ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋ​អាម៉េរិក​ប្ដេជ្ញា​បន្ត​ពូន​ជ្រំ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​គោលនយោបាយ នៃ​ក្រសួង​សង្គ្រាម សហរដ្ឋ​អាម៉េរិក ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​ ។

ក្នុង​ជំនួប​នេះ​ ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន ​នៃ​ទំនាក់ទំនង​ទ្វេភាគី សហរដ្ឋ​អាម៉េរិក​-​កម្ពុជា ជា​ពិសេស ក្នុង​វិស័យ​ការពារ​ជាតិ ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា សហរដ្ឋ​អាម៉េរិក​ប្រកាន់ខ្ជាប់​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ឈរ​លើ​មូលដ្ឋាន ​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ គោរព​អធិបតេយ្យភាព និង​ផលប្រយោជន៍​រួម​ ។

ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ជា​ប្រទេស​សំខាន់​មួយ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​សហរដ្ឋ​អាម៉េរិក ហើយ​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ពូន​ជ្រំ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី បាន​បង្ហាញ​នូវ​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព​វិជ្ជមាន​ នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក រួម​ទាំង​ក្នុង​វិស័យ​ការពារ​ជាតិ​ ។

សម្ដេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ ។

សម្ដេច​ធិ​បតី​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​ នៃ​ដំណើរការ​ត្រៀម​រៀបចំ សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ​» (Angkor Sentinel) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៧ ក៏​ដូច​ជា​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ពង្រឹងសមត្ថភាព​កងទ័ព​កម្ពុជា​ ។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា សមយុទ្ធ និង​ការ​បណ្ដុះបណ្ដាល មិន​ត្រឹមតែ​ពង្រឹងសមត្ថភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្ពាន​កសាង​មិត្តភាព​ជិត​ស្និ​ទរ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី​បាន​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធានាធិបតី Donald J. Trump ក៏​ដូច​ជា​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ កន្លង​មក និងសេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ព្រមទាំង បន្ត​យកចិត្តទុកដាក់​ចំពោះ​ការ​កសាង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ។

មុន​នឹង​បញ្ចប់​ សម្តេច​ធិ​បតី បាន​ជម្រាប​ជូន ឯកឧត្តម​អនុរដ្ឋមន្ត្រី នៃ​ក្រសួង​សង្គ្រាម​សហរដ្ឋ​អាម៉េរិក អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​បាន​គូស​រំលេច​អំពី​ការ​ប្ដេជ្ញា​ចិត្ត និង​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ប្រកាន់​យក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ ៕