ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងបង្គោលភ្លើងសឡា ! អស់បុណ្យសក្តិម្នាក់ទៀតហើយ​

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មិន​ទាន់​ស្ងប់​ទេ រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើប្រាស់​មូលនិធិ ដើម្បី​អភិវឌ្ឍន៍ ឃុំ​សង្កាត់ ក្នុង​ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​ផ្ទុះ​រឿង​​បង្គោល​​ភ្លើង​សឡា​នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ មាន​តម្លៃ ៨​លាន​រៀល ត្រូវ​បាន​រិះគន់​ពេញបណ្តាញសង្គម ​។ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​ដកមុខ​តំណែងមន្ត្រីសាលាខេត្ត ២​រូប បន្ទាប់​មកនៅ​ថ្ងៃទី ១៤ ខែ​សីហា​ នេះ អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ដក​មន្ត្រី​មួយ​រូប​បន្ថែម​ទៀត​ ។

សូម​រំលឹក​ថា ​ក្រោយ​ពី​មាន​ភាព​មិន​ប្រក្រតី ក្នុង​ការ​ចំណាយ​ថវិកា​មូលនិធិ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ នៅ​ក្រោយ​ការ​ស្រាវជ្រាវ​រួច​មក មន្ត្រី​ ២​រូប​ត្រូវ​បាន អភិបាលខេត្ត​កំពង់ឆ្នាំង​បញ្ចប់​មុខ​តំណែង​ជា​បន្ទាន់​ក្នុង​នោះ ១-លោក ហង្ស ពិសី ពី​នាយក​ទីចាត់ការ​ផែនការ​ និង​វិនិយោគ សាលាខេត្ត​កំពង់ឆ្នាំង មក​ជាមន្ត្រី​ការិយាល័យ​គ្រប់គ្រង បុគ្គលិក ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​កំពង់ឆ្នាំង ។ ២- លោក វ៉ា​ន់ ថេ​ន នាយក​ទីចាត់ការអន្តរ​វិស័យសាលាខេត្ត មក​ជា​មន្ត្រី​ការិយាល័យ​បុគ្គលិក ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត ។​

ដោយឡែក​នៅ​ថ្ងៃ ១៤ ខែសីហា នេះ​ផង​ដែរ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​ដក​មុខ​តំ​ណែងមន្ត្រី​សាលាខេត្ត​មួយ​រូប​ទៀត​គឺ​លោក កែវ វ​ន្នី នាយករង​ទីចាត់ការ​ផែនការ​ និង​វិនិយោគ សាលាខេត្ត​កំពង់ឆ្នាំង ​មក​ជា​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​កំពង់ឆ្នាំង​វិញ ។​ មាន​ន័យ​ថា ​រឿង​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ​រឿង​ចាយប្រាក់​មូលនិធិ​ឃុំ​សង្កាត់​ក្នុង​ខេត្តកំពង់ឆ្នាំង​ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច សម្រាប់​ត្រួតពិនិត្យ​ភាព​មិន​ប្រក​ដី​នៃ​ការ​អនុវត្ត​មក​លទ្ធិ​ឃុំ​សង្កាត់​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី ១៣ សីហា ម្សិលមិញ​នេះ ក្រុមការងារ​ចំពោះ​កិច្ច​បាន​ពិនិត្យ​ស្រាវជ្រាវ ឃុំ​ចំនួន ៥ បន្ថែម​ទៀត ក្នុង​នោះ​ឃុំ ទឹក​ហូត​ស្រុក​រលាប្អៀរ ឃុំ​មេលំ ស្រុក​បរិបូណ៌ ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ឃុំ​សេដ្ឋី​សុខ​សាមគ្គី​មាន​ជ័យ និង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។​លទ្ធផល​យ៉ាងណា​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ។

ពេលណាមានព័ត៌មានប្លែក យើងនឹងផ្សាយជាបន្ត ៕​