ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សស្លាប់ ៩នាក់ ក្នុងឧបទ្ទវហេតុលេចធ្លាយឧស្ម័នពុលនៅកន្លែងរុះរើនាវា នៅបង់ក្លាដែស

1 ម៉ោង មុន

ប្រទេសបង់ក្លាដែស៖ មនុស្សយ៉ាងហោចណាស់ ​៩នាក់បានស្លាប់​ និងមួយចំនួនទៀតរងរបួស បន្ទាប់ពីសង្ស័យថា បានរងការប៉ះពាល់ពីឧស្ម័នពុលនៅក្នុងនាវាមួយគ្រឿងដែលកំពុងត្រូវបានរុះរើ នៅតំបន់​ជាយក្រុង​នៃភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស កាលពីព្រឹកថ្ងៃទី១៤ ខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។

តាមអាជ្ញាធរមូលដ្ឋាន ហេតុការណ៍កើតឡើងប្រហែលម៉ោង ​៩ព្រឹក​ ខណៈកម្មករកំពុងធ្វើការសម្អាត និងថែទាំនៅក្នុងនាវា។ កម្មករបានសង្កេតឃើញការលេចធ្លាយឧស្ម័នចេញពីធុងមួយ មុនពេលមានអ្នកស្លាប់ និងរងរបួស។

សាក្សី និងក្រុមពន្លត់អគ្គិភ័យសង្ស័យថា ​ឧស្ម័នពុលបានសាយភាយនៅខាងក្នុងនាវា​ បណ្តាលឱ្យកម្មកររងគ្រោះ។ អ្នករងរបួសមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈកម្មកររងរបួសធ្ងន់យ៉ាងហោចណាស់ ២នាក់ ត្រូវបានរៀបចំបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងដាកា ដើម្បីព្យាបាលបន្ថែម។

រដ្ឋាភិបាលបង់ក្លាដែសបានបង្កើត ​គណៈកម្មការស៊ើបអង្កេត​ ដើម្បីស្វែងរកមូលហេតុនៃហេតុការណ៍ ហើយបានផ្អាកប្រតិបត្តិការនៅកន្លែងរុះរើនាវានោះជាបណ្តោះអាសន្ន។

តំបន់កើតហេតុគឺជាមជ្ឈមណ្ឌលរុះរើនាវាដ៏ធំមួយរបស់ពិភពលោក ប៉ុន្តែការងារនៅទីនោះត្រូវបានគេរិះគន់ជាញឹកញាប់ ដោយសារហានិភ័យពីឧស្ម័នពុល លោហៈធ្ងន់ និងការធ្លាក់ដែកថែប ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កម្មករ៕