ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព្រមាន​ចាត់វិធានការ​​អ្នក​បង្កើត​មាតិកា​កេងប្រវ័ញ្ច​កុមារ​ ដើម្បី​ទាក់ទាញ​អ្នក​មើល និង​រក​ប្រាក់​ចំណូល

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នៅ​ថ្ងៃ​ទី​១៣ សីហា ២០២៦ បាន​ចេញ​សេចក្ដីណែនាំ ស្តី​ពី
ការ​ទប់ស្កាត់​ការ​យក​កុមារ​ទៅ​បង្កើត​មាតិកា​តាម​បណ្តាញ​សង្គម ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កុមារ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ការ​កម្សាន្ត ឬ រក​ប្រាក់​ចំណូល ។

ថ្មី​ៗ​នេះ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​កត់សម្គាល់​ឃើញ​ថា មានការ​ផលិត ការ​បង្ហោះ ការ​ចែកចាយ និង​ការ​ចែករំលែក​បន្ត​នូវ​រូបភាព ឬ​វី​ដេ​អូ​អាសអាភាស​របស់​កុមារ​តាម​បណ្ដាញ​សង្គម និង​កម្មវិធី​ផ្ញើ​សារ​ផ្សេង​ៗ​។ លើស​ពី​នេះ ក៏​មាន​អ្នក​បង្កើត​មាតិកា ដោយ​បុគ្គល​ល្បី​ៗ​មួយ​ចំនួន បាន​យក​កុមារ​មក សម្ដែង ឬ​ថត​ជា​វី​ដេ​អូ ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ការ​កម្សាន្ត ឬ​រក​ប្រាក់ ចំណូល ដោយ​ប្រើប្រាស់​ពាក្យពេចន៍ កាយវិការ ឬ​សកម្មភាព​មិន​សមរម្យ ដែល​ជា​ការ​រំលោភសិទ្ធិ សេចក្តី​ថ្លៃថ្នូរ សីលធម៌​សង្គម ក្រមសីលធម៌ ឬ​គោលការណ៍​សុវត្ថិភាព​កិច្ច​ការពារ​កុមារ​ដូច​ជា ការ​រំលោភ​បំពាន​ដល់​សិទ្ធិ ឯកជន​ភាព ការ​បោះបង់​ការ​សិក្សា ឬ​ការ​សិក្សា​ចុះ​ខ្សោយ កុមារ​ក្លាយជា​កម្មវត្ថុ នៃ​ការ​ធ្វើ​អាជីវកម្ម​សេដ្ឋកិច្ច ការ​ជួញដូរ និង​ការ​រំលោភ​បំពាន​ផ្សេង​ៗ​ទៀត​។ សកម្មភាព​ទាំងនេះ គឺ​ផ្ទុយ​នឹង​អនុសញ្ញា​អន្តរជាតិ ច្បាប់ គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ មាន​ជា​អាទិ៍ ៖

-​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​កុមារ ដែល​មាន​ចែង​ក្នុង​មាត្រា​១៦ អំពី​សិទ្ធិ​ឯកជន​ភាព​របស់​កុមារ មាត្រា​១៩ អំពី​ការ​ការពារ​កុមារ​ពី​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​គ្រប់​ទម្រង់ មាត្រា​៣២ អំពី​ការពារ​កុមារ ប្រឆាំង​ការ​កេងប្រវ័ញ្ច​ផ្នែក​សេដ្ឋកិច្ច ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា ឬ​ការ​អភិវឌ្ឍ​ផ្នែក​រាង​កាយ សតិ​ប​ញ្ញ ស្មារតី សីលធម៌​សង្គម​របស់​កុមារ មាត្រា​៣៤ អំពី​ការ​ការពារ​កុមារ​ពី​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​ផ្លូវភេទ និង​មាត្រា​៣៦ អំពី​ការពារ​កុមារ​ប្រឆាំង​នឹង​ទម្រង់​ផ្សេង​ៗ​ទៀត នៃ​ការ​ធ្វើ​អាជីវកម្ម​ដែល​ប៉ះពាល់​ដល់​គ្រប់​ទិដ្ឋភាព នៃ​សុខុមាលភាព​របស់​កុមារ រួម​ទាំង​ពិធីសារ​បន្ថែម​ស្តី​ពី​ការ​ជួញដូរ​កុមារ ការ​ធ្វើ​ពេស្យា​កម្ម​កុមារ និង​រូបភាព អាសអាភាស​កុមារ ។
-​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ចែង​ក្នុង​មាត្រា​៤៨ អំពី​ការ​ការពារ​សិទ្ធិ​កុមារ ។
-​ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ចែង​ក្នុង មាត្រា​១០ ផ្នែក​ទី​២ អំពី​សិទ្ធិ​បុគ្គល ។
-​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ឆ្នាំ​២០០៨ មាត្រា ៤០ និង មាត្រា ៤១. កំណត់​អំពី​រូបភាព​អាសអាភាស​កុមារ ដែល​ជា​មូលដ្ឋាន​គតិ​យុ​ត្ត​ផ្ទាល់​សម្រាប់​ការ​ទប់ស្កាត់ និង​ការ​លុប មាតិកា​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​កុមារ ។
-​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​ឆ្នាំ​២០១៩-២០២៩​។
-​ប្រកាស​ស្តី​ពី​ក្រមសីលធម៌​សម្រាប់​កិច្ច​ការពារ​កុមារ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ។
-​គោលការណ៍​ណែនាំ​ស្តី​ពី​កិច្ច​ការពារ​កុមារ​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។

ក្នុង​ន័យ​នេះ ដើម្បី​ការពារ​សិទ្ធិ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ សម្បទា សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​បង្កើត​មាតិកា វិស័យ​ឯកជន និង​សាធារណៈជន ដូច​តទៅ ៖

១.​ការ​យក​កុមារ​ទៅ​ថតរូប ឬ​វី​ដេ​អូ ត្រូវ​មានការ​អនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី​កុមារ​ផ្ទាល់ ឬ​ឪពុក​ម្ដាយ ឬ​អ្នក​អាណាព្យាបាល​របស់​កុមារ​។

២.​ធានា​ថា​គ្រប់​រូបថត វី​ដេ​អូ ការ​ដាក់​តាំង​បង្ហាញ​នូវ​រូបថត វី​ដេ​អូ ឬ​រូបភាព​ដទៃ​ទៀត​របស់​កុមារ ជា​ការ បង្ហាញ​ភាព​ស្មោះត្រង់​ពី​បរិបទ តថភាព​មាន​លក្ខណៈ​ជា​ការ​គោរព និង​រក្សា​បាន​នូវ​ភាព​ថ្លៃថ្នូរ ព្រមទាំង​ប្រើ ប្រាស់​តែ​ក្នុង​គោលបំណង​ផ្លូវការ​។

៣.​ហាម​ការ​ផលិត​មាតិកា​ដែល​បង្ហាញ​កុមារ​ក្នុង​លក្ខណៈ​ផ្លូវភេទ ក្នុង​ស្ថានភាព​ទុក្ខ​ព្រួយ អាម៉ាស់ ឬ គ្រោះថ្នាក់ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ព្រមទាំង​ជៀសវាង​ការ​បង្ហាញ​ព័ត៌មាន​អត្តសញ្ញាណ​របស់​កុមារ ដូច​ជា សាលារៀន ទីលំនៅ ជាដើម ។

៤.​គ្រប់​វិស័យ​ឯកជន​ដែល​ផ្តល់​សេវា​អ៊ី​ន​ធើ​ណេ​ត ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព ឬ​វី​ដេ​អូ​របស់ កុមារ​ដែល​មាន​លក្ខណៈ​មិន​សមរម្យ ជា​ពិសេស​មាតិកា​ខុសច្បាប់ ដូច​ជា មាតិកា​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ (CSAM) និង​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​សិទ្ធិ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​។

៥.​គ្រប់​បណ្តា​ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​សង្គម ត្រូវ​ចូលរួម​ទប់ស្កាត់ ឬ​ដកហូត រាល់​គេហទំព័រ (Page) ឬ​គណនី (Account) ដែល​បង្ក​ផល​ប៉ះពាល់​សិទ្ធិ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​។

៦.​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នឹង​ចាត់​វិធា​ការ​តាម​ច្បាប់​ជា​ធរមាន ចំពោះ​អ្នក បង្កើត​មាតិកា ឬ​សាធារណៈជន ដែល​នៅ​តែ​បន្ត​យក​កុមារ​ថតរូប​ភាព ឬ​វី​ដេ​អូ ទៅ​ប្រើប្រាស់​តាម​បណ្តាញ សង្គម ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ ច្បាប់ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​។

៧.​សូម​ស្នើ​ដល់​មាតាបិតា អ្នក​អាណាព្យាបាល សាធារណៈជន និង​វិស័យ​ឯកជន ត្រូវ​ចូលរួម​ទប់ស្កាត់ និង​រាយការណ៍​រាល់​សកម្មភាព​នៃ​ការ​បង្ហោះ​រូបភាព ឬ​វី​ដេ​អូ ដែល​លក្ខណៈ​កេងប្រវ័ញ្ច ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេចក្តី​ថ្លៃថ្នូ សីលធម៌​សង្គម និង​ក្រមសីលធម៌ ឬ​គោលការណ៍​សុវត្ថិភាព​កិច្ច​ការពារ​កុមារ ដល់​អាជ្ញា​ធរមាន សមត្ថកិច្ច ឬ​តាម​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​នគរបាល​ជាតិ ១២៨៨ និង​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ១២៨០ ។

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា សូម​លើក​ទឹក​ដល់​គ្រប់​អ្នក​បង្កើត​មាតិកា សាធារណៈជន និង​វិស័យ​ឯកជន ត្រូវ​ផលិត​មាតិកា​ដែល​មាន​ខ្លឹមសារ​ក្នុង​ន័យ​អប់រំ លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​ប្រពៃណី ជា​ពិសេស​លើកកម្ពស់​សិទ្ធិ​កុមារ ឱ្យ​ស្រប​តាម​ច្បាប់ គោលនយោបាយ និង​គោលការណ៍​ស្តី​ពី​ក្រមសីលធម៌ សម្រាប់​កិច្ច​ការពារ​កុមារ ៕