ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀបសម្គាល់រោគសញ្ញាខូចភ្នែកក្រោយពេលមើលសូរ្យគ្រាសដោយគ្មានការការពារ

5 ម៉ោង មុន

អ្នកជំនាញ​ខាង​ភ្នែក​កំពុង​ព្រមាន​មនុស្ស​ឱ្យ​ប្រុង​ប្រយ័ត្ន​ ចំពោះ​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ថា​ ចក្ខុវិស័យ​របស់​ពួក​គេ​ត្រូវ​បាន​ខូចខាត​ដោយ​ការ​សម្លឹង​មើល​ព្រះអាទិត្យ​ក្នុងអំឡុងពេល​សូរ្យគ្រាស​ កាលពីថ្ងៃ​ពុធ​ ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News ។

រោគ​សញ្ញា​អាច​រួម​មាន ការ​មើលឃើញ​មិន​ច្បាស់ ចំណុច​ងងឹត​កណ្តាល ឬ​ចំណុច​ខ្មៅ និង​ភាព​ប្រែប្រួល​កាន់តែ​ខ្លាំង​ចំពោះ​ពន្លឺ​ ។ បន្ទាប់​ពី​សូរ្យគ្រាស​សរុប​លើក​មុន ដែល​អាច​មើលឃើញ​នៅ​ចក្រភព​អង់គ្លេស ​ក្នុង​ឆ្នាំ​១៩៩៩ មនុស្ស​ប្រហែល​៧០​នាក់​បាន​រង​របួស​ភ្នែក ​។

ពួក​គេ​ជា​ច្រើន​បាន​ចំណាយពេល​តិច​ជាង​មួយ​នាទី ​ដើម្បី​មើល​ទស្សនីយភាព​នេះ ដោយ​មិនដឹង​ថា ​វា​កំពុង​ធ្វើ​ឱ្យ​ភ្នែក​របស់​ពួក​គេ​ខូច​នោះ​ទេ​ ។ គ្រោះថ្នាក់​កើតឡើង ពីព្រោះ​ការ​សម្លឹង​មើល​សូរ្យគ្រាស​ដោយ​គ្មាន​ការ​ការពារ អាច​បំផ្លាញ​រី​ទីណា ដែល​ស្ថិត​នៅ​ខាងក្រោយ​ភ្នែក និង​ជា​ពិសេស ​កោសិកា​ទាំងនោះ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​មើលឃើញ​កណ្តាល​យ៉ាង​​ច្បាស់​។

ព្រះអាទិត្យ​ភ្លឺ​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ សូ​ម្បី​តែ​ពេល​ដែល​ត្រូវ​បាន​បាំង​ដោយ​ផ្នែក​ដោយ​ព្រះ​ចន្ទ​ក៏​ដោយ​ ។ ជា​ធម្មតា ប្រសិនបើ​យើង​សម្លឹង​មើល​វា យើង​នឹង​ជ្រួញ​ចិញ្ចើម ហើយ​ងាក​ចេញ​យ៉ាង​លឿន ​។

ប៉ុន្តែ​នៅ​ពេល​ដែល​វា​ងងឹត​ជាង​មុន អំឡុង​ពេល​មាន​សូរ្យគ្រាស សភាវគតិ​នោះ​ អាច​នឹង​មិន​ចាប់ផ្តើម​ដំណើរការ​ទេ សូ​ម្បី​តែ​ពេល​ដែល​ភ្នែក​របស់​យើង​កំពុង​រង​ការ​ខូចខាត​ក៏​ដោយ ​។

ពន្លឺ​ភ្លឺ​ច្បាស់ និង​វិទ្យុសកម្ម​អ៊ុ​ល​ត្រា​វី​យូ​ឡេ​ ដែល​បញ្ចេញ​ដោយ​ព្រះអាទិត្យ​អាច​នាំ​ឱ្យ​មាន​ស្ថាន​ភាព​មួយ​ហៅ​ថា «​ជំងឺ​រី​ទី​ណូ​ប៉ា​ធី​សូ​ឡា»​។

ហើយដោយ​សារ​តែ​រី​ទីណា ​មិន​មាន​ឧបករណ៍​ទទួល​ការ​ឈឺចាប់ វា​ពិបាក​សម្រាប់​មនុស្ស​ក្នុង​ការ​កត់សម្គាល់​ពី​ការ​ខូចខាត​នៅ​ពេល​ដែល​វា​កើតឡើង ដូច្នេះ​ រោគ​សញ្ញា​អាច​លេចឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ប៉ុណ្ណោះ​ ។

មុន​ពេល​មាន​សូរ្យគ្រាស អ្នកជំនាញ​បាន​ព្រមាន​ថា គួរ​ប្រើ​តែ​វ៉ែនតា​សូរ្យគ្រាស​ដែល​រចនា​ឡើងជា​ពិសេស​ពិតប្រាកដ​ប៉ុណ្ណោះ ហើយ​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ធម្មតា ឬ​ឧបករណ៍​ផ្សេង​ទៀត​មិន​គ្រប់គ្រាន់​ ដើម្បី​ការពារ​ការ​ខូចខាត​ដែល​អាច​កើត​មាន​នោះ​ទេ​ ។

អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន?

លោក Alexander Ionides គ្រូពេទ្យ​វះកាត់​ភ្នែក​នៅ​មន្ទីរពេទ្យ​ភ្នែក Moorfields ក្នុង​ទីក្រុង​ឡុ​ង​ដ៍ បាន​និយាយ​ថា ប្រសិនបើ​អ្នក​បាន​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ខូច រោគ​សញ្ញា​នឹង​ចាប់ផ្តើម​លេចឡើង​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង ​។

«​វា​ជា​ចំណុចកណ្តាល​នៅ​ក្នុង​វិស័យ​ដែល​មើលឃើញ មិន​ថា​អ្នក​កំពុង​សម្លឹង​មើល​អ្វី​នោះ​ទេ ប្រសិនបើ​អ្នក​កំពុង​សម្លឹង​មើល​មុខ​នរណា​ម្នាក់ ឬ​ការ​សរសេរ​នៅ​លើ​ទំព័រ ឬ​នាឡិកា​នៅ​លើ​ជញ្ជាំង អ្នក​អាច​មានការ​បង្ខូច​ទ្រង់ទ្រាយ​»​ ។

វា​នឹង​មាន​ពណ៌​ប្រផេះ ឬ​លឿង ឬ​ចំណុច​ងងឹត​មួយ​នៅ​ចំ​កណ្តាល​នៃ​ការ​មើលឃើញ​របស់​អ្នក​។«​វា​មិន​ឈឺចាប់​ទេ គ្មាន​ការ​ឈឺចាប់​ដូច​ការ​រលាក​ដែល​អាច​ចាត់​ទុក​ថា​ ជា​នោះ​ទេ ហើយ​វា​អាច​កើតឡើង​បន្តិច​ម្តង​ៗ»​ ។