្រូវតែជាអ្នកទទួលខុសត្រូវយ៉ាងពេញទំហឹងចំពោះករណីដែលដ្រូនចេះតែហោះចូលដែនអាកាសរបស់ណាតូជាបន្តបន្ទាប់។ ណាតូចាត់ទុកថានេះជាទង្វើដ៏គ្រោះថ្នាក់ដែលមិនអាចទទួលយកបានជាដាច់ខាត ហើយវាជាការឆ្លុះបញ្ចាំងឱ្យឃើញនូវចរិតរបស់រុស្ស៊ីដែលចូលចិត្តប្រឈមនឹងគ្រោះថ្នាក់។ ប្រទេសហ្វាំងឡង់ក្រោយពេលកើតមានហេតុការណ៍ដ្រូនហោះចូលដែនអាកាសឡាតវីដូច្នេះ ខ្លួនក៏ប្រកាសបិទដែនអាកាស និងដែនសមុទ្រជាបណ្ដោះអាសន្ននៅឈូងសមុទ្រហ្វាំងឡង់។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិ។ ហ្វាំងឡង់អះអាងថានេះជាវិធានការបង្ការរបស់ខ្លួនដើម្បីធានាសុវត្ថិភាពរបស់មនុស្សផង និងធានាថាអាជ្ញាធរមានសមត្ថភាពទប់ទល់នឹងលទ្ធភាពនៃការជ្រៀតចូលរបស់ដ្រូនបរទេសទៅក្នុងដែនអាកាសរបស់ខ្លួនផង៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ